ក្មេងស្រី​សិស្សសាលា​បឋម​សិក្សា​យ៉ាងហោចណាស់​ជិត​​ ៨០​ នាក់​រង​ការបំពុល នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អា​ហ្វ​ហ្គា​​នី​ស្ថាន ​ដែល​គ្រប់គ្រង​ដោយ​របប​តា​លី​បង់​ដែល​ប្រកាន់​តឹងរ៉ឹង និង​រឹតត្បិត​សិស្សស្រី​សម្រាប់​ការចូល​រៀន​។

​តាម​ការចុះផ្សាយ​របស់​សារ​ព័ត៌មាន AP មន្ត្រី​អប់រំ​ក្នុង​តំបន់​របស់​អា​ហ្វ​ហ្គា​នី​ស្ថានបានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​ ៤ ខែមិថុនា ឆ្នាំ ​២០២៣ ថា ក្មេងស្រី​ជិត ៨០​ នាក់ ដែល​រៀន​នៅ​សាលាបឋមសិក្សា​ចំនួន​ ២ ត្រូវបាន​គេ​បំពុល ហើយ​ត្រូវ​បញ្ជូនទៅឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​លោក Mohammad Rahmani ដែលជា​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត SarePul បាន​និយាយថា ការវាយប្រហារ​បានកើត​ឡើង​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​​អាទិត្យ​ហើយ​ក្នុងចំណោម​សិស្ស​ទាំង​ជិត ៨០ ​នាក់​ ដែល​ត្រូវគេ​បំពុល​នោះ​មាន ៦០ នាក់ មកពី​សាលាបឋមសិក្សា​ Naswan-e-KabodAab និង​ ១៧ ​នាក់​ផ្សេងទៀត មកពី​សាលាបឋមសិក្សា Naswan-e-Faizabad​។


​លោក Rahmani បាន​បន្ត​ប្រាប់ AP ថា សាលា​បឋម​​សិក្សា​រងគ្រោះ​ទាំង ​២​ ស្ថិតនៅ​ជិតគ្នា ហើយ​ត្រូវបាន​ជន​ដៃ​​ដល់​បំពុល​ជា​បន្តបន្ទាប់​គ្នា​។ យ៉ាងណាមិញ លោក​ថា ក្មេង​​ស្រី​រងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​លែងមាន​បញ្ហា​អ្វី​ហើយ​។

​ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​មន្ទីរអប់រំ​ក្នុង​តំបន់​ដដែល​ខកខាន​ក្នុងការ​បញ្ជាក់​លម្អិត​អំពី​របៀប​ដែល​អ្នក​វាយប្រហារ​បំពុល ឬថា​តើ​ក្មេងស្រី​សិស្ស​សាលា​ទាំង​ ២ ​ខាងលើ​រង​ការ​បំពុល​ដោយ​របៀប​ណា និង​មាន​អាការ​ពុល​បែបណា​នោះទេ​។ បន្ថែម​ពីលើ​នេះ លោក Rahmani ក៏​មិនបាន​កំណត់​អាយុ​របស់​ពួកគេ​ទេ គ្រាន់តែ​និយាយថា សិស្ស​ទាំងអស់​នៅ​រៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី៦ ប៉ុណ្ណោះ​៕