នៅថ្ងៃទី ២៣ ​ខែឧសភា​ ឆ្នាំ ២០២៣ ​នាយករដ្ឋមន្រ្តីក្រិក ​​លោក ​គីរៀកូស ​មិតសូតាគីស ​(Kyriakos Mitsotakis)​ នឹង​ត្រូ​វ​ទទួល​ភារៈ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ក្នុង​អាណត្តិថ្មី ​ដោយ​ហេតុថា​ក្រោយការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ​គណបក្ស​របស់​លោក​ បាន​បរាជ័យ​ក្នុង​ការ​ទទួលបាន​ជ័យជម្នេះ​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត។

គួរបញ្ជាក់​ផងដែរថា​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ​(New Democracy Party) ​របស់​លោក ​មិត​សូតាគីស​ ទទួល​បាន​សំ ឡេង​គាំទ្រ​ចំនួន​ ៤០,៨​ ភាគរយ​ធៀប​ទៅនឹង​ ២០​ ភាគរយ​សម្រាប់​គណបក្ស​ប្រឆាំង​ឆ្វេង​និយម​ឈ្មោះថា​គណបក្ស​ស៊ីរីហ្សា​ (Syriza)។​


បើទោះបី​មិនអាច​បង្កើត​រដ្ឋាភិបាល​ឯកបក្ស​ បាន​ក៏ដោយ​ ប៉ុន្តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​លើកនេះ​ក៏​អាច​ចាត់ទុក​ថា​ជា​ជោគជ័យ​មួយ​សម្រាប់​ លោក​ មិតសូតាគីស​ព្រោះ​កន្លងមក​ រដ្ឋបាល​របស់​លោកត្រូវ​បាន​វាយ​ប្រហារ​ពី​មតិ​សា ធារណៈ​ជុំវិញ​រឿង​អាស្រូវជា​ច្រើន​ក៏ដូចជា​ការ​ដោះស្រាយ​បញ្ហា​ជំងឺរា​តត្បាត​កូវីដ១៩ ​វិបត្តិតម្លៃ​ទំនិញ​នៅទី​ផ្សារឡើងថ្លៃ​ និង​ព្រឹត្តិការណ៍​រថភ្លើង​ធ្លាក់ផ្លូវ​ដ៏គួរ​ឱ្យរន្ធត់​កាល​ពីខែកុម្ភៈ​កន្លងទៅ ​ដែល​ហេតុការណ៍នេះ​ផងដែរ​ បាន​ធ្វើឱ្យ​សាធា រណៈ​ជន​ មាន​ការ​ខឹង​សម្បា​យ៉ាងខ្លាំង​។​

នៅក្រោម​ប្រព័ន្ធបោះឆ្នោត​ថ្មី​របស់​ប្រទេស​ក្រិក ​លោក ​មិតសូតាគីស​ បាន​បរាជ័យ​ក្នុងការ​យកឈ្នះ​ទាំងស្រុង​ដោយ​លោក​ទទួល​បាន​តែ ​១៤៦​អាសនៈ​នៅក្នុង​សភាដែល​មាន​សមាជិក​សរុប​ចំនួន​ ៣០០ ​អាសនៈ ​ពោល​គឺលោក​ត្រូវ​រក​ឱ្យបាន​ ១៥១ ​អាសនៈ​ឡើងទៅ ​ទើបអាច​គ្រប់គ្រង​ប្រទេស​តាមរយៈ​ការបង្កើត​រដ្ឋាភិបាល​ដោយ​ឯកបក្ស​បាន។​


ប្រធានាធិបតី​ក្រិក ​លោក​ស្រី​កាតេរីណា ​សាកេឡារ៉ូពូលូ​ (Katerina Sakellaropoulou)​ ដែលជា​ប្រមុខ​រដ្ឋ​ត្រូវ​បាន​គេរំពឹងថា​នឹង​អញ្ជើញ​លោក ​មិតសូតាគីស​ដើម្បី​ប្រជុំ​ពិភាក្សា​ ហើយលោក​ស្រី​នឹង​ទុក​រយៈពេល​៣ថ្ងៃ​ឱ្យ​លោក​ដើម្បី​ដឹកនាំ​ការ​ចរចាជា​មួយ​គណបក្ស​ផ្សេងទៀត ​ដើម្បី​ចងជា​សម្ព័ន្ធភាព​ និង​ទទួល​បាន​អាសនៈ​បន្ថែម​ឱ្យ​គ្រប់​ចំនួន​និង​ឈានទៅរក​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​បាន។

ក្នុង​ករណី​ដែល​ការ​ចរចា​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ​មិន​ទទួល​បាន​ជោគជ័យ​ជា​មួយ​គណបក្ស​ទី២​ ឬ​ទី៣​ នោះទេ ​នោះ​គណបក្ស​ស៊ីរីហ្សា ​និង​គណបក្ស​ប៉ាសុក​ (PASOK) ដែលជា​គណបក្ស​ទទួល​បាន​សំឡេង​ចំណាត់​ថ្នាក់​ទី២ ​និងទី៣ ​នោះ ​ក៏​នឹង​ទទួល​បាន​រយៈពេល ​៣ ថ្ងៃដូច​គ្នាក្នុង​ការ​ចរចា​ជា​មួយ​គណបក្ស​ដទៃ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះបាន។​ប្រសិន​បើគ្មាន​គណបក្សណា​ជោគជ័យ​ក្នុងការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បា​នទេនោះ​ លោកស្រី សាកេ ឡារ៉ូពូលូ ​នឹង​តែងតាំង​រដ្ឋាភិបាល​ចាំផ្ទះ​សិន​ហើយ​នឹង​រៀប​ចំ​ការ​បោះឆ្នោត​សាជាថ្មី​នៅរយៈពេល​១ ខែក្រោយ​ខាងមុខ។​

គួររំឭកថា​ កាល​ពីថ្ងៃអាទិត្យ ​លោក ​មិតសូតាគីស​ បាន​លើកឡើងថា ​ប្រជាពលរដ្ឋ​បាន​ផ្តល់​សេចក្ដី​ទុកចិត្ត​ដល់​លោក ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិថ្មី។​ លោក​បាន​រំលេចថា​ លោក​ទំនងជា​មិន​ចូល​រួម​សម្ព័ន្ធភាព​ជា​មួយ​គណបក្ស​ណា​មួយ​ឡើយ។​

ការមើល​ឃើញ​របស់​លោក ​មិតសូតាគីស​ បានផ្ដោត​ទៅលើ​សន្លឹកឆ្នោត​ទី២​ដែលនឹង​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​តំណាង​ពាក់​កណ្តាល​សមាមាត្រ​ ជា​មួយ​នឹង​ឱកាស​ទទួល​បាន​អាសនៈ​បន្ថែមទៀត​ដូច្នេះ​វា​ជាការ​ជួយ​បង្កើន​លទ្ធភាព​ឱ្យ​គណបក្ស​របស់​លោក​នឹង​ទទួល​បាន​ជ័យជម្នេះ​ដោយ​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​បាន។​

កាលពីថ្ងៃ​អាទិត្យ​ដដែល ​លោក ​មិតសូតាគីស ​បាន​ថ្លែង​បន្ទាប់​ពីដឹង​លទ្ធផល​ថា ​លោក​នឹង​ឈ្នះឆ្នោត​ថា «ដូច​ដែល​យើងបាន​ដឹងទាំងអស់​គ្នា​តាម​រយៈ​លទ្ធផល​បោះឆ្នោត​ហើយថា​ ប្រជាពល​រដ្ឋ ចង់​បាន​រដ្ឋាភិបាល​ដឹកនាំ​ដ៏រឹងមាំ​មួយ​ក្នុងអាណត្តិថ្មី​ រយៈពេល ​៤ឆ្នាំ​ទៅខាង​មុខ ​ដើម្បី​អនុវត្ត​កំណែ​ទម្រង់​ឱ្យកាន់តែ​ប្រសើរ​ឡើង​»៕​