កងទ័ពជើងទឹក​អាមេរិក​នៅ ថ្ងៃទី​​ ៣ ខែឧសភា ឆ្នាំ​ ២០២៣ បាន​លើកឡើងថា ត្រឹមតែ​រយៈពេល ១​ សប្ដាហ៍​ប៉ុណ្ណោះ អ៊ីរ៉ង់​បាន​រឹប​​អូស​យក​នាវា​ដឹក​ប្រេង​ជា​លើក​ទី​២ ខណៈដែល​ក្រសួងការបរទេស​​អាមេរិក​បាន​អំពាវនាវ​ឱ្យមាន​ការ​ដោះលែង​នាវា​នោះ​វិញ​។ ហេតុ​​ការណ៍​នេះ​គឺជា​ករណី​មួយ​ក្នុង​ចំ​​ណោម​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​​រឹបអូស​នាវា​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៩​។​

​អង្គភាព​កង​នា​វាទី​ ៥ នៃ​កងទ័ព​​ជើង​ទឹក​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បា​រ៉ែ​ន​បានឱ្យដឹងថា នាវា​ដឹក​ប្រេង​ដែលមាន​ទង់ជាតិ​ប្រទេស​ប៉ា​ណា​ម៉ា​ឈ្មោះថា នី​អូ​វី ​(Niovi) ត្រូវបាន​រឹបអូស​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ិ​ស្លាម​របស់​ប្រទេស​អ៊ីរ៉ង់​ (IRGCN) នៅវេលា​ម៉ោង ​៦ និង ​២០​ នាទី​ព្រឹក ម៉ោង​នៅក្នុង​ស្រុក ខណៈដែល​នាវា​នេះ កំពុងបើក​ឆ្លងកាត់​ច្រក​​សមុទ្រ ហូ​មូស (Hormuz)​។ យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន​​អ៊ីរ៉ង់​ឈ្មោះថា Mizan បាន​រាយ​​ការណ៍​ថា ជាការ​ឆ្លើយតប​រដ្ឋ​​អាជ្ញា​ទីក្រុង​តេ​អេ​រ៉ង់ ​(Tehran)​ បានប្រកាស ថា​នាវា​ដឹក​ប្រេង​នេះ​ត្រូវបាន​រឹបអូស​ដោយយោង​ទៅតាម​ដីកា​របស់​តុលាការ​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ដើម​​បណ្តឹង ប៉ុន្តែ​រដ្ឋអាជ្ញា​ទីក្រុង​តេ​អេ​​រ៉ង់ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​ការ​រឹបអូស​នេះនោះ​ទេ​។​

​គួររំឭកថា ឧប្បត្តិ​ហេតុនេះ​កើតឡើង​បន្ទាប់ពី​ប្រទេសអ៊ីរ៉ង់​បាន​រឹបអូស​នាវា​ដឹក​ប្រេង​ដែលមាន​ទង់ជាតិ​កោះ​ម៉ា​សល ​(Marshall) ឈ្មោះថា Advantage Sweet កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឈូង​​សមុទ្រ​អូ​ម៉​ង់​។ នាវា​ដឹក​ប្រេង​នោះ​កំពុង​ត្រូវបាន​អាជ្ញាធរ​អ៊ីរ៉ង់​​ចាប់​ឃាត់ទុក​នៅ​ទីក្រុង បាន​ដារ អាបាស (Bandar Abbas)​។ នេះ​បើតាម​ការិយាល័យ​ចុះបញ្ជី​ទង់ជាតិ​កោះ​ម៉ា​សល ដែល​បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ​។​


​យោងតាម​ក្រុមហ៊ុន​សន្តិសុខ​​ដែនសមុទ្រ​អង់គ្លេស​ឈ្មោះថា អែម​ព្រៃ (Ambrey) ​បាន​យល់​​ឃើញថា ការ​រឹបអូស​នាវា Advantage Sweet ដោយ​ប្រទេស​​អ៊ីរ៉ង់​​កាលពី​សប្ដាហ៍​មុន គឺជា​ការ​​ឆ្លើយតប​ទៅនឹង​តុលាការ​សហ​​រដ្ឋ​អាមេរិក​ដែល​បានចេញ​ដីកា​រឹបអូស​នាវា​ដឹក​ប្រេង​ដែលមាន​ទង់ជាតិ​របស់​កោះ​ម៉ា​សល ឈ្មោះថា នាវា ស៊ូ​អេស្ស រ៉ា​ចាន (Suez Rajan)​។ នាវា​នោះ​ត្រូវបាន​គេ​ជឿថា ជានា​វា​ដែល​បាន​ដឹក​ប្រេង​ឆៅ និង​ទំនិញ​ផ្សេងៗ​របស់​ប្រទេសអ៊ីរ៉ង់​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​នាវា​ដឹក​ប្រេង​នី​អូ​វី​ដែល​ត្រូវបាន​រឹបអូស​ដោយ​អ៊ីរ៉ង់​ បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ឌូ​បៃ (Dubai) ឆ្ពោះទៅកាន់​កំពង់ផែ ហ្វ៊ូ​ចាយ រ៉ា ​(Fujai rah) ​របស់​ប្រទេស​​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប៉ុន្តែ​កង​ឆ្មាំ​​បដិវត្តន៍​អ៊ិ​ស្លាម​របស់​អ៊ីរ៉ង់​ បាន​បង្ខំ​ឱ្យ​នាវា​នោះ​ផ្លាស់ប្តូរ​ទិសដៅ​ឆ្ពោះទៅកាន់​ដែនទឹក​អ៊ីរ៉ង់​។ យោង​​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​រី​ហ្វ៊ី​នី​ធី​វ (Refinitiv)​ ដែល​បាន​តាមដាន​រាល់​ចលនា​របស់​កប៉ាល់ និង​នាវា​នៅលើ​សមុទ្រ​បាន​បង្ហាញថា នាវា​នី​អូ​វី បាន​រាយការណ៍​ពី​ទីតាំង​របស់ខ្លួន​ចុងក្រោយបង្អស់​នៅ​ម៉ោង ​២ និង ៣១ ​នាទី​ព្រឹក ម៉ោង​នៅក្នុង​ស្រុក​កាលពី​ថ្ងៃ​ពុធ​នៅឯ​ឆ្នេរសមុទ្រ​អូ​ម៉​ង់​ត្រង់​ចន្លោះ​ច្រក​សមុទ្រ​ហូ​មូស​។​


​យោងតាម​ទិន្នន័យ​ដឹកជញ្ជូន របស់​អង្គការ​ដែនសមុទ្រ​អន្តរជាតិ​ (IMO) ម្ចាស់​របស់​នាវា​នី​អូ​វី​គឺជា​ក្រុមហ៊ុន Grand Financing Co ហើយ​នាវា​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម ហ៊ុន​ Smart Tankers ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​​ក្រិ​ក​។ ដោយឡែក​យោងតាម​ទិន្ន​ ន័យ​ពី​ក្រុមហ៊ុន​វិភាគ Vortexa បានឱ្យដឹងថា ប្រហែល ១ ​ភាគ​ ៥ នៃ​ទំនិញ​ប្រេង​ឆៅ និង​ប្រេង​របស់​ពិភពលោក គឺ​ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ​ហូ​មូស ដែលជា​ច្រក​សមុទ្រ​ដ៏​តូចចង្អៀត​រវាង​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​អូ​ម៉​ង់​។​

​កាលពី​ថ្ងៃ​អង្គារ ការិយាល័យ​ចុះបញ្ជី​ទង់ជាតិ​កោះ​ម៉ាស​ល​បាន​រំលេច​ថា​៖ «​សកម្មភាព​យោធា និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ កំពុង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​នាវា​ពាណិជ្ជកម្ម​»​។ ការិយាល័យ​នេះ បាន​បន្តថា​៖ «​ការគំរាមកំហែង​ទាំងនេះ អាច​នឹង​ឈានទៅដល់​ការយល់ច្រឡំ​ណាមួយ​កើតឡើង ឬ​ការកំណត់​អត្ត​ សញ្ញាណ​នាវា​ខុស​ដែល​អាច​នាំឱ្យមាន​ជម្លោះ​ប្រដាប់អាវុធ​បាន​»​។​ចាប់តាំងពី​ឆ្នាំ​ ២០១៩ មាន​ករណី​វាយប្រហារ​ជាច្រើនលើក​បានកើត មាន​ឡើង​ទៅលើ​នាវា​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​នៅ​ឈូង​សមុទ្រ​ក្នុង​តំបន់​ដោយ​បង្កឡើង​ពី​ភាព​តាន​​តឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​​។​

​កន្លងមក​កិច្ចចរចា​ដោយ​ប្រ​​យោល​រវាង​ទីក្រុង​តេ​អេ​រ៉ង់ និង​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់បាន​កើតមាន​ដែរ ដូចជា​ការចរចា​ទៅលើ​ការស្ដារ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ របស់អ៊ីរ៉ង់​​ជាមួយ​មហាអំណាច​ពិភពលោក ដែល​បាន​ជាប់គាំង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០២២ ជុំវិញ​បញ្ហា​ជា​​ច្រើន​ក្នុងនោះ​រួមមាន ការបង្ក្រាប​ដោយ​ហិង្សា​របស់​អ៊ីរ៉ង់​ទៅលើ​បា​តុ​​ករ ការលក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យទៅ​រុស្ស៊ី និង​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ជាដើម​៕