អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​ស្រី​ Shu Jueting​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​ចិន​ នឹង​តាម​ដាន​​ឱ្យ​ដិត​ដល់​លើ​​​វឌ្ឍនភាព​​​នៃ​ការ​ពិភាក្សា​របស់​សហភាព​អឺរ៉ុប​ ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​លើក​ទី​១១​ ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ​ដែល​អាច​បណ្តាល​ឱ្យ​​​មាន​ការ​រឹត​បន្តឹង​ពាណិជ្ជកម្ម​ជាមួយ​​ចិន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ស្រី​Shu ​បាន​​ថ្លែង​​ថា​៖ «​ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ទណ្ឌកម្ម​ឯកតោ​ភាគី​ដែល​​គ្មាន​​មូលដ្ឋាន​​​ក្នុង​ច្បាប់​អន្តរជាតិ​ និង​គ្មាន​ការ​​​អនុញ្ញាត​ពី​​ក្រុម​ប្រឹក្សា​សន្តិសុខ​ ក៏​ដូច​ជា​យុត្តាធិការ​រយៈ​ពេល​វែង​»​។ លោក​ស្រី​បាន​បន្ថែម​ដោយ​​អំពាវ​នាវ​ឱ្យ​សហភាព​អឺរ៉ុប​«​ធ្វើ​សកម្មភាព​ដោយ​ប្រុង​ប្រយ័ត្ន​ និង​​កុំ​បង្កើត​​គំរូ​អាក្រក់​»​។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​​របស់​លោក​ស្រី​ Shuធ្វើ​ឡើង​ នៅ​ពេល​​គណៈកម្មាធិការ​ប្រតិបត្តិ​អឺរ៉ុប​របស់​សហភាព​អឺរ៉ុប​ ​បាន​ស្នើ​ជា​លើក​ដំបូង​  ឱ្យ​មាន​ឧបករណ៍​ផ្នែក​ច្បាប់​ ដើម្បី​​កំណត់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទី​​៣​ ដែល​​រុស្ស៊ី​ប្រើ​ដើម្បី​​គេច​ទណ្ឌកម្ម​​ដែល​មាន​ស្រាប់​។ ​


​សំណើរ​វិធាន​ការ​ថ្មី​នេះ​ បាន​ផ្ដោត​លើ​​ប្រទេស​ចិន​​​​​​ដែល​​​​រួមមាន​​ទាំង​ការ​ចុះ​បញ្ជី​ខ្មៅលើ​​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ និង​ការ​ដាក់​ចេញ​នូវ​យន្តការ​ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​ ដល់​ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​របស់​សហភាព​អឺរ៉ុប​ ទៅ​កាន់​ប្រទេស​ដែល​រារាំង​វិធានការ​របស់​ប្លុក​។​

​ក្រុម​ហ៊ុន​ចិន​មួយ​​ចំនួន​ ​ដែល​មាន​​​នៅ​ក្នុង​បញ្ជីខ្មៅដែល​សហភាព​អឺរ៉ុប​ស្នើ​ឡើង​នោះ​ក៏​​ស្ថិត​នៅ​ក្រោម​​ការ​ដាក់​ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេ រិក​រួច​ហើយ​ដែរ​ ដូច​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិ​ក​ King-Pai Technology ​ជា​ដើម​។​


អាមេរិក​​​ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ថា​ ​​ជា​ក្រុមហ៊ុន​​ចិន​ ដែល​ធ្វើ​ការ​ផ្គត់​ផ្គង់​ អង្គភាព​ជាច្រើន​​ក្នុង​វិស័យ​ឧស្សាហកម្មយោធា​របស់​រុស្ស៊ី​។​​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​Shu ​បាន​ថ្លែង​ថា​​៖ «​ប្រទេស​ចិន​នឹង​ការពារ​យ៉ាង​ម៉ឺង​ម៉ាត់​ នូវ​សិទ្ធិ​របស់​សហគ្រាស​ចិន​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ធម្មតា​»​៕