មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងនឹងឥណ្ឌា ចំពោះការរៀបចំកិច្ចប្រជុំទេសចរណ៍នៃក្រុមប្រទេសទាំង ២០ (G20) ក្នុងតំបន់ជម្លោះមួយនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បាតុករជាច្រើននាក់ បានធ្វើបាតុកម្មនៅទីក្រុង Muzaffarabad រដ្ឋធានីនៃតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន និងទីក្រុងផ្សេងៗទៀត ទាំងស្រែកថា «ចេញទៅឥណ្ឌា! ត្រឡប់ទៅវិញ ហើយធ្វើពហិការទៅ! ធ្វើពហិការ G20 ទៅ!»។
គួរគូសបញ្ជាក់ថា ក្រុងញូវដែលី កំពុងរៀបចំកិច្ចប្រជុំទេសចរណ៍ G20 នៅទីក្រុង Srinagar ក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ដែលរងនូវការប្រឆាំងទាំងពីប៉ាគីស្ថាន និងចិន ដែលជាសមាជិកមួយរបស់ G20។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto Zardari បានចុះទៅតំបន់កាស្មៀរ ហើយបានថ្លែងទៅកាន់សភានីតិបញ្ញត្តិរបស់កាស្មៀរកាលពីថ្ងៃចន្ទ។ ជាថ្មីម្ដងទៀត លោកបានចាត់ទុកការរៀបចំកិច្ចប្រជុំ G20 របស់ឥណ្ឌាថា ខុសច្បាប់ ហើយជាការប៉ុនប៉ងរបស់ឥណ្ឌា ដើម្បីស្វែងរកភាពស្របច្បាប់លើការគ្រប់គ្រងរបស់ខ្លួននៅក្នុងតំបន់ជម្លោះ។
លោក Bhutto Zardari បាននិយាយថា ឥណ្ឌាកំពុងប្រើប្រាស់តួនាទីក្នុងឋានៈជាប្រធាន G20 ដើម្បីសម្រេចកិច្ចការរបស់ខ្លួន ហើយលោកជំរុញឱ្យពិភពលោកយកចិត្តទុកដាក់ពីការរំលោភសិទ្ធិមនុស្សរបស់ទីក្រុងញូវដែលីរាប់ចាប់តាំងពីឥណ្ឌាលុបចោលងារពិសេសរបស់កាស្មៀរ ហើយរាប់តំបន់នេះថា ជាទឹកដីសហព័ន្ធឥណ្ឌាក្នុងឆ្នាំ ២០១៩។
កិច្ចប្រជុំទេសចរណ៍ G20 នាពេលនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិលើកដំបូង រាប់តាំងពីជំហានឆ្នាំ ២០១៩ របស់រដ្ឋាភិបាលឥណ្ឌា។ ជុំវិញការវិវឌ្ឍចុងក្រោយនេះ ឥណ្ឌាមិនបានចេញប្រតិកម្មយ៉ាងណានោះទេ ប៉ុន្តែកន្លងមកបានច្រានច្រោលការប្រឆាំងរបស់ប៉ាគីស្ថាន និងចិន ហើយសង្ឃឹមថា កិច្ចប្រជុំនឹងជួយធ្វើឱ្យទេសចរណ៍អន្តរជាតិក្នុងតំបន់ងើបឡើងវិញ។
គួររំឭកថា ប៉ាគីស្ថាន និងឥណ្ឌា ដែលជាប្រទេសប្រដាប់ដោយនុយក្លេអ៊ែរដូចគ្នា មានទំនាស់លើតំបន់កាស្មៀរ ដោយទាមទារដែនដីនេះទាំងមូលរៀងៗខ្លួន។ ប្រទេសទាំង ២ ដែលបែងចែកគ្នាគ្រប់គ្រងតំបន់កាស្មៀរមួយផ្នែកម្នាក់ បានធ្វើសង្គ្រាមជាមួយគ្នា៣ដងចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧ ដោយការប្រយុទ្ធចំនួន ២ ក្នុងចំណោមនោះ ស្ថិតនៅលើតំបន់កាស្មៀរ៕