ថ្ងៃទី​​ ៣១ ខែឧសភា ឆ្នាំ​ ២០២៣ បណ្ដា​ប្រទេស​មួយចំនួន បាន​ប្រាប់​ទីភ្នាក់ងារ​អង្គ​​ការ​សហប្រជាជាតិ​ថា ការបាញ់​មី​ស៊ី​ល​សាកល្បង​របស់​កូរ៉េ​ខាង​ជើង កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ដែលជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​មមាញឹក​នៅក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន ហើយ​នាវា​ដឹកទំនិញ​ទាំងអស់នោះ ពុំ​ទទួលបាន​ការជូនដំណឹង​ជាមុន​ឡើយ​។​

​កាលពី​ថ្ងៃ​ពុធ កូរ៉េខាងជើងបាន​បរាជ័យ​ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​លើក​ទី​៦ ដែលមាន​បំពាក់អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​គ្រឿង​ម៉ាស៊ីន និង​តួខ្លួន​ផ្កាយរណប​ទាំងមូល​បាន​ធ្លាក់​ចូលទៅក្នុង​ទឹកសមុទ្រ​។​

​យ៉ាងណាក៏ដោយ ហេតុ​ការណ៍​នេះ​បាន​ជំរុញឱ្យមាន​ការ​ប្រកាសអាសន្ន និង​ការព្រមាន​ឱ្យធ្វើ​ការជម្លៀស​ខ្លួន​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​កូរ៉េ​ខាង​ ត្បូង និង​ប្រទេស​ជប៉ុន​។​


​គួរ​ដឹង​ដែរ​ថា យោងតាម​សេច​ក្ដី​សម្រេច​មួយ​ដែល​ត្រូវបាន​អនុម័ត​យល់ព្រម​ដោយ​ប្រទេស​ភាគច្រើន​ប្រមាណ​ជាជាង ១០០​ ប្រទេស កាលពី​មាន​ជំនួប​កិច្ចប្រជុំ​មួយ​ក្នុងគណៈ​ក​ម្មា​ធិ​ការ​សន្តិសុខ​របស់​អង្គការ​ដែន​សមុទ្រ​អន្តរជាតិ ឬ​ហៅ​កាត់​ថា IMO បណ្ដា​ប្រទេស​ទាំងនោះ​បានធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ដែលជា​សកម្មភាព​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​អ្នកធ្វើដំណើរ​តាម​សមុទ្រ និង​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​អន្តរជាតិ​។​

​យ៉ាងណាមិញ កូរ៉េខាងជើង បាន​ច្រានចោល​សេចក្តីសម្រេច​នេះ និង​បាន​បដិសេធ​សំណុំ​ឯកសារ​ដែល​ដាក់ជូន​ទៅកាន់​ទីភ្នាក់ងា​រ​ដែនសមុទ្រ​របស់​អង្គការសហប្រជាជាតិ​ដោយ​ប្រទេស​មួយចំនួន ក្នុងនោះ​រួមមាន​សហរដ្ឋអាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​។​


​កូរ៉េខាងជើង បានធ្វើ​ការឆ្លើយ​តប​ថា​៖ «​ការបាញ់​សាកល្បង​មី​ស៊ី​ល​គឺជា​ទម្លាប់​មួយ​ដ៏​សម​ស្រប និង​ជា​ផែនការ​ការពារ​ខ្លួន​ដែល​ធ្វើឡើង​ដោយ​រដ្ឋ​អធិប​តេ​យ្យ ដើម្បី​ការពារ​សន្តិសុខ​​ជាតិ​»​។​

​បន្ថែម​លើ​នេះ កូរ៉េខាងជើង បានលើកឡើង​ទៅកាន់​គ​ណៈ​​ក​ម្មា​ធិ​ការ IMO ​ថា​៖ «​កូរ៉េ​ខាង​ជើង មិន​ស្ថិតនៅក្នុង​កាលៈ​ទេសៈ​មួយ​ដែល​ត្រូវ​ផ្តល់​ការជូនដំណឹង​ជាមុន​អំពី​សកម្មភាព​សមយុទ្ធ​យោធា​របស់ខ្លួន និង​អំពី​វិធានការ​ការពារ​ខ្លួន​ណាមួយ​នោះទេ​»​។​

​កូរ៉េខាងជើងបាន​បន្ថែមថា​ការបាញ់​មី​ស៊ី​ល​នេះ គឺ​ផ្អែកទៅលើ​ការ​គណនា​បែប​វិទ្យាសាស្ត្រ​ដ៏​ត្រឹមត្រូវ និង​ឆ្លងកាត់​ការ​ពិ​ចារ​​ណា​លើ​ផលប៉ះពាល់​ផ្សេងៗ​ជាពិសេស​ផ្លូវ​នាវា​ដែល​កំពុង​ដំ​ណើ​រការ​នៅក្នុង​ដែន សមុទ្រ​។​

​គួរ​បញ្ជាក់ថា ប្រទេសមួយ​ចំនួន​ផ្សេងទៀត ក៏បាន​ដាក់​សំណុំ​ឯកសារ​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នេះ​ទៅកាន់​ទី​ភ្នា​ក់​​ងារ​ដែនសមុទ្រ​របស់​អង្គការសហប្រជាជាតិ​ផងដែរ​ក្នុង នោះ​មានដូចជា ប្រទេស​អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតា​លី ន័​រ​វែ​ស អេ​ស្ប៉ា​ញ អ៊ុយ​ក្រែ​ន អង់គ្លេស និង​វ៉ា​នូ​ទូ​៕