មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា អង្គការកំពុងអំពាវនាវសុំថវិកាចំនួន ២,៥៦ ប៊ីលានដុល្លារ ដើម្បីផ្គត់ផ្គង់តម្រូវការជំនួយមនុស្សធម៌ដល់ប្រជាជនរងផលប៉ះពាល់ដោយសារតែជម្លោះរ៉ាំរ៉ៃក្នុងប្រទេសស៊ូដង់។
ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Ramesh Rajasingham បាននិយាយថា៖ «ឥឡូវនេះ ប្រជាជន ២៥ លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ។ នេះគឺជាចំនួនខ្ពស់បំផុតដែលយើងមិនធ្លាប់ជួបប្រទះក្នុងប្រទេសនេះ»។
លោកបន្តថា៖«តម្រូវការថវិកាជិត ២,៦ ប៊ីលានដុល្លារ ក៏ជាកម្រិតខ្ពស់បំផុត សម្រាប់ការអំពាវនាវសុំជំនួយមនុស្សធម៌សម្រាប់ស៊ូដង់»។
គួរបញ្ជាក់ថា ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាទាហានយោធាបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដែលគំរាមកំហែងដល់អស្ថិរភាពក្នុងតំបន់ ដែលធ្វើឱ្យមានការជម្លៀសខ្លួនមនុស្សជាង ៧០០ ០០០ នាក់នៅក្នុងប្រទេសស៊ូដង់ និងបង្ខំឱ្យមនុស្សប្រហែល ២០០ ០០០ នាក់ ភៀសខ្លួនទៅប្រទេសជិតខាង។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលធ្វើការអំពាវនាវរួមគ្នាជាមួយទីភ្នាក់ងារផ្តល់ជំនួយ កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនកំពុងអំពាវនាវរកប្រាក់ចំនួន ៤៧២ លានដុល្លារ ដើម្បីជួយដល់ប្រជាជនជាង១ លាននាក់ក្នុងរយៈពេល៦ខែខាងមុខ។
ជំនួយការឧត្តមស្នងការទទួលបន្ទុកប្រតិបត្តិការរបស់ UNHCR លោកRaouf Mazouបានថ្លែងថា៖«គួរឱ្យសោកស្តាយ យើងត្រូវការអំពាវនាវជាថ្មីម្តងទៀត ដល់ប្រទេស និងបុគ្គល ដែលមានមធ្យោបាយក្នុងការជួយប្រជាជនស្លូតត្រង់ ដែលបានបាត់បង់អ្វីៗគ្រប់យ៉ាងទាំងគ្មានកំហុស»។
គិតមកទល់ពេលនេះ ជម្លោះស៊ូដង់បានអូសបន្លាយអស់រយៈពេលជាង១ខែទៅហើយ ដោយការប្រយុទ្ធគ្នារួមមានទាំងការវាយប្រហារតាមអាកាសនៅតែកើតមានក្នុងរដ្ឋធានីខាទុំ និងទីក្រុងផ្សេងៗទៀតកាលពីថ្ងៃអង្គារ ទោះបីជាមានការចរចាគ្នារវាងភាគីជម្លោះទាំង២ ដែលសម្របសម្រួលដោយអារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក ក្នុងគោលបំណងបើកផ្លូវដល់ជំនួយមនុស្ស និងស្វែងរកដំណោះស្រាយសន្តិភាព រួមមានទាំងបទឈប់បាញ់ក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ចំណែកឯសហភាពក្រុមគ្រូពេទ្យស៊ូដង់វិញ បានឱ្យដឹងកាលពីថ្ងៃអង្គារ មនុស្សយ៉ាងហោចណាស់ ៨២២ នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះមកទល់ពេលនេះ ខណៈជាង ៣ ២០០ នាក់ផ្សេងទៀត បានរងរបួស៕