ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ទី ៣១ ខែឧសភា បានបញ្ចប់ទៅដោយការបរាជ័យបន្ទាប់ពីរ៉ុក្កែតបាញ់បង្ហោះមិនដំណើរការរលូនហើយធ្លាក់ចូលក្នុងសមុទ្រកូរ៉េខាងលិច។
KCNA ផ្សាយថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី Chollima-1 មិនដំណើរការដោយសារតែម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈរបស់រ៉ុក្កែត មានភាពរអាក់រអួល។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
គួរគូសបញ្ជាក់ថា ការបាញ់បង្ហោះលើកនេះ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទី៦ និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ របស់ប្រទេសនុយក្លេអ៊ែរកូរ៉េខាងជើង ដែលគេដឹងថា ដើម្បីបង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថី។
ការបរាជ័យនៃការបាញ់បង្ហោះនេះ ជំរុញឱ្យមានការប្រកាសអាសន្ន និងការព្រមានអំពីការជម្លៀសតូចតាចនៅក្នុងតំបន់ខ្លះនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ យ៉ាងណាមិញ ការប្រកាសអាសន្នត្រូវបានដកចេញវិញ ដោយមិនមានការរាយការណ៍ពីគ្រោះថ្នាក់ ឬការខូចខាតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃពុធថា យោធារបស់ខ្លួនកំពុងធ្វើប្រតិបត្តិការរុករក ដើម្បីប្រមូលបំណែកបាក់បែកនៃរ៉ុក្កែតដែលធ្លាក់។
គួរកត់សម្គាល់ថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនាពេលនេះបានរងការថ្កោលទោសពីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង និងប្រធានអង្គការសហប្រជាជាតិ ដែលលើកឡើងថា រាល់ការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺផ្ទុយទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួននៅចន្លោះថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ មិថុនា ដើម្បីជំរុញការឃ្លាំមើលសកម្មភាពយោធាអាមេរិក ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់។អ្នកវិភាគបានព្រមានថា ការបង្ហោះផ្កាយរណបចារកម្ម នឹងជួយពង្រឹងសមត្ថភាពឃ្លាំមើល និងយោធារបស់ប្រទេសនេះ។
បើទោះបីជាការបាញ់បង្ហោះនៅថ្ងៃពុធនេះបរាជ័យក៏ដោយ ទីភ្នាក់ងារអវកាសកូរ៉េខាងជើងនឹងធ្វើការប៉ុនប៉ងលើកទី ២ «ឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន» បន្ទាប់ពីពិនិត្យមើលអ្វីដែលមិនដំណើរការ។ នេះបើតាម KCNA៕