ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ី នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ បានឱ្យដឹងថា ពួកគេបានរកឃើញសម្បកគ្រាប់កាណុងនៅលើកប៉ាល់មួយដែលចុះបញ្ជីនៅប្រទេសចិន ហើយត្រូវបានគេសន្និដ្ឋានថា ជាសម្បកបន្សល់ទុកពីសម័យសង្គ្រាមលោកលើកទី២។
ក្រុមមន្ត្រីជំនាញ បាននិងកំពុងធ្វើការស៊ើបអង្កេតបន្ថែមដើម្បីឱ្យដឹងប្រាកដថា តើកប៉ាល់ដឹកទំនិញនោះមានជាប់ពាក់ព័ន្ធនឹងការលួចប្លន់បំណែកនាវាចម្បាំងអង់គ្លេស ២ គ្រឿងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែរឬក៏យ៉ាងណា។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា ក្រុមប្រតិបត្តិករជួយសង្គ្រោះដោយខុសច្បាប់ត្រូវបានគេជឿថា បានដាក់កំណត់គោលដៅស្វែងរកនាវាចម្បាំងប្រភេទ HMS Repulse និងប្រភេទ HMS Prince of Wales ដែលត្រូវបានលិចបាត់ទៅក្នុងបាតសមុទ្រនៅឆ្នាំ ១៩៤១ ដោយសារការបាញ់ប្រហារដោយគ្រាប់បែករបស់ជប៉ុនប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារនៅលើកំពង់ផែផឺលហាបឺ (Pearl Harbor)។
កាលនោះ នាវិកសរុបចំនួន ៨៤២ នាក់បានបាត់បង់ជីវិត ហើយព្រឹត្តិការណ៍នេះ ត្រូវបានគេចាត់ទុកថា ជាសោកនាដកម្មផ្នូរសង្គ្រាមមួយដ៏សោកសៅដែលបានកើតឡើងនៅក្នុងរដ្ឋប៉ាហាង (Pahang) ប្រទេសម៉ាឡេស៊ី។ កាលពីខែមុន អ្នកនេសាទ និងអ្នកមុជទឹកនៅក្បែរតំបន់នោះ បានជូនដំណឹងដល់អាជ្ញាធរម៉ាឡេស៊ីភ្លាមៗ បន្ទាប់ ពីបានប្រទះឃើញនាវាបរទេសមួយដែលកំពុងមានវត្តមាននៅក្បែរតំបន់កើតហេតុនោះ។
ទីភ្នាក់ងារដែនសមុទ្រខាង លើបានបន្ថែមថា ខ្លួនបានឃាត់កប៉ាល់ដែលបានចុះបញ្ជី នៅទីក្រុងហ្វ៊ូចូវ (Fuzhou) ប្រទេសចិនទុកកាលពីថ្ងៃអាទិត្យ ដោយចោទពីបទ «បោះយុថ្កាដោយគ្មានលិខិតអនុញ្ញាត» ចេញពីរដ្ឋចូហូរ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ទីភ្នាក់ងារដដែលបានបញ្ជាក់ថា កប៉ាល់នេះមានសមាជិកនាវិកចំនួន ៣២ នាក់ក្នុងនោះមានជនជាតិចិនចំនួន ២១ នាក់ជនជាតិបង់ក្លាដែសចំនួន ១០ នាក់ និងជនជាតិម៉ាឡេស៊ី ១ នាក់។
ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ក្រុមមន្ត្រីជំនាញមកពីនាយកដ្ឋានបេតិកភណ្ឌជាតិ និងស្ថាប័នពាក់ព័ន្ធនឹងធ្វើការរួមគ្នាដើម្បីកំណត់អត្តសញ្ញាណសម្បកគ្រាប់កាណុងទាំងអស់ នោះ។ លើសពីនេះកាលពីសប្តាហ៍មុន សារមន្ទីរជាតិនៃកងទ័ពជើងទឹកអង់គ្លេសបានថ្លែងថា ខ្លួនមានការព្រួយបារម្ភចំពោះការបំផ្លិចបំផ្លាញណា មួយដែលអាចកើតមានឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។
ទីភ្នាក់ងារដែនសមុទ្រដដែល នេះបានរំលេចថា សម្បកគ្រាប់កាណុងដែលមានច្រែះចាប់អាចពាក់ព័ន្ធនឹងការរឹបអូសគ្រាប់កាំភ្លើងធំដែលមិនទាន់ផ្ទុះ និងវត្ថុបុរាណផ្សេងទៀតនៅឯកន្លែងគំនរសំណល់អេតចាយឯកជនមួយក្នុងទីក្រុង ចូហូរ។ យោងតាមកាសែត The New Straits Times សម្បកគ្រាប់កាណុងទាំងអស់នោះត្រូវបានគេសង្ស័យថា មានប្រភពចេញពីនាវាចម្បាំងអង់គ្លេស។
រូបភាព និងវីដេអូដែលបានចេញផ្សាយដោយទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ីបានបង្ហាញពីកប៉ាល់ដឹកអ្នកដំណើរដែលមានដងស្ទូចដ៏ធំមួយ និងដុំដែកដែលមានច្រែះនៅលើកប៉ាល់នោះទៀតផង។ វាត្រូវបានគេស្គាល់ថា ជាដែកថែបដែលមានអាយុកាលមុនសម័យសង្គ្រាម ហើយវាគឺជាបំណែកដែលបន្សល់ទុកពីនាវាចម្បាំងទាំង ២ ខាងលើ។ បន្ថែមលើនេះ បំណែកនេះមានតម្លៃណាស់ ដោយគេអាចយកវាទៅប្រើប្រាស់ ក្នុងការផលិតឧបករណ៍វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រមួយចំនួនទៀតផង។
គួរដឹងដែរថា វាមិនមែនជាលើកទី ១ នោះទេ ដែលនាវា លិចទឹកទាំង ២ នេះ ត្រូវបានជនល្មើសកំណត់គោលដៅចង់បាន។ យោងតាមកាសែត The New Straits Times បានរាយការណ៍ថា ជនបរទេស ដែលជាក្រុមប្រមាញ់តាមរកកំណប់បុរាណ ១ ក្រុម ធ្លាប់បានប្រើប្រាស់គ្រឿងផ្ទុះដើម្បីធ្វើការបំផ្ទុះបន្ទះដែកដ៏ធំ និងធ្ងន់ខ្លាំងនៅលើកប៉ាល់ ១ កាលពីឆ្នាំ ២០១៥ ដើម្បីងាយស្រួលក្នុងការចូលទៅយករបស់មានតម្លៃផ្សេងៗ។
យោងតាមសារព័ត៌មានដទៃ ទៀតបានឱ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនកប៉ាល់វៀតណាម ១ គ្រឿង ដែលពាក់ព័ន្ធនឹងការលួចបំណែកយន្តហោះនាពេលនោះ៕