អ៊ីរ៉ង់​ និង​អាហ្វហ្គានីស្ថាន​ បាន​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​គ្នា​​​តាម​ព្រំដែន​កាល​ពី​ថ្ងៃ​សៅរ៍​ ​​ដោយ​សម្លាប់​ឆ្មាំ​ព្រំ​ដែន​ អ៊ីរ៉ង់​២​នាក់​ និង​​កង​កម្លាំង​​តាលីបង់​ម្នាក់​ ខណៈ​ភាគី​ទាំង​២​ច្រើន​ប្រកាន់​គ្នា​ទៅ​មក​​ទៅ​លើ​អ្នក​ផ្ដើម​​ការ​បា​ញ់​​ប្រហារ​​។ នេះ​បើ​តាមការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​​​សម្ដី​​​​អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ និ​ង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​​​អ៊ីរ៉ង់។


​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​ លោក​ Abdul NafiTakor​ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែង​កា​រណ៍​កាល​ពី​ថ្ងៃ​សៅរ៍ថា​​៖ «​ថ្ងៃ​នេះ​ នៅ​​ខេត្ត​ Nimroz​ កង​កម្លាំង​ព្រំដែន​អ៊ីរ៉ង់​បាន​បាញ់​ឆ្ពោះ​​មក​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ ហើយ​រង​ការ​តប​ត​ទៅ​វិញ​»។

​លោក​​បន្ត​ថា​៖ «​​​ស្ថានការណ៍​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​នៅ​ពេល​នេះ​។ ​អេមីរ៉ាត​អ៊ីស្លាម​(​អាហ្វ​ហ្គានី​ស្ថា​ន​)​ មិន​ចង់​ប្រយុទ្ធ​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ទេ​​»។


លោក​ Nafi Takor បាន​ឱ្យ​ដឹង​ទៀត​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​ បាន​សម្លាប់​​ម្ខាង​ម្នាក់​ និង​ធ្វើ​ឱ្យ​រង​របួស​ជា​ច្រើន​នាក់​ ប៉ុន្តែ​​​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ ក្រោយ​មក​បាន​រាយការណ៍​ថា​ ឆ្មាំ​​ព្រំដែន​អ៊ីរ៉ង់​២​នាក់​បាន​ស្លាប់​ និង​ជន​ស៊ីវិល ​​​២​ នាក់​ផ្សេង​ទៀត​ បាន​រង​របួស​។ ​


​IRNA ​បាន​រាយការណ៍​បន្ត​ថា​ ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ អាជ្ញាធរ​អ៊ីរ៉ង់​ បាន​បិទ​ប៉ុស្តិ៍​ព្រំដែន​ Milak – Zaranj​ដែល​ជា​ច្រក​ឆ្លង​កាត់​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជាមួយ​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​វា​មិន​មែន​ជា​កន្លែង​ដែល​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើង​នោះ​ទេ​។ ​


ទាក់​ទង​នឹង​ហេតុការណ៍​ដដែល​នេះ​ IRNA បាន​ស្រង់​សម្ដី​​​អគ្គ​ស្នងការ​រង​ប៉ូលិស​អ៊ីរ៉ង់​ លោក​ Qasem Rezaei ​ដែល​​​និយាយ​ផ្ទុយ​ពី​អ្នក​ពាក្យក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​​​​ថា​ ​កង​កម្លាំង​តាលីបង់​ បាន​ចាប់​ផ្តើម​បាញ់​ប្រហារ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យអ៊ីរ៉ង់ ​​Sasoli​ ដែល​នៅ​ជាប់​ខេត្ត​​​​​Nimrozរបស់​អាហ្វហ្គានីស្ថាន​ «​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ​ និង​​​ប្រទេស​ជិត​ខាង​ល្អ​» ដែល​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​។ ​

គួរ​គូស​បញ្ជាក់​ថា​ ជុំ​វិញ​មូលហេតុ​​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ហេតុការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែលអ៊ីរ៉ង់​ និង​អាហ្វហ្គានីស្ថានមាន​ភាព​​​តាន​តឹង​ជុំ​វិញ​បញ្ហា​ទឹក​ប្រើ​ប្រាស់​។

​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់​មេ​ដឹក​នាំ​តាលីបង់​របស់​អាហ្វហ្គានីស្ថាន​ ថា​បាន​រំលោភ​លើ​សន្ធិ​សញ្ញា​ឆ្នាំ​ ១៩៧៣​​ដោយ​រឹត​បន្តឹង​លំហូរ​ទឹក​ពី​ទន្លេ​​ហែលម៉ង់​(Helmand) ​ទៅ​កាន់​តំបន់​ភាគ​ខាង​កើត​អ៊ីរ៉ង់​ដែល​ស្ងួត​ហួត​ហែង​ ខណៈ​ការ​ចោទ​ប្រកាន់​នេះ​ ត្រូវ​បាន​ក្រុម​​តាលីបង់​ច្រាន​ចោល​​៕