អ្នក​ជំនាញផ្នែក​បច្ចេកវិទ្យា​បាន​ព្រមាន​ថ្មី​ៗនេះ​ថា​ បញ្ញា​សិប្បនិម្មិត​ (AI)​ អាច​ធ្វើ​ឱ្យ​មនុស្ស​ជាតិ​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​ផុត​ពូជ​បាន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ BBC។

អ្នក​ជំនាញ​បាន​ធ្វើ​ការ​ព្រមាន​នេះ​ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​មជ្ឈ​មណ្ឌល​សម្រាប់​សុវត្ថិភាព​ AI កាល​ពី​ថ្ងៃ​អង្គារ​ ទី ៣០​ខែ​ឧសភា​ ​ដោយ​មាន​ការ​គាំទ្រ​ពី​អ្នក​ជំនាញ​រាប់​សិប​នាក់​ផ្សេងទៀត។


បណ្ដា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ AI ធំៗ ​ដូច​ជា​លោក​ Sam Altman ​របស់​ក្រុមហ៊ុន​OpenAI ​លោក​ Demis Has sabis ​របស់​ក្រុមហ៊ុន​Google DeepMind ​និង​លោក​Dario Amodei​របស់​ក្រុមហ៊ុន​ Anthropic ​សុទ្ធ​តែ ​បាន​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​នេះ​។​

សេចក្ដី​ថ្លែង​ការណ៍​ បាន​លើក​ឡើង​ថា​៖ «ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ផុត​ពូជ​មនុស្ស​ ពី​ AI ​គួរ​តែ​ជា​អា​ទិភាព​សកល​មួយ​ រួមជា​មួយ​នឹង​ហានិភ័យ​ក្នុង​សង្គម​ផ្សេង​ទៀត​ ដូច​ជា​ជំងឺ​រាត​ត្បាត​ និង​សង្រ្គាម​នុយក្លេ​អ៊ែរ​ជា​ដើម»។


​​

សេចក្ដីថ្លែង​ការណ៍​ដដែល​បាន​បង្ហាញ​នូវ​សេណារីយោ​ មហន្តរាយ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​ ដោ​យ​ក្នុង​នោះ​រួម​មាន​៖ (១)​ ការ​​យក​ AI ​ធ្វើ​ជា​អាវុធ​ ​ឧទាហរណ៍​ដូច​ជា​ ការ​ប្រើប្រាស់​ AI ​ដើម្បី​បង្កើត​អាវុធ​គីមី​ (២) ​ព័ត៌មាន​មិន​ពិត​ដែល​​បង្កើត​​ដោយ​ AI ​អាច​ធ្វើ​ឱ្យ​សង្គម​មាន​អស្ថិរភាព​ហើយ​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​រួម​ចុះ​ខ្សោយ​ (៣) AI ​កាន់​តែ​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ដាច់​ការ​មួយ​ចំនួន​តូច​ដែល​បើក​ដៃ​ឱ្យ​របប​ផ្ដាច់​ការ​ទាំង​នោះ ​ធ្វើ​កិច្ច​ការ​តាម​អំពើ​ចិត្ត​ រួម​ទាំង​ការ​ឃ្លាំមើល​ និង​ការ​គាប​សង្កត់​ជា​ដើម​ និង​(៤)​ មនុស្ស​ពឹង​ផ្អែក​លើ​ ​ AI ជ្រុល​ ដែល​ស្រដៀង​នឹង​សេណារីយោ​នៃ​ក្នុង​ខ្សែ​ភាព​យន្ត​វិទ្យាសាស្ត្រ​គំនូរ​ជីវចល​ « Wall-E»។

ដូច​ទៅ​នឹង​ប្រធាន​ក្រុមហ៊ុន​ AI ធំ​ៗ​មួយ​ចំនួន​ដែរ​ អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀត​ ដូច​ជា​អ្នក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ល្បី​ឈ្មោះ​ លោក​ Geoffrey Hinton​ដែល​ធ្លាប់​ចេញ​ការ​ព្រមាន​ស្ដី​ពី​​គ្រោះ​ថ្នាក់​របស់​ AI ​និង​​សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកល​វិទ្យា​ល័យ​ Montreal ​លោក​ YoshuaBengio​សុទ្ធ​តែ​គាំទ្រ​លើ​សេចក្ដី​ព្រមាន​ទាំង​នេះ​ដូច​គ្នា​។

យ៉ាង​ណា​មិញ​ ​អ្នក​ជំនាញខ្លះ​​ទៀត​ បាន​លើក​ឡើង​ថា​ ការ​ភ័យ​ខ្លាច​AI ​បំផ្លាញ​មនុស្ស​ជាតិ​ មាន​ភាព​មិន​ប្រាកដ​ប្រជា​ ហើយ​ជា​ការ​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បញ្ហា​​ផ្សេង​ៗ​ទៀត​ដែល​មាន​ស្រាប់​។ នេះ​បើ​តាមការ​ស្រង់​សម្ដី​របស់​​ BBC។

ចំណែក​ឯ​​អ្នក​ជំនាញ​ផ្សេង​ទៀត​ បាន​លើក​ឡើង​ប្រាប់​ BBC ថា​ ការ​រីក​ចម្រើន​របស់​AI «​នឹង​ពង្រីក​ទំហំ​នៃ​ការ​សម្រេច​ចិត្ត​ដោយ​ស្វ័យ​ប្រវត្តិ​» ដែល​មាន​ភាព​លម្អៀង​ ​ការ​រើស​អើង​អយុត្តិធម៌​ និង​ការ​ផ្ដាច់​មុខ​របស់​ក្រុម​ណា​មួយ។

ការណ៍​នេះ​ ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​បរិមាណ ​និង​ការ​រីក​រាល​ដាល​នៃ​ព័ត៌មាន​មិន​ពិត​​ដែល​ធ្វើ​ឱ្យ​ខូច​ការ​ពិត​ និង​លុប​បំបាត់​ការ​ជឿ​ទុក​ចិត្ត​របស់​សាធារណៈ​ជន​ និង​ជំរុញ​ឱ្យ​មាន​វិសមភាព​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​នាយក​មជ្ឈ​មណ្ឌល​សម្រាប់​សុវត្ថិភាព​ AI ​លោក​ Dan Hendrycks​បាន​ប្រាប់​ BBC ថា​ ​ហានិ ភ័យ​នា​ពេល​អនាគត​ និង​ការ​ព្រួយ​បារម្ភ​នា​ពេល​បច្ចុប្បន្ន​ ​មិន​មែន​ជា​រឿង​ខុស​ប្លែក​គ្នា​នោះ​ទេ​។ លោក​បន្ត​ថា​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ​ អាច​មាន​ប្រយោជន៍​សម្រាប់​ការ​ដោះ​ស្រាយ​ហានិភ័យ​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត៕