បេសកជនពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Volker Perthes បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ (UNSC) កាលពីថ្ងៃចន្ទថា ការប្រយុទ្ធគ្នានៅស៊ូដង់ អាចវិវត្តក្លាយទៅជាជម្លោះជាតិសាសន៍ ប្រសិនបើភាគីជម្លោះមិនគោរពតាមបទឈប់បាញ់។
លោក Perthes ថ្លែងយ៉ាងដូច្នេះថា៖ «ការកើនឡើងនៃការជាប់ពាក់ព័ន្ធនឹងជាតិសាសន៍នៅក្នុងការប្រយុទ្ធគ្នានេះ មានហានិភ័យក្នុងការពង្រីក និងអូសបន្លាយជម្លោះ ដែលនឹងប៉ះពាល់ដល់តំបន់»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការព្រមានរបស់លោក Perthes ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលបទឈប់បាញ់រយៈពេល១សប្ដាហ៍ រវាងភាគីជម្លោះទាំង២ រួមមានកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ចូលជាធរមាននៅយប់ថ្ងៃចន្ទ។
លោកបន្តថា មានសញ្ញារួចហើយកាលពីខែមុន ដែលការប្រយុទ្ធកំពុងគំរាមកំហែងបំបែកប្រទេសទៅតាមជាតិសាសន៍ និងសហគមន៍ ហើយបញ្ហានេះ កំពុងកើនឡើងថ្មីៗនេះ។
លោក Perthes បានគូសបញ្ជាក់ថា៖«នៅតំបន់ខ្លះនៃប្រទេស ការប្រយុទ្ធគ្នារវាងកងប្រដាប់អាវុធទាំង២ បានឈានដល់ភាពតានតឹងសហគមន៍ ឬបង្កជម្លោះរវាងសហគមន៍ផ្សេងៗគ្នា»។ លោកបន្តថា៖ «សញ្ញាព្រមានផ្សេងៗនៃការប្រមូលកម្លាំងតាមកុលសម្ព័ន្ធ ក៏ត្រូវបានរាយការណ៍ផងដែរនៅតំបន់ផ្សេងៗនៃប្រទេស ជាពិសេសនៅតំបន់South Kordofan»។
បេសកជនពិសេសអង្គការសហប្រជាជាតិដដែល បានថ្លែងទៀតថា បទឈប់បាញ់ គឺជាអទិភាពកំពូលរបស់អង្គការ ហើយការទប់ស្កាត់ការកើនឡើងនៃជម្លោះជាតិសាសន៍ គឺជាអាទិភាពបន្ទាប់។
លោក Perthes បានហៅបទឈប់បាញ់ ដែលភាគីជម្លោះបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ក្រោមការសម្របសម្រួលរបស់អារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក ថាជាការវិវឌ្ឍវិជ្ជមាន ទោះបីជាការប្រយុទ្ធគ្នានៅតែបន្តកើតមានមកទល់នឹងថ្ងៃចន្ទក៏ដោយ។
លោកបានអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីបើកផ្លូវឱ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌និងការពារបុគ្គលិក និងរបស់របរជំនួយមនុស្សធម៌ផ្សេងៗ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ការប្រយុទ្ធគ្នានៅស៊ូដង់ បានអូសបន្លាយអស់រយៈពេលជាង១ខែមកហើយ។
ជម្លោះនេះ បានធ្វើឱ្យមនុស្ស ១,១ លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសំបែង ដោយជាង ២,៥ សែននាក់ បានភៀសខ្លួនទៅជ្រកកោននៅប្រទេសជិតខាង ដោយបង្កើតឱ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមកំហែងដល់អស្ថិរភាពក្នុងតំបន់៕