កងទ័ពជើងទឹកស្រីលង្ការកឃើញសាកសព ១៤ នាក់ នៅក្នុងទូកចិនដែលក្រឡាប់លិចកាលពីសប្តាហ៍មុន

កងទ័ពជើងទឹករបស់ប្រទេស ស្រីលង្កាបានឱ្យដឹងកាលពីថ្ងៃពុធ ទី ២៤ ខែឧសភាថា ខ្លួនបានរកឃើញសាកសពចំនួន ១៤ នាក់បន្ថែមទៀត នៅក្នុងទូកនេសាទរបស់ចិន ដែលក្រឡាប់លិចកាលពីសប្តាហ៍មុន ដោយមានអ្នកជិះជនជាតិផ្សេងគ្នា ៣៩ នាក់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការរកឃើញនេះកើតឡើង ១ ថ្ងៃ បន្ទាប់ពីការស៊ើបអង្កេតបឋមរបស់ក្រសួងដឹកជញ្ជូនចិន បានសន្និដ្ឋានថា អ្នកជិះទូកដែលលិចនោះ បានស្លាប់ទាំងអស់។ ទូកនេសាទ ឈ្មោះ Lu Peng Yuan Yu 028 បានក្រឡាប់ក្នុងមហាសមុទ្រឥណ្ឌាដោយសារព្យុះស៊ីក្លូន Fabian កាលពីថ្ងៃទី ១៦ ខែឧសភា ដោយមានជនជាតិចិន ១៧ នាក់ ឥណ្ឌូនេស៊ី ១៧ នាក់ និងហ្វីលីពីន ៥ នាក់ ជិះមុនពេលវាលិច។ ២ ថ្ងៃក្រោយការក្រឡាប់ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពមនុស្ស ២ នាក់ ខណៈ ៣៧ នាក់ផ្សេងទៀតបន្តបាត់ខ្លួន។
កងទ័ពជើងទឹកស្រីលង្កាបានអះអាងថា អ្នកមុជទឹករបស់ខ្លួនបានរកឃើញសាកសពមនុស្ស ២ នាក់ និងបានប្រទះឃើញមនុស្ស ១២ នាក់ទៀតកាលពីថ្ងៃអង្គារ ដោយបានបង្ហាញរូបថតសម្បកក្រហម របស់ទូកដែលលិចហើយសាកសពដែលគេទាញចេញពីទឹក។កងទ័ពជើងទឹកដដែលនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ដោយសារតែការរលួយនៃសាកសព និងគ្រោះថ្នាក់ដល់សុខភាពចំពោះក្រុមអ្នកមុជទឹកដែលគ្មានឧបករណ៍ពាក់ការពារគ្រប់គ្រាន់នោះ ខ្លួនកំណត់ថា ការទាញយកសាកសពទាំងអស់ចេញនឹងធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំង។ កងទ័ពជើងទឹកស្រីលង្កាបន្តថា ខ្លួនបានកំណត់សាកសពចំនួន ១២ ដែលជាប់ក្នុងទូក ហើយប្រគល់ឱ្យអាជ្ញាធរចិន។ មកទល់ពេលនេះ គេមិនទាន់អាចកំណត់អត្តសញ្ញាណនៃសាកសពទាំងអស់នៅឡើយទេ។
ជុំវិញបញ្ហានេះ អូស្ត្រាលីបានបញ្ជូនយន្តហោះ ៣ គ្រឿង និងកប៉ាល់ ៤ គ្រឿង ទៅជួយក្នុងកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជាអន្តរជាតិ។ បើតាមក្រសួងដឹកជញ្ជូនរបស់ចិន ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកលើផ្ទៃក្រឡាទឹកប្រហែល ៦៤ ០០០ គីឡូម៉ែត្រការ៉េ ហើយមិនរកឃើញសញ្ញាពីអ្នកនៅរស់នោះទេ។
គួរគូសបញ្ជាក់ថា ព្យុះស៊ីក្លូន Fabian បានបក់បោកខ្លាំងដែលធ្វើឱ្យកម្ពស់ទឹកសមុទ្រហក់ឡើងរហូតដល់ ៧ ម៉ែត្រ និងខ្យល់បក់ខ្លាំងក្នុងល្បឿនរហូតដល់ ១២០ គីឡូម៉ែត្រ/ម៉ោង ឆ្លងកាត់តំបន់ដែលទូក Lu Peng Yuan Yu 028 កំពុងធ្វើដំណើរ។ ធាតុអាកាសមិនអំណោយផលក្រោយទូកលិច ក៏បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ ខណៈមជ្ឈមណ្ឌលសម្របសម្រួលការសង្គ្រោះរួម (JRCC) នៅទីក្រុងកង់បេរ៉ា បានព្រមានអំពីលក្ខខណ្ឌប្រឈមដល់អាយុជីវិតសម្រាប់ប្រតិបត្តិការ។
ទូកនេសាទ Lu Peng Yuan Yu 028 គ្រប់គ្រងដោយក្រុមហ៊ុននេសាទរដ្ឋចិន Penglai Jinglu ដែលអាចធ្វើការនេសាទក្នុងដែនសមុទ្រអន្តរជាតិ។ ទូកនេះបានចេញពីទីក្រុង Cape Town នៃប្រទេសអ្រាហ្វិកខាងត្បូងកាលពីថ្ងៃទី ៥ ខែឧសភា ឆ្ពោះទៅកាន់ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមគេហទំព័រតាមដានចរាចរណ៍ផ្លូវសមុទ្រ ដែលចាប់ទីតាំងរបស់ទូក Lu Peng Yuan Yu 028 ចុងក្រោយនៅថ្ងៃទី ១០ ខែឧសភា ភាគអាគ្នេយ៍នៃកោះ Reunion ដែលជាកោះតូចមួយរបស់បារាំងក្នុងមហាសមុទ្រឥណ្ឌា៕