​ប៉ូលិស​អង់គ្លេស ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​នឹង​ដាក់​ពន្ធនាគារ​មេ​ក្លោង​​គ្រឿង​ញៀន​ជន​ជាតិ​អង់​គ្លេស​ ឈ្មោះ​ ​ Richard Wakeling ដែលទើប​​​ត្រូវ​បាន​គេ​ធ្វើ​បត្យាប័ន​​ពី​ប្រទេស​ថៃ​ ​​បន្ទាប់​ពី​ឧក្រិដ្ឋ​ជន​រូប​នេះ​ រត់​ភៀស​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។

លោក ​Wakelingវ័យ​ ៥៥​ ឆ្នាំ​ បាន​ភៀស​ខ្លួន​ចេញ​ពី​​អង់គ្លេស​ក្នុង​ឆ្នាំ​ ២០១៨​ មុន​ការ​កាត់​ក្ដី​របស់​លោក​ លើ​សំណុំ​រឿង​​​​រួម​គំនិត​ជាមួយ​ជន​ជាតិហូឡង់​​ជា​ច្រើន​នាក់​​ ដើម្បី​​ព្យាយាម​​​រត់​ពន្ធ ​អំហ្វេតាមីន​រាវ​ដែល​មាន​តម្លៃ​ ​​១០​លាន​ដុល្លារ​ ចេញ​ពី​បែលហ្ស៊ិក​ ចូល​ទៅ​ក្នុង​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៦​។ ​

យ៉ាង​ណា​មិញ​ លោក​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ឱ្យ​ជាប់​គុក​ ១១​ឆ្នាំ​ ហើយ​ដាក់​ក្នុង​បញ្ជី​​មនុស្ស​ដែល​គេ​ «​តាមចាប់ខ្លួន​»​របស់​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​អង់គ្លេស​(NCA)​។


​​

លោក​បាន​រស់​នៅ​ក្នុង​ទីក្រុង​ ​Hua Hin ​នៃ​ប្រទេស​ថៃ​ អស់​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​ប្រើ​​លិខិត​ឆ្លង​ដែន​អៀរឡង់​ក្លែង​ក្លាយ​​។​ នេះ​បើ​យោង​តាម​ប៉ូលិ​ស​ថៃ​ ដែល​បាន​ចាប់​ខ្លួន​​​លោក​នៅ​ទីក្រុង​បាងកក​ កាល​ពី​ខែ​កុម្ភៈ​។


លោក​ ​Wakeling ​ត្រូវ​បាន​មន្រ្តី​ជំនាញ​ធ្វើ​បត្យាប័ន​ទៅ​អង់គ្លេស​វិញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​​ហើយ​ត្រូវ​ដាក់​គុក​​​ភ្លាម​ៗ​​ ក្រោយ​បង្ហាញ​ខ្លួន​នៅ​តុលាការ​​។ ​នេះ​បើ​យោង​តាម​ NCA។

​ប្រធា​ន​ផ្នែក​ស៊ើប​អង្កេត​ក្នុង​តំបន់​​របស់​NCA ​លោក​Jacque Beer ​បាន​និយាយ​ថា​​៖« លោក ​Richard Wakeling​គិត​ថា​ ​លោក​អាច​គេច​ផុត​​ពី​ការ​កាត់​ទោស​ដោយ​រត់​ចេញ​ពី​ចក្រភព​អង់គ្លេស​​»​។

លោក Beer បាន​​បន្ត​ថា​៖ «​​ករណី​នេះ ​បង្ហាញ​ពី​​ប្រតិបត្តិការ​​​ជុំ​វិញ​សកល​​លោក​​របស់​​NCA ​ហើយ​ថា​ យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​ធានា​ថា​ អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​ ត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួក​គេ​ ទោះ​បី​ជា​វា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុនណា​ ​ឬ​ពួក​គេ​ រត់​គេច​ខ្លួន​ឆ្ងាយ​ប៉ុណ្ណា​ក៏​ដោយ​​»៕