បណ្តា​ប្រទេស​លោកខាងលិច​កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​តួ​ក​គី​ ឱ្យ​ព្រម​ទទួលយក​ប្រទេស​ស៊ុយអែត ចូល​ជា​សមាជិក​អង្គ​ការ​ណា​តូ ខណៈដែល​រដ្ឋាភិបាល​ទីក្រុង​ស្តុក​ខុល​ ​(Stockholm) ប្រទេស​ស៊ុយអែត ​ក៏​កំពុង​ព្យាយាម​ណាស់ដែរ ក្នុងការ​បញ្ចុះបញ្ចូល ឱ្យ​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​ប្រ​ទេស​តួ​ក​គី ឈប់​ប្រឆាំង​ចំពោះ​សមាជិកភាព​របស់ខ្លួន​។​

​លោក អ៊ូ​ហ្វ គ្រី​ស្ទ័​រ​សុន (Ulf Kristersson) ​នាយករដ្ឋមន្ត្រី​ស៊ុយអែត បាន​សរសេរ​នៅលើ​ទំព័រ​កាសែត Financial Times ថា​៖ «​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី​ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ គឺ​ជាម​ធ្យោ​បាយ​ចុងក្រោយ ហើយ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ទីក្រុង​អង់​​កា​រ៉ា​សម្រាប់​ការចូល​ជា​សមាជិក​សម្ព័ន្ធភាព​យោធា​ណា​តូ​»​។​

​មន្ត្រីជាន់ខ្ពស់​ស៊ុយអែត​ម្នាក់​បាន​និយាយថា​៖ «​ច្បាប់​ភេរវកម្ម​ថ្មី​នេះ​គឺជា​ក្តីសង្ឃឹម​ដ៏​ធំ​របស់​យើង​សម្រាប់​ការដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​កន្លងមក​។ ដូច្នេះ ការសម្រេច​បែបណា​នោះ​វា​អា​ស្រ័យ​ទៅលើ​ប្រទេស​តួ​ក​គី​»​។​


​គួរ​ដឹង​ដែរ​ថា កាលពី​ឆ្នាំមុន ប្រទេស​ស៊ុយអែត ​បានស្នើ​សុំចូលជា​សមាជិក​របស់​អង្គការ​ណា​តូ បន្ទាប់ពី​រុស្ស៊ីបាន​ចូល​ឈ្លានពាន​លើទឹក​ដី​អ៊ុយ​ក្រែ​ន​។​

​សំណើ​នេះ​បានក្លាយ​ជាការ​​ផ្លាស់ប្តូរ​គោលនយោបាយ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ស៊ុយអែត ដែល​តែងតែ​ប្រកាន់​ជំហរ​មិន​ចូលបក្ស​សម្ព័ន្ធ​យោធា​ជាង ​២ សតវត្សរ៍​មកនេះ​។​


​ប្រទេស​តួ​ក​គី​តែងតែ​ធ្វើការ​រា​រាំង​សមាជិកភាព​ស៊ុយអែត ប៉ុន្តែ​បែរជា​អនុញ្ញាតឱ្យ​ប្រទេស​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ដោយ​លើក​ហេតុផល​ថា ស៊ុយអែត​ចាំបាច់​ត្រូវបង្កើត​ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ឱ្យបាន​តឹងរ៉ឹង​ជាង​នេះ​។​ការជាប់គាំង​នេះ​បាន​ជំរុញឱ្យមាន​ការ​​ប្រេះឆា​រវាង​ប្រទេស​តួ​ក​គី និង​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន​នៅពេលដែល​សម្ព័ន្ធភាព​នេះ​កំពុង​ព្យា​​យាម​សាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​កាលពី​ថ្ងៃ​អង្គារ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ចេ​ន ស្តូ​ល​ថិ​ន​ប៊ឺ​ក (Jens Stoltenberg)​ បាន​និយាយ ថា វា​ពិតជា​អាចទៅរួច​ក្នុង​ការដែល​អនុញ្ញាតឱ្យ​ស៊ុយ​អែ​ត​ចូលក្នុង​សម្ព័ន្ធភាព​អង្គការ ណា​តូ តាមរយៈ​កិច្ចប្រជុំ​កំពូល​របស់​សម្ព័ន្ធភាព​នេះ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ​១១ ខែកក្កដា​ខាងមុខនេះ​។

​លោក​បានសរសេរថា លោក​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក អេ​ដូ​​ហ្គែ​ន ​(Erdogan) ​កាលពី​ថ្ងៃ​អង្គារ​ដែល​ក្នុងនោះ​អ្នក​ទាំង​២ បាន​ពិ​ភា​ក្សា​អំពី​ការចូល​ជា​សមាជិក​របស់​ស៊ុយអែត​ទៅក្នុង​ណា​តូ​ទៀតផង​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់​តូ​នី ប្ល៊ី​ន​កែន (Antony Blinken)​ ក៏បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ស៊ុយអែត​កាលពី​ថ្ងៃ​អង្គារ​ផងដែរ​ពោលគឺ​មុន​ពេលដែល​ត្រូវ​បន្តដំណើរ​ទៅកាន់​កិច្ច​ប្រ​ជុំ​កំពូល​របស់​អង្គការ​ណា​តូ​។​

​លោក​បាន​លើកឡើងថា​៖ «​ពេលវេលា​ដែល​ត្រូវ​ដើរ​ឆ្ពោះទៅមុខ​គឺ​ដល់ពេល​ហើយ​ហើយ​យើង​ចង់ឃើញ​វា​កើតឡើង​មុនពេល​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​វី​ល​នី​ញូ​ស​ប្រទេស​លី​ទុយ​អា​នី​»​។​

​បន្ថែម​លើ​នេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden)​ បាន​និយាយ​ទៅកាន់​លោក អេ​រ​ដូ​ហ្គែ​ន​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​អបអរសាទរ​ក្នុង​ការដែល​លោក​បានឈ្នះ​ការ​​បោះឆ្នោត​ជាថ្មី​ម្ដងទៀត​។ លោក បៃ​ដិ​ន បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា យើង​ចង់បាន​កិច្ចព្រមព្រៀង​មួយ​ពាក់ព័ន្ធ​នឹង​ប្រទេស​ស៊ុយអែត ដូច្នេះ​សូម​ធ្វើ​វា​ឱ្យបាន​សម្រេច​»​។​

​រីឯ​ប្រទេស​តួ​ក​គី បាននិងកំពុង​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហរដ្ឋអាមេរិក​ដូចគ្នា​នោះ គឺ​ការទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F16 ប៉ុន្តែ​សភា​អាមេរិក​បាន​ពន្យារពេល សិន​។ កន្លងមក រដ្ឋបាល​លោក បៃ​ដិ​ន បាន​អនុ​ម័ត​យល់ព្រម​លក់​យន្តហោះ​ប្រ​​ភេទ F16 ភ្លាមៗ បន្ទាប់ពី​តួ​ក​គី​បានអនុញ្ញាត​ឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​។

​រហូតមកដល់​ពេលនេះ សភា​អាមេរិក​ចង់ឱ្យ​តួ​ក​គី​អនុម័ត​យល់ព្រម​លើ​សំណើ​របស់​ស៊ុយអែត​ជាមុនសិន​មុននឹង​ពួកគេ​ធ្វើ​សកម្ម​​ភាព​ណាមួយ​បន្ត ប៉ុន្តែ​តួ​ក​គី​នៅតែ​បន្ត​បង្ហាញ​ក្តីបារម្ភ​ចំពោះ​វិធាន​ការប្រឆាំង​ភេរវកម្ម​របស់​ប្រទេស​ស៊ុយអែត​។​

​ប្រធានាធិបតី​តួ​ក​គី​ចង់ឱ្យ​ប្រ​ទេស​ស៊ុយអែត​ទប់ស្កាត់​បាតុកម្ម​ដែល​ធ្វើឡើង​ដោយ​សមាជិក​នៃ​គណបក្ស​ពលករ​ឃើ​ដ ឬ​ហៅ​កាត់​ថា PKK​។ ហើយ​លោក​មានការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ទីក្រុង​ស្តុក​​ខុល ដែលមាន​ការដុត​គម្ពី​រ​កូ​រ៉ា​ន​នៅមុខ​ស្ថានទូត​តួ​ក​គី​។

​ដោយឡែក​ប្រទេស​ផ្សេងទៀត​របស់​អង្គការ​ណា​តូ​ចង់ឱ្យ​លោក អេ​ដូ​ហ្គែ​ន​គាំទ្រ​ដល់​សមាជិកភាព​របស់​ស៊ុយអែត ដោយសារតែ​ការព្រួយបារម្ភ​អំពី​សន្តិសុខ​នៅក្នុង​តំបន់​៕