បន្ទាប់ពី​មានការ​គាបសង្កត់​ពី​សហគមន៍​អន្តរជាតិ ភាគីជម្លោះ​នៅ​ប្រទេស​ស៊ូដង់ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រយៈពេល​ ​១ សប្ដាហ៍ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​អនុញ្ញាតឱ្យ​ភ្នាក់ងារ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ អាច​ដឹក​ចូលក្នុង​ប្រទេស បាន និង​ចែកចាយ​ជូន​ដល់​តំបន់​ដែល​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​។​

​គួរ​បញ្ជាក់ដែរថា ការប្រយុទ្ធគ្នា​បានកើត​ឡើង​រវាង​កង​ទ័ព​ស៊ូដង់​ដែល​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​អាប់​ដេ​ល ហ្វា​តា អាល់​បឺ​ហាន ​(Abdel Fattah alBurhan)​ ប្រឆាំងនឹង​ក្រុម​​ទាហាន​ជំនួយ​រហ័ស ឬ​ហៅកាត់​ថា RSF ដែល​ដឹកនាំ​ដោយ​អតីត​អនុប្រធាន​របស់លោក បឺ​ហាន គឺ​លោក ម៉ូ​ហា​មេ​ដ ហាម​ដាន ដា​ហ្កា​ឡូ (Mohamed Hamdan Dagalo)​។ ជា​លទ្ធផល​បណ្ដោះ​​អាសន្ន មនុស្ស​ជាង ១​ លាន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស ហើយ​រាប់លាន​នាក់​ទៀត​បាន​បាត់បង់​លទ្ធភាព​ទទួលបាន​ការ​ប្រើប្រាស់​ទឹក អគ្គិសនី និង​សេវា​សុខាភិបាល​។​

​យ៉ាងណាក៏ដោយ ភ្នាក់ងារ​ផ្តល់ជំនួយ​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូចេញ​ធ្វើ​ប្រតិបត្តិការ​យ៉ាងសកម្ម ចំពេល​ដែល​ការ​ប្រ​យុទ្ធ​គ្នាកំពុង​ប្រព្រឹត្តទៅ ដោយពេល​ខ្លះពួកគេ​ក៏ត្រូវ​បាន​វាយ​ប្រហារ​ពី​សំណាក់​ភាគី​ជម្លោះ​ផងដែរ​។​


កាលពី​ចុង​សប្តាហ៍​កន្លងទៅ ក្រុមអ្នកកាសែត​ស៊ូដង់បាន​ចោទប្រកាន់​ក្រុម​ទាហាន​ជំនួយ​រហ័សពីបទ​ប្លន់ និង​វាយប្រហារ​អ្នកកាសែត​កាលពី​សប្តាហ៍​មុន​។​

​ក្រុមអ្នកកាសែត​នេះ បាន​លើកឡើងថា​៖ «​លោក អា​ម៉េ​ដ ហ្វា​ដូ​ល (Ahmed Fadol)​ អ្នកយកព័ត៌មាន និង​លោក រ៉ា​ស៊ីដ ជី​ព្រី​ល (Rashid Jibril)​ អ្នក​ថត​វីដេអូ​ឯករាជ្យ​នៅ​ស្ថាប័ន​សារព័ត៌មាន AlJazeera និង​សាច់ញាតិ​របស់​ពួកគេ ត្រូវបាន​វាយ​ធ្វើបាប ដោយ​ពួកក្រុម​ទាហាន​ជំនួយ​រហ័ស ខណៈដែល​ពួកគេ​កំពុងស្ថិត​នៅក្នុង​ផ្ទះល្វែង​មួយ​កាល​ពី​សប្តាហ៍​មុន​»​។​


​ក្រុមអ្នកកាសែត​ខាងលើ​ដដែល​បានលើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «​យើង​សូម​បដិសេធ​ទាំងស្រុង នូវ​រាល់​ការកំណត់​គោលដៅ​វាយប្រហារ និង​ការបង្ក​ការ​ភ័យខ្លាច​ដល់​អ្នកកាសែត​គ្រប់​ទម្រង់​រូបភាព ហើយ​ភាគី​ប្រដាប់អាវុធ​ទាំងអស់​ត្រូវមាន​តួនាទី​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ ជា​ពិសេស គឺ​ពេលដែល​ពួកគេ​កំពុងធ្វើការ​ក្នុងស្ថានភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​»​។​

​សូមជម្រាបថា ពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​រស់នៅ​ភាគ​​ខាងជើង​ក្នុង​ទីក្រុង បារី ខា​ទួម (Bahri Khartoum) និង​តំបន់​ផ្សេងៗ​ដែល​ស្ថិតនៅ​ជុំវិញ​ទីក្រុង​នេះ បាននិងកំពុង​ជួបប្រទះ​ការ​ដាច់​ចរន្តអគ្គិសនី និង​ដាច់ទឹក​ប្រើប្រាស់​យ៉ាង ធ្ងន់ធ្ងរ​។​

​ដោយឡែក កាលពី​សប្តាហ៍ មុន នៅ​រដ្ឋ​ដា​ហ្វើ​រ ខាងលិច ​(West Darfur)​ អ្នកកាសែត​ម្នាក់​ឈ្មោះថា អ៊ី​ណា​ម អេ​ល​ណួ (InaamElnour)​ បាន​រងរបួស​ជា​ទម្ងន់ ហើយ​បងប្អូន​​ប្រុស​របស់​នាង​ ៣ ​នាក់​ទៀត​ ត្រូវបាន​សម្លាប់​ដោយសារតែ​គ្រាប់ផ្លោង ​១ គ្រាប់​បាន​ធ្លាក់ចំ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង​អេ​ល​ហ្គ៊ី​ណា​ណា ​(elGeinana)​។​

​រីឯ​នៅ​ទីក្រុង​ណេ​យ៉ា​ឡា (Neyala) វិញ​អ្នកកាសែត​ ២​ នាក់ ​ត្រូវបាន​រំលោភបំពាន ដោយ​ម្នាក់​ឈ្មោះថា ខា​លី​ហ្វ ហ្សា​រ៉ា​ហ្វ​ (Khalid Sharaf)​ បាន​រងរបួស​នៅលើ​ដៃ និង​ជើង ដោយសារតែ​បំណែក​នៃ​ការផ្ទុះ​គ្រាប់​មី​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ ហើយ​ម្នាក់ទៀត​ឈ្មោះថា អេ​សា ដា​ហ្វា​ឡាស (Eissa Dafaallah) ​ត្រូវបាន​ចាប់ខ្លួន និង​វាយដំច្រំធាក់​ដោយ​ក្រុម​ទាហាន​ជំនួយ​​រហ័ស នៅ​ខណៈពេលដែល​លោក​កំពុង​ចូលទៅ​យក​ព័​ត៌​មាន​អំពី​ការ​លួច​ទ្រព្យសម្បត្តិ និង​ការដុត​ផ្សារ​ ១ ​កន្លែង​។ ក្រោយមក ដា​ហ្វា​ឡាស ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​ត្រូវបាន​គេ​ចោទប្រកាន់ថា លោក​បានធ្វើការ​បម្រើឱ្យ​អង្គភាព​ស៊ើបការណ៍​របស់​កងទ័ព​សត្រូវ​។​

​អ្នកកាសែត​ក្នុងស្រុក​មួយចំនួនទៀត ដែល​ខ្លះ​ធ្វើការ​ជា​​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ត្អូញត្អែរថា ឈ្មោះ​របស់​ពួកគេ​ត្រូវ​បានដាក់​ក្នុង​បញ្ជី​ជន​ក្បត់ ដោយ​ចោទប្រកាន់​ពួកគេ​ថា បាន​គាំទ្រ​ក្រុម​ទាហាន​ជំនួយ​រហ័ស​។ គិត​ចាប់​ពីថ្ងៃ​ទី​ ១៥ ខែមេសា ឆ្នាំ ២០២៣ មាន​មនុស្ស​ចំនួន ២ ០០០​ នាក់ ហើយ​ដែល​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ភាគី​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ២៕