ក្រុមហ៊ុន ​Adobe ​កាលពី​ថ្ងៃអង្គារ​ ទី ២៣​ ខែឧសភា ​ឆ្នាំ ២០២៣ ​បាន​ប្រកាស​ច្របាច់​បញ្ចូល​មុខងារ ​AI ដែល​អនុញ្ញាត​ឱ្យអ្នក​ប្រើប្រាស់​អាចបំប្លែង​រូបភាព​ដោយ​គ្រាន់តែ​វាយ​បញ្ចូល​អក្សរ​ ឬ​សារ​មួយ​ចូលទៅ​ក្នុងកម្មវិធី​ Photoshop​ ប៉ុណ្ណោះ។ ​ការណ៍នេះ​ធ្វើឱ្យ ​Adobe​ ក្លាយជាក្រុ​មហ៊ុន​ផលិតកម្ម​វិធី​ចុងក្រោយ​បង្អស់​ទទួល​យក​និង​ពឹង​ផ្អែក​លើ​បញ្ញា​សិប្បនិម្មិត​។

មុខងារ​បញ្ចូលថ្មីនេះ​មាន​ឈ្មោះថា ​Firefly​ ហើយក្រៅតែ​ពីបំប្លែង​អក្សរទៅជា​រូបភាព​មុខងារ​ថ្មីនេះ​ក៏​អាច​លុបផ្នែក​ណាមួយចេញ​ពី​រូបភាព​និង​មាន​សមត្ថភាព​ផ្គូរ​ផ្គង​ពន្លឺជា​មួយ​នឹង​រចនា​ប័ទ្ម​ ​របស់​រូបភាព​ដែលមាន​ស្រាប់ដោយ​ស្វ័យប្រវត្តិ។ ​នេះបើតាម​អ្វីដែល​ក្រុមហ៊ុន​ Adobe​ បាន​បញ្ជាក់​។

បច្ចុប្បន្ន​មុខងារនេះ​ស្ថិត​នៅក្នុង​ដំណាក់​កាលដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ឬ​បេតា​របស់ ​Photoshop។ ក្នុងដំណាក់​កាល​ដាក់សាកល្បង​ឧបករណ៍ថ្មីនេះ​មាន​ការរឹតត្បិត​មួយ​ចំនួន​ដូចជា​ការ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​មនុស្ស​ក្រោមអាយុ ​១៨ឆ្នាំ​ និង​នៅ​ក្នុង​ប្រទេសចិន​ហើយវា​អាច​ប្រើប្រាស់​បាន​តែ​ក្នុង​ភាសា​អង់គ្លេស​តែ១ គត់​។


គួរជម្រាបថា ​Adobe ​មិនមែន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដំបូង​ដែល​បញ្ចូល​ឧបករណ៍ ​AI ចូលទៅ​ក្នុង​កម្មវិធី​របស់​ខ្លួននោះទេ​ពោលគឺជា​ការ​ដើរតាម​គន្លង​របស់​ក្រុមហ៊ុន​យក្ស​Google​ និង ​Microsoft ដែល​ក្រុមហ៊ុន​ទាំង ​២នេះ ​បាន​បញ្ចូល​មុខងារ ​AI ថ្មីៗទៅ​ក្នុង​កម្មវិធី​ស្វែង​រក​ក៏​ដូច​ជា​មុខងារ​ AI ផ្តល់​សេវាកម្ម​សារឆ្លង​ឆ្លើយ​ជា​មួយ​អ្នក​ប្រើប្រាស់​។

Adobe ​បាន​ចាប់ផ្តើម​សាកល្បង ​Firefly​ នៅក្នុង​ខែ​មីនា​ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះបាន​និយាយ​ថា​ខ្លួន​បាន​ពិសោធន៍​ ​មុខងារ​កែ​សម្រួល​ដែល​ដំណើរការ​ដោយ AI​ នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។


គួរ​បញ្ជាក់ថា​ការ​រីកចម្រើន​ដ៏ខ្លាំងក្លា​នៃ​បច្ចេកវិទ្យា ​AI​ ឬ​បញ្ញា​សិប្បនិម្មិត​គឺជា​ក្តី​កង្វល់​ធំមួយ​ក្នុង​នោះ​អ្នក​ជំនាញ​ជាច្រើន​ក៏បាន​គំរាម​អំពី​សមត្ថភាព​របស់វា​ក្នុងការ​ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស។​ តាម​របាយ​ការណ៍​ថ្មីមួយ​បាន​បង្ហាញថា​បញ្ញា​សិប្បនិម្មិត​នឹង​ប៉ះពាល់​ដល់​ការងារ​នៅ​សហ​រដ្ឋអា​មេរិក​រហូត​ដល់ ​៨០​ភាគរយ​។

ជា​ឧទាហរណ៍​ កាលពី​ដើមឆ្នាំនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហ​រដ្ឋ​អាមេរិក​ IBM ​បាន​ប្រកាសថា​ ខ្លួននឹង​ជ្រើស​រើសតែ​បុគ្គលិក​សម្រាប់​តួនាទី​ផ្តល់​សេវាកម្មដ​ល់​អតិថិជន​ប៉ុណ្ណោះ ​ហើយ​ AI នឹងជំនួស​ការងារ​ក្នុង​ក្រុមហ៊ុននេះ​ប្រមាណ ​៧៨០០ ​កន្លែង​៕