ទីភ្នាក់ងារចារកម្មលោកខាងលិច និងក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាមីក្រូសូប (Microsoft) បានអះអាងកាលពីថ្ងៃពុធ ទី ២៤ ឧសភាថា ក្រុមហែកឃឺរ (Hacker) ឧបត្ថម្ភដោយរដ្ឋចិនមួយក្រុម បាននិងកំពុងធ្វើចារកម្មឬស៊ើបការណ៍លើប្រព័ន្ធស្ថាប័នហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក ចាប់តាំងពីវិស័យទូរគមនាគមន៍ រហូតដល់វិស័យដឹកជញ្ជូន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនមីក្រូសូបបានអះអាងក្នុងរបាយការណ៍មួយនៅលើប្លុគរបស់ខ្លួនថា ចារកម្មរបស់ក្រុមហែកឃើរ ចិន ដែលមានឈ្មោះ Volt Typhoon ក៏បានកំណត់គោលដៅលើទឹកដីកោះ ហ្គាំម (Guam) របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទ័ពដ៏សំខាន់ជាយុទ្ធសាស្ត្រផងដែរ។
ក្រុមហ៊ុនមីក្រូសូប បានគូសបញ្ជាក់អំពីតួនាទីសំខាន់ដែលប្រតិបត្តិការតាមអ៊ីនធឺណិតអាចដើរតួក្នុងការប្រកួតប្រជែងអំណាច និងជម្លោះដែនដីនៅប៉ាស៊ីហ្វិក រវាងអាមេរិក និងចិននាពេលអនាគត ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានបង្កើនអំណាចរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកតាមរយៈសកម្មភាពផ្សេងៗ ដែលមន្ត្រីអាមេរិកចាត់ទុកថាជាការពង្រីកខ្លួនដ៏គួរឱ្យព្រួយបារម្ភពីទីក្រុងប៉េកាំង។
អ្នកវិភាគរបស់ក្រុមហ៊ុនមីក្រូសូប បានឱ្យដឹងទៀតថា ក្រុម Volt Typhoon កំពុងអភិវឌ្ឍសមត្ថភាពដែលអាចរំខានដល់ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងសំខាន់ៗរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ី ក្នុងអំឡុងពេលវិបត្តិនាពេលអនាគត។ អ្នកវិភាគលើកឡើងថា ក្នុងសេណារីយោ ដែលចិនចូលឈ្លានពានតៃវ៉ាន់ ក្រុមហែកឃើររបស់ខ្លួន អាចធ្វើការវាយប្រហារលើបណ្ដាញទំនាក់ទំនងយោធារបស់អាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់។
គេមិនច្បាស់ថា មកទល់ពេលនេះ មានប្រព័ន្ធស្ថាប័នហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗប៉ុន្មានទេដែលរងផលប៉ះពាល់ពីចារកម្មរបស់ក្រុមចារកម្មចិន ប៉ុន្តែក្រុមហ៊ុនមីក្រូសូបបានអះអាងបន្ថែមថា Volt Typhoon បានធ្វើសកម្មភាពតាំងពីឆ្នាំ ២០២១ ហើយកំណត់គោលដៅលើវិស័យសំខាន់ៗរួមមានវិស័យទំនាក់ទំនងផលិតដំណឹកជញ្ជូនរដ្ឋាភិបាលបច្ចេកវិទ្យាព័ត៌មាន និងអប់រំជាដើម។
គួរគូសបញ្ជាក់ថា ខណៈចិន និងសហរដ្ឋអាមេរិកតែងតែធ្វើចារកម្មលើគ្នាទៅវិញទៅមក អ្នកវិភាគនិយាយថាការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក គឺជាយុទ្ធនាការចារកម្មតាមអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ចិន។
យ៉ាងណាមិញ ឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមហ៊ុនមីក្រូសូប អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បានប្រាប់បណ្ដាញព័ត៌មាន BBC ថា ការចោទប្រកាន់របស់ភាគីអាមេរិកដែលថារដ្ឋាភិបាលចិនគាំទ្រការហែកលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន គឺជាការបំភ្លៃការពិតទាំងស្រុង។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) វិញបានឱ្យដឹងដាច់ដោយឡែកនៅថ្ងៃពុធថា ខ្លួនកំពុងធ្វើការជាមួយដៃគូរួមមានកាណាដា នូវែលសេឡង់ អូស្ត្រាលី និងចក្រភពអង់គ្លេស ព្រមទាំងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក ដើម្បីកំណត់វិធីសាស្រ្ត ឬសកម្មភាពរបស់ក្រុមហែកឃើរ។
កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ ក៏បានព្រមានថា ពួកគេអាចរងការវាយប្រហារពីពួកហែកឃឺរផងដែរ ហើយប្ដេជ្ញាធ្វើការរួមគ្នា ដោយលើកហេតុផល «លោកខាងលិចមានទំនាក់ទំនងជាមួយគ្នាយ៉ាងស៊ីជម្រៅ»។
ក្រុមទីភ្នាក់ងារចារកម្មលោកខាងលិចដដែល បាននិយាយថា ក្រុមហេកឃឺរចិន អាចប្រើយុទ្ធសាស្រ្តដូចគ្នាដែលខ្លួនប្រើចំពោះអាមេរិក ដើម្បីធ្វើចារកម្មលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងពិភពលោក ហើយជំរុញឱ្យក្រុមហ៊ុនប្រតិបត្តិការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់កំណត់អត្តសញ្ញាណសកម្មភាពរបស់ក្រុមហែកឃឺរ ដោយប្រើសេចក្ដីណែនាំបច្ចេកទេសដែលខ្លួនបានប្រកាសនាពេលកន្លងមក។
នាយកផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់NSA លោក Rob Joyce បាននិយាយថាក្នុងយុទ្ធនាការរបស់ខ្លួន ក្រុមហែកឃើរ ចិនបានប្រើប្រាស់វិធីសាស្រ្តហែក ដោយប្រើ «ឧបករណ៍ភ្ជាប់បណ្ដាញ» ផ្សេងៗ ដើម្បីគេចចេញពីប្រព័ន្ធការការពារ ដែលការណ៍នេះ ធ្វើឱ្យគេពិបាកនឹងចាប់បាន។
ផ្ទុយទៅនឹងការប្រើប្រាស់បច្ចេកទេសហែកបែបចាស់កំរិល ដែលជារឿយៗពាក់ព័ន្ធនឹងការបញ្ឆោតជនរងគ្រោះឱ្យដោនឡូតឯកសារមានផ្ទុកមេរោគ ក្រុមហ៊ុនមីក្រូសូប បានលើកឡើងថា ក្រុមហែកឃឺរបានហែកចូលប្រព័ន្ធផ្សេងៗដែលមានស្រាប់របស់ជនរងគ្រោះ ដើម្បីស្វែងរកព័ត៌មាន និងទាញយកទិន្ន
ន័យ៕