ទីភ្នាក់ងារ​មនុស្សធម៌ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​ ​២៤ ខែឧសភា ថា​ប្រជាជន​សូ​ម៉ាលី​ទូទាំងប្រទេស​ជាង ​១ ​លាន​នាក់ បាន​ផ្លាស់​ទីលំនៅ​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៤ ​ខែ​ប៉ុណ្ណោះ ដោយសារតែ​គ្រោះរាំងស្ងួត ទឹកជំនន់ និង​ជម្លោះ​។


​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)​ និង​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស (NRC) បាន​និយាយថា មនុស្ស​ប្រហែល ៤៣៣ ០០០ នាក់ បាន​ចាក​ចេញពីផ្ទះ​របស់ខ្លួន​ទាំង​បង្ខំ​នៅ​ចន្លោះ​ពីថ្ងៃ​ទី​ ១ មករា ដល់​ថ្ងៃទី ១០ ខែឧសភា​ខណៈ​ការបះបោរ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម និង​ការប៉ះទង្គិច​គ្នា​ផ្សេងទៀត​ក្នុង​តំបន់​ផ្ដាច់ខ្លួន​សូ​ម៉ា​លី​ឡង់ (Somaliland) បាន​ផ្ទុះឡើង​។​

​ក្នុង​រយៈពេល​ដូចគ្នានេះ ទីភ្នាក់ងារ​មនុស្សធម៌​ទាំង ​២ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដដែល​ថា មនុស្ស​ជាង ៤០៨ ០០០ នាក់ បាន​ផ្លាស់​ទី​ដោយសារតែ​ទឹកជំនន់ ខណៈ​ជាង ៣១២ ០០០ នាក់​ផ្សេងទៀត បាន​ផ្លាស់​ទីលំនៅ​ដោយសារតែ​គ្រោះរាំងស្ងួត​។


​គួរ​បញ្ជាក់ថា សូ​ម៉ាលី និង​ប្រទេសជិតខាង​នៅ​តំបន់​អ្រា​ហ្វិ​ក​ខាងកើត ផ្សេងទៀត​រួមមាន​អេ​ត្យូ​ពី និង​កេ​ន​យ៉ា បានទទួល​រង​នូវ​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ ៤​ ទសវត្សរ៍​បន្ទាប់​គ្មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ជាប់ៗ​គ្នា ដែល​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ខ្វះខាត ប៉ះពាល់​ដំណាំ និង​សត្វពាហនៈ​ស្លាប់​។


​កាលពី​ថ្ងៃ​ពុធ​ផងដែរ ប្រធាន​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស និង​រដ្ឋាភិបាល​ពិភពលោក​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​សន្និសីទ​មួយ ដើម្បី​ស្វែងរក​មូលនិធិ​ជំនួយ​ចំនួន​ ៧​ ​ប៊ី​លាន​ដុល្លារ ដើម្បី​ជួយ​អ្នក​ដែល​ត្រូវការ​ជំនួយ​នៅ​ទូទាំង​តំបន់​។​


​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA)​ បាន​និយាយ​កាលពី​សប្តាហ៍​មុន ថា មនុស្ស​យ៉ាងហោច ណាស់ ៤៣,៣ លាន​នាក់​នៅ​តំបន់​អ្រា​ហ្វិ​ក​ខាងកើត ត្រូវការ​ជំនួយ​សង្គ្រោះ និង​ទ្រទ្រង់​ជីវិត​។ បើ​យោងតាម UNHCR និង​ NRC ចំនួន​មនុស្ស​ផ្លាស់​ទីលំនៅ​គិតតែ​ក្នុងប្រទេស​សូ​ម៉ាលី​តែឯង ឥឡូវនេះ​មាន​ចំនួន ៣,៨ លាន​នាក់ ហើយ ៦,៧ នាក់ ត្រូវការ​ជំនួយ​ស្បៀងអាហារ​។ ទីភ្នាក់ងារ​ទាំង​ ២ បន្តថា ក្មេងៗ​ជាង​កន្លះ​លាន​នាក់ ខ្វះ​អាហា​រូប​ត្ថ​ម្ភ​ធ្ងន់ធ្ងរ​៕