កូរ៉េខាងត្បូងបាន​ទទួល​ជោគជ័យក្នុង​ការ​សាកល្បង​ប្រព័ន្ធ​ស្ទាក់​ចាប់​មីស៊ីល​ផលិត​ក្នុង​ស្រុក ​ដែល​កំពុង​ត្រូវបានផលិត​នៅដើម​សប្តាហ៍នេះ ជា​ជោគជ័យ​លើកទី៣​ ក្នុង​ចំណោម​ការ​សាកល្បង ៤ ​លើក មកទល់​ពេលនេះ ខណៈ​ប្រទេសនេះ កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារ​រដ្ឋ​សម្រាប់​ការ​អភិវឌ្ឍ​ការពារជាតិ​(ADD) បាន​បង្ហាញ​ដល់​អង្គភាព​សារព័ត៌មាន​អំពី​ដំណើរ​ការ​ទាំងមូល​​នៃការ​ធ្វើតេស្ត​ស្ទាក់​ចាប់​លើមីស៊ីល​រយៈចម្ងាយ​ឆ្ងាយបាញ់ពីផ្ទៃរាបទៅលើ​អាកាស​ (L-SAM) នៅ​ឯកន្លែង​សាកល្បង Anheung របស់ខ្លួន​ក្នុង​ទីក្រុងTaean មាន​ចម្ងាយ​ ១០៩​ គីឡូម៉ែត្រ​ភាគនិរតី​នៃ​ទីក្រុង​សេអ៊ូល ជា​លើក​ដំបូង​។

L-SAM គឺ​ជា​រចនាសម្ព័ន្ធ​៣​ដំណាក់កាល រួមទាំង​ដំណាក់កាល​ចុង​ក្រោយ «Kill Vehicle»។ ​ដោយ​ត្រូវ​បាន​ផលិតឡើង​ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​បាលីស្ទិក​ចូលមក​ក្នុង​រយៈកម្ពស់​ពី ៥០​-៦០​គីឡូម៉ែត្រ វាគឺជា​ធាតុ​សំខាន់​នៃ​ខែល​ប្រឆាំង​មីស៊ីល​ដែលមាន​ស្រទាប់​ទាប​របស់​ប្រទេស​ដែល​ហៅថា​ប្រព័ន្ធ​ការពារ​ដែន​អា​កាស​ និង​មីស៊ីល​កូរ៉េ​(KAMD)។


នៅលើ​អេក្រង់ធំ​នៅ​កន្លែង​សាកល្បងយាន​ Kill Vehicle ត្រូវបាន​គេមើល​ឃើញថា​ បាន​បាញ់​ចំ​មីស៊ីល​ គោលដៅ​យ៉ាង​ត្រឹមត្រូវ បន្ទាប់​ពី​ការ​បំបែកចេញ​ពី​ដំណាក់​កាលទី១​និង​ទី ២​ដោយ​ជោគជ័យ ជា​ទស្សនីយ​ភាព​ដែល​តាមដាន​មើល​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​ស្រាវជ្រាវ​ រួមទាំង​លោក​ រដ្ឋមន្ត្រី​ការពារ​ជាតិ Lee Jong-sup ​ផងដែរ​។

លោក Lee ​បាន​និយាយថា សមត្ថភាព L-SAM ដែល​ពង្រីក​ប្រព័ន្ធ​ការពារ​មីស៊ីល​ទៅ​ស្រទាប់​ខាងលើ​នៃ​ដំណាក់​កាល​ចុង​ក្រោយ​ (នៃ​ការ​ហោះហើរ​របស់​មីស៊ីល) នឹង​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ឆ្លើយតប​ទៅនឹង​ការ​គំរាម​កំហែង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​មីស៊ីល​របស់​សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង-អាមេរិក​។


ចាប់តាំង​ពីខែ​វិច្ឆិកា​ឆ្នាំមុន ​ADD បាន​ធ្វើការ​ធ្វើតេស្ត​ស្ទាក់ចាប់ L-SAM ចំនួន​៤​លើក ​។ ក្នុងចំណោម​ពួកគេ ការ​ធ្វើតេស្ត​ចំនួន​៣ លើក​រួមទាំងកា​រសាកល្បង​ចុងក្រោយ​បំផុត បាន​ទទួល​ជោគជ័យ​។

ក្រសួង​ការពារ​ជាតិ​បាន​និយាយថា ខ្លួន​គ្រោងនឹង​បញ្ចប់​ការ​អភិវឌ្ឍ L-SAM នៅ​ឆ្នាំ​ក្រោយ ចាប់​ផ្តើម​ដំណាក់​កាលផលិត​ទ្រង់ទ្រាយ​ធំនៅ​ឆ្នាំ ២០២៥​ និង​បាន​ចាប់ផ្តើមដាក់​ពង្រាយ​ប្រព័ន្ធ​ស្ទាក់ចាប់​នៅចុង​ទសវត្សរ៍ ​ឆ្នាំ ២០២០។

កម្មវិធី KAMD របស់​កូរ៉េ​ខាងត្បូង មាន​ប្រព័ន្ធ​ស្ទាក់ចាប់​ជា​ច្រើន រួមមាន​ទាំង​មីស៊ីល​ Patriot Advanced Capability-3 និង​មីស៊ី​រយៈចម្ងាយ​មធ្យម​ Cheongung-II ដែល​ត្រូវប្រើ​សម្រាប់​ការ​ស្ទាក់​ចាប់ ក្នុង​រយៈ​កម្ពស់ ៤០​ គីឡូម៉ែត្រ ឬ​ទាបជាង​នេះ​។

បន្ថែមពីលើនេះ កងកម្លាំង​អាមេរិក​កូរ៉េ បាន​ដំណើរកា​ប្រព័ន្ធ​ THAAD នៅតំបន់​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Seongju ដោយ​ពង្រឹង​សមត្ថ ភាព​ការពារ​មីស៊ីល​របស់​សម្ព័ន្ធ​មិត្ត។ ប្រព័ន្ធ THAAD ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​​អរិភាព ​នៅ​រយៈ​កម្ពស់ ៤០-១៥០ គីឡូ​ម៉ែត្រ​៕