ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបបានកើនឡើងនូវភាពតានតឹងជាថ្មី នៅពេលនាវាចម្បាំងរបស់ចិន បើកកាត់មុខនាវាពិឃាតរបស់អាមេរិកដែលហៀបនឹងបុកគ្នាប្រកបដោយភាពគ្រោះថ្នាក់បំផុត ក្រោយពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទើបបញ្ចប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគេស្គាល់ថា «Shangri La Dialogue» នៅប្រទេសសិង្ហបុរី។
រូបភាពវីដេអូថ្មីមួយដែលបង្ហាញដោយយោធាជើងទឹកអាមេរិកកាលពីល្ងាចថ្ងៃអាទិត្យ ហើយត្រូវបណ្តាញព័ត៌មានអន្តរជាតិនានាផ្សព្វផ្សាយជាព្រឹត្តិការណ៍សំខាន់បង្ហាញថា ឧបទ្ទវហេតុស្ទើរតែប៉ះទង្គិចគ្នាបានកើតឡើងនៅថ្ងៃសៅរ៍ ទី ៣ ខែមិថុនា ឆ្នាំ ២០២៣ នៅពេលនាវាពិឃាត USS Chung-Hoon និង HSMC Montreal របស់ប្រទេសកាណាដា ដែលជានាវាចម្បាំង កំពុងដំណើរការ «តាមទម្លាប់» ឆ្លងកាត់ច្រកសមុទ្រ ដែលបំបែកតៃវ៉ាន់ពីចិនដីគោក។
តាមរូបភាពវីដេអូនោះ នាវាចម្បាំងរបស់ចិនបានបើកឆ្លងកាត់ផ្លូវរបស់នាវារបស់អាមេរិក ហើយនាវាអាមេរិក Chung-Hoon ក៏មិនផ្លាស់ប្តូរផ្លូវរត់ដែរ។ ច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកដ៏រសើប និងជាយុទ្ធសាស្ត្រ ដែលបានក្លាយជាចំណុចតានតឹងជាទូទៅរវាងសហរដ្ឋអាមេរិកនិងចិន។ ចិនតែងតែទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងទាំងផ្នែកយោធា និងនយោបាយលើដែនកោះនេះ ដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង។
សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែចាត់ទុកតៃវ៉ាន់ជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធសម្រាប់តៃវ៉ាន់ការពារខ្លួន។ អាមេរិកក៏ធ្វើការល្បាតតាមជើងទឹក និងផ្លូវអាកាសជាប្រចាំក្នុងតំបន់ដើម្បីអះអាងសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ ព្រមទាំងជំទាស់នឹងការទាមទារទឹកដីដ៏ធំរបស់ចិនលើកោះនេះ៕