អ៊ីរ៉ង់ចោទអ៊ុយក្រែនថា យកខ្លួនធ្វើជានុយដើម្បីទាញការគាំទ្រពីលោកខាងលិច
ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេន ស្គីថា យកអ៊ីរ៉ង់ធ្វើជានុយទាញការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុពីលោកខាងលិច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គី កាលពីថ្ងៃពុធ បានថ្លែងថា ការគាំទ្រចំពោះអំពើអាក្រក់របស់ទីក្រុងតេអេរ៉ង់ សំដៅលើការផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ី មិនអាចមិនអើពើបានទេ ហើយបន្តអំពាវនាវដោយផ្ទាល់ទៅប្រជាជនអ៊ីរ៉ង់ដោយដាក់ជាសំណួរថា៖ «ហេតុអ្វីបានជាអ្នកចង់ក្លាយជាអ្នកសមគំនិតក្នុងភេរវកម្មរបស់រុស្ស៊ី?»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ការអះអាងមិនពិតពាក្យដដែលៗរបស់លោក ហ្សេលេនស្គី ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ បានធ្វើឡើងឱ្យស្របនឹងទំនោរនៃការឃោសនា និងការផ្សព្វផ្សាយប្រឆាំងអ៊ីរ៉ង់។
លោក Kanani បានបន្តថា៖ «វាធ្វើទៅក្នុងគោលបំណងទាក់ទាញជំនួយផ្នែកយោធា និងហិរញ្ញវត្ថុពីបណ្តាប្រទេសលោកខាងលិច តាមដែលអាចធ្វើទៅបាន»។
អ្នកនាំពាក្យដដែល បានបន្ថែមថា អ៊ុយក្រែនមានគោលដៅនយោបាយជាក់លាក់ និងហេតុផលនៅពីក្រោយការចោទប្រកាន់បែបនេះ ដោយចៀសវាងការចរចាជាមួយភាគីអ៊ីរ៉ង់ ដើម្បីស៊ើបអង្កេតការអះអាងរបស់ខ្លួន។
គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថា ប្រទេសនេះបានផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៊ី ដើម្បីយកទៅប្រើក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ការចោទប្រកាន់នេះ តែងត្រូវបានក្រុងតេអេរ៉ង់ច្រានចោល។
តាមសេចក្តីរាយការណ៍ផ្សេងៗ រុស្ស៊ីបានប្រើប្រាស់ដ្រូន Shahed ឬ Kamikaze ផលិតដោយអ៊ីរ៉ង់ចំនួន ១ ១៦០ គ្រឿង ក្នុងការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន៕