មនុស្ស​រាប់​រយ​នាក់កាល​ពី​ថ្ងៃ​​អាទិត្យ​ ​បាន​ចេញ​​ធ្វើ​​បាតុកម្ម​នៅ​​​ទី​ក្រុង​ស្តុកខុលម៍​​ ដើម្បី​​ប្រឆាំងតវ៉ា​​នឹង​ច្បាប់​​ប្រឆាំង​ភេរវកម្ម​ថ្មី​របស់​ស៊ុយអែត។ នេះ​បើ​តាម​ការ​រាយការណ៍​ទីភ្នាក់ងារព័ត៌មាន ​AFP​។

​បាតុកម្ម​​​​តវ៉ា​នេះ​ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​មនុស្ស​​​ជិត​ស្និទ្ធ​នឹង​គណបក្ស​ពលករ​ឃើដ​(PKK) ​ដែលប្រ​ទេស​​តួកគី​ចាត់​ទុក​ថា ​ជា​ក្រុម​ភេរវករ​ និង​ធ្វើ​ឡើង​បន្ទាប់​ពី​ស៊ុយអែត​ បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ ដែល​​រាប់​ការ​ចូល​រួម​ជាមួយ «​អង្គការ​ភេរវករ»ថា ​ជា​​បទ​ឧក្រិដ្ឋ​។

​​​


បើ​តាម​AFPច្បាប់​ថ្មីនេះ​ ​ត្រូវ​បាន​អនុម័ត​ឡើង​ ដើម្បី​សម្រប​តាម​ការ​ទាម​ទារ​របស់ប្រធានាធិបតី​​​​តួក​គី លោក​ រ៉េស៊ីប​តៃយីប អេរ​ដូហ្គែន ​​ ដែល​​ចោទ​ប្រកាន់​ស៊ុយអែត​ថា​ ផ្ដល់​ជម្រក​ឱ្យ​ក្រុម​ PKK និង​សកម្ម​ជន​ជន​ជាតិ​កួដ​ ហើយ​​​រារាំង​ស៊ុយអែត​​​មិន​ឱ្យ​ក្លាយ​ជា​សមាជិក​​​អង្គ ការ​សម្ព័ន្ធភាព​យោធា​ណាតូ​។


​អ្នក​នាំ​ពាក្យ​សម្ព័ន្ធ​ភាព​ប្រឆាំង​​​ណាតូ​ ​លោក​Tomas Pettersson​ បាន​ប្រាប់​AFP ​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ ក្រោមបដា​​​ «​​គ្មាន​ណាតូ​ គ្មាន​ច្បាប់​​​​អ៊ែរដូហ្គាន់​ នៅ​​​ស៊ុយអែត​» ថា​៖ «​ពួក​គេ​​តាម​ធ្វើ​ទុក​បុក​ម្នេញ​ជន​ជាតិ​ឃើដ​ដល់​ប្រទេស​ស៊ុយអែត​»។

​លោក​Petterson​បាន​បន្ថែម​ថា​ គំនិត​នៅ​ពី​ក្រោយ​ច្បាប់​ ​គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​ «​ការ​ចាប់​ខ្លួន​ និង​ការ​កាត់​ទោ​ស​ និង​ជន​រង​គ្រោះ​» ដូច្នេះ​លោក​ ​ អេរ​ដូ​ហ្គែន នឹង​អនុញ្ញាត​ឱ្យ​ស៊ុយអែត​ចូល​​ក្លាយ​ជា​សមាជិក​ណាតូ​។

បើ​តាម​ AFP ​ក្រុម​អ្នក​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​គ្រវី​ទង់​ជាតិ​PKK ​ជា​ច្រើន​ រួម​ជាមួយ​នឹង​​បដា​​រ​សរសេរ​ថា​«​ទេ​ ចំពោះ​អង្គការ​ណាតូ»​។

ជុំ​វិញ​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​ក្រុម​ជន​ជាតិ​​ឃើដ​បែប​នេះ​​ ​ក៏​រង​ការ​ព្រមាន​ពី​​តួកគី​នា​ពេល​កន្លង​ទៅ​​ផង​ដែរ​។ កា​ល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ ​អ្នក​នាំ​ពាក្យ​របស់​លោក​​ អេរ​ដូហ្គែន​ ​​បាន​និយាយ​ថា ​​វា​ពិត​ជា​​មិន​អាច​ទទួល​យក​បាន​​ទេ​ ដែល​​ក្រុម​ភេរវករ​PKK ​បន្ត​ប្រតិបត្តិការ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​​ ហើយ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ុយអែត​​ប្រឆាំង​នឹង​ការ​តវ៉ា​។

​​

យ៉ាង​ណា​មិញ​ គួរ​គូស​បញ្ជាក់​ថា​ ទោះបីជាក្រុម​PKK ​ត្រូវ​បាន​ស៊ុយអែត​ចាត់​ទុក​ថា​ជា​អង្គការ​ភេរវករ​ក៏​ដោយ​ ​ក៏​​អ្នក​គាំ​ទ្រ​របស់​ក្រុម​នេះ​ ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​តវ៉ា​ជា​សាធារណៈ​ដែរ​ ដោយ​រដ្ឋាភិបាល​​ស៊ុយអែត​សំអាង​លើ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពល​រដ្ឋ​ខ្លួន​។​ ​

សូម​​រំឭក​ថា​ ស៊ុយអែត​ និង​ហ្វាំង​ឡង់​ បាន​ទម្លាក់​ចោល​គោលនយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ ហើយ​សុំ​ចូល​សមាជិក​ណាតូ​ ដោយ​ព្រួយ​បារម្ភ​ពី​​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​មុន​។

​តួកគី​ បាន​ប្រឆាំង​ចំពោះ​កិច្ច​ខំ​ប្រឹង​ប្រែង​នេះ​ យ៉ាង​ណា​មិញ​ បាន​​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​ណាតូ​ជា​ផ្លូវការ​​កាល​ពី​ខែ​មេសា​ ​ហើយ​​បន្ត​ការ​ប្រឆាំង​ចំពោះ​ស៊ុយអែត លុះ​ត្រាតែ​ប្រទេស​នេះ ​ធ្វើ​តាម​ការ​​ទាម​ទារ​របស់​ខ្លួន​​​​។

ជុំ​វិញ​ការ​បង្កើត​ច្បាប់​​ប្រឆាំង​ភេរវកម្ម​ថ្មី​​​​​​​របស់​ស៊ុយអែត​ រដ្ឋ​មន្ត្រី​​​​ការបរទេស​ស៊ុយអែត​ លោក​ Tobias Billstrom បាន​ថ្លែងកា​ល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ វា​ជា​ជំហាន​ចុង​ក្រោយ​របស់​​ស៊ុយអែត​ក្រោម​កិច្ច​ព្រម​ព្រៀង​ ដែល​​បាន​​ចុះ​​ហត្ថលេខា​​ ជាមួយ​តួកគី ​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​ឱ្យ​​ទីក្រុង​អង់ការ៉ា​បើក​ផ្លូវ​ឱ្យ​ចូល​ណាតូ​​សម្រាប់​​ក្រុង​ស្តុកខុមល៍​៕