ប្រទេសប៉ាគីស្ថាន និងចិនបានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី បង្កើនល្បឿននៃការសាងសងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានរួមគ្នា និងធ្វើឱ្យកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅទៅលើវិស័យនានាក្នុងនោះមានវិស័យកសិកម្មទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
នៅជំនួយមួយជាមួយប្រធានរដ្ឋ ដែលកំពុងបំពេញទស្សនកិច្ចនិងជារដ្ឋមន្ត្រីការបរទេស Qin Gang កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi បាននិយាយថា ទំនាក់ទំនងមិត្តភាពរវាងប៉ាគីស្ថាន និងចិនបានចាក់ឫសក្នុងមិត្តភាពជាប្រពៃណីដ៏ជ្រាលជ្រៅរវាងប្រជាជនទាំង ២។
លោកប្រធានាធិបតីបាននិយាយថា ស្ថានការណ៍អន្តរជាតិប្រែប្រួលកាន់តែខ្លាំង មិត្តភាពកាន់តែជិតស្និទ្ធ និងរឹងមាំរវាងប្រទេសប៉ាគីស្ថាន និងចិនគួរតែត្រូវបានបង្កើតឡើងហើយ ប្រពៃណីល្អនៃការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំង ២ គួរតែបន្តធ្វើតទៅទៀត។
លោក Alvi បាននិយាយថា ភាគីប៉ាគីស្ថានសរសើរប្រទេសចិនដោយស្មោះត្រង់ចំពោះការគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ អនុវត្តការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ និងជម្លៀសប្រជាជនប៉ាគីស្ថាននៅបរទេស ចេញពីប្រទេសស៊ូដង់ដែលរងប៉ះពាល់ដោយជម្លោះ។
លោកប្រធានាធិបតីរូបនេះ បាននិយាយថា ភាគីប៉ាគីស្ថានទន្ទឹងរង់ចាំបង្កើតកិច្ចខិតខំប្រឹងប្រែងរួមជាមួយចិន ដើម្បីជំរុញទៅរកការស្ថាបនា CPECព្រមទាំងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅទៅវិស័យកសិកម្មការទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រទេសប៉ាគីស្ថានបន្តគោលនយោបាយចិនតែ ១ យ៉ាងម៉ឺងម៉ាត់ និងគាំទ្រប្រទេសចិនទៅលើបញ្ហានានាដែលពាក់ព័ន្ធផលប្រយោជន៍សំខាន់ របស់ខ្លួន ដូចជាបញ្ហាពាក់ព័ន្ធ នឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។
លោកបានបញ្ជាក់ទៀតថា ប៉ាគីស្ថាននឹងប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិកចិន និងស្ថាប័ន នានានៅក្នុងប្រទេសប៉ាគីស្ថាន និងត្រៀមជាស្រេច ដើម្បីធ្វើការជាមួយចិន ដើម្បីសន្តិភាព និងការស្ថាបនាឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សម្រាប់ខាងលោក លោក Qin បាននិយាយថា ប្រទេសចិន និងប៉ាគីស្ថាន គឺជាដៃគូសហការជាយុទ្ធសាស្ក្រគ្រប់កាលៈទេសៈ ដោយបានបញ្ជាក់ថា ការពង្រឹង និងការធ្វើឱ្យមិត្តភាពទ្វេភាគីដ៏រឹងមាំប្រសើរឡើងគឺជាអាទិភាពសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំង ២។
ដោយសង្កត់ធ្ងន់ថា ចិនតែងតែឈរយ៉ាងរឹងមាំជាមួយប៉ាគីស្ថាន លោក Qin បាននិយាយថា ភាគីចិនគាំទ្រសាមគ្គីភាព ស្ថិរភាពការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសប៉ាគីស្ថាន ហើយគាំទ្រប៉ាគីស្ថានក្នុងការការពារឯករាជ្យជាតិអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
លោក Qin បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការរួមដៃជាមួយប៉ាគីស្ថាន ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមគ្នាទប់ទល់នឹងហានិភ័យ និងបញ្ហាប្រឈមខាងក្រៅព្រមទាំងលើកកម្ពស់សហគមន៍ចិន-ប៉ាគីស្ថានប្រកបដោយស្ថិរភាពជាមួយនឹងអនាគតរួមគ្នា។
លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះបាននិយាយទៀតថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប៉ាគីស្ថាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ពន្លឿនការកសាង CPEC ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ និងជួយប្រទេសប៉ាគីស្ថានស្តារសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោក Qin បាននិយាយថា ប្រទេសចិន និងប៉ាគីស្ថានគួរតែពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ដោយបន្ថែមថា ប្រទេសចិនលើកទឹកចិត្តសិស្សប៉ាគីស្ថានឆ្នើមបន្ថែមទៀតឱ្យទៅសិក្សានៅប្រទេសចិន។
លោកបានបន្ថែមថា ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយភាគីប៉ាគីស្ថានលើបញ្ហាអាហ្វហ្គានីស្ថាន ដើម្បីលើកកម្ពស់សន្តិភាព និងការកសាងឡើងវិញនៅអាហ្វហ្គានីស្ថាន និងរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕