​ឆ្មាំ​ឆ្នេរ​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​ ជប៉ុន ​និង​ហ្វីលីពីន​ នឹង​ធ្វើ​សម​យុទ្ធ​ដែន​សមុទ្រ​​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​សប្តាហ៍​នេះ​ ដែល​ជា​សម​យុទ្ធ​ត្រី​ភាគី​​លើក​ដំបូង​​ ខណៈ​​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​អំណាច​របស់​ចិន​នៅ​ក្នុង​តំបន់​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

​អ្នក​នាំ​ពាក្យ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ លោក​ Armand Balilo ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៩ ​ខែ​ឧសភា ​ថា​ សម​យុទ្ធ​កាល​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៧​ ខែ​មិថុនា​ ​នៅ​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​ Bataan របស់​ហ្វីលីពីន​ គឺ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សហរដ្ឋ​អាមេ រិក​ និង​ជប៉ុន​ ខណៈ​អូស្ត្រាលី​នឹង​ចូល​រួម​ជា​អ្នក​សង្កេត​ការណ៍​។​

​លោក​ Balilo​បាន​និយាយ​ថា​ នាវា​ហ្វីលីពីន​ចំនួន​ ​៤​គ្រឿង ​និង ​​​២​​គ្រឿង​ពី​សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ នឹង​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​កែ​លម្អ​កិច្ច​សហប្រតិបត្តិការ​ស្វែង​រក​ និង​ជួ​យ​សង្គ្រោះ ​និង​ការ​អនុ វត្ត​ច្បាប់​។​


​សម​យុទ្ធ​ដែន​សមុទ្រ​រួម​​នេះ​ ធ្វើ​ឡើង​​តាម​ការ​ស្នើ​សុំ​របស់​​ជប៉ុន ​និង​សហរដ្ឋ​អាមេរិក​ ​កាល​ពី​​ខែ​កុម្ភៈ​ ពោល​គឺនៅ​ក្នុង​ខែ​ដែល​​ទីក្រុង​ម៉ានីល ​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​​ការ​ធ្វើ​សកម្មភាព​គឃ្លើន​​នៅ​សមុទ្រ​ចិន​ខាង​​ត្បូង​ ដែល​​​ចិន​ទទូច​ទាម​ទារ​ស្ទើរ​តែ​ទាំង​មូល​ថា ​ជា​​ដែន​ទឹក​របស់​ខ្លួន​។

​លោក​ Balilo ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖​«​នេះ ​គឺ​ជា​សកម្មភាព​ធម្មតា​ក្នុង​ចំណោម​ភ្នាក់ងារ​ឆ្មាំ​ឆ្នេរ​សមុទ្រ​​ទាំង​អស់​។​ វា​គ្មាន​​អ្វី​ខុស​​ក្នុង​ការ​ធ្វើ​សមយុទ្ធ​​ជាមួយ​សមភាគី​របស់​យើង​នោះ​ទេ​​»​។​


​ប្រទេស​ជប៉ុន ​អូស្ត្រាលី ​និង​សហរដ្ឋ​អាមេរិក​ បាន​ថ្កោល​ទោស​ជា​ញឹក​ញាប់​ចំពោះ​ការ​ធ្វើ​យោធា​កម្ម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​ព្យាយាម​ធ្វើ​ទំនាក់​ទំនង​​ឱ្យ​ជិត​ស្និទ្ធ​ជាមួយ​​​ហ្វីលីពីន​ ចាប់​តាំង​ពី​លោ​ក​ ហ្វឺឌីណាន់ ម៉ាកូស ជូនៀ​ ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន​។ ​

គេ​​សម្គាល់​ឃើញ​ថា​ ទំនាក់​ទំនង​ហ្វីលីពីន​ជាមួយ​សហរដ្ឋ​អាមេរិក​ កាន់​តែ​​រឹង​មាំ​ឡើង​ៗក្រោម​អាណត្តិ​របស់​លោក​ ម៉ាកូស​ ​ជា​ពិសេស​​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ ខណៈ​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​ ​ប្រកាន់​ជំហរ​​កាន់​តែ​ខ្លាំង​ឡើង​លើ​​ការ​ប្រព្រឹត្ត​របស់​ចិន​ ​​រួម​ទាំង​ការ​បាញ់​​«​ឡាស៊ែរ​កម្រិត​យោធា​»​ ដាក់​នាវា​ផ្គត់​ផ្គង់​ស្បៀង​របស់​កង​ទ័ព​ជើង​ទឹក​ហ្វីលីពីន​ កាល​ពី​ពេល​កន្លង​ទៅ​៕