ឥណ្ឌូនេស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកពហុភាគី ចំពេលភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិកកំពុងបន្តអូសបន្លាយ

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូនេស៊ី បានបើកសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនសមុទ្ររបស់ខ្លួនជាមួយកងទ័ពជើងទឹកមកពីប្រទេសនានា រួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងជាដើម។
សមយុទ្ធយោធានេះ បានធ្វើឡើងចំពេលស្ថានភាពក្នុងតំបន់កំពុងមានភាពតានតឹងខ្លាំង ជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក។
កងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធានេះ បានធ្វើឡើងនៅតំបន់ជុំវិញកោះកូម៉ូដូ (Komodo) ហើយវាមិនមែនជាសមយុទ្ធយោធា ដើម្បីត្រៀមទៅធ្វើសង្គ្រាមនោះទេ ប៉ុន្តែជាការធ្វើឡើងក្នុងគោលបំណងសំខាន់មួយគឺការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹកជាមួយបណ្ដាប្រទេសចំនួន ៣៦ ប្រទេសមកពីគ្រប់តំបន់នៅទូទាំងពិភពលោក។
សមយុទ្ធនេះផងដែរក៏បានធ្វើឡើងចំពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងមានភាពរកាំរកូសការទូតផ្នែកយោធានៅក្នុងតំបន់កាន់តែខ្លាំងឡើង ពោលគឺពួកគេបានធ្វើសកម្មភាពយោធាផ្សេងៗគ្នាជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់ និងនៅលើផ្លូវទឹកដ៏មមាញឹកនៃតំបន់សមុទ្រចិនខាងត្បូងនិងតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច។
ជាការកត់សម្គាល់ សមយុទ្ធយោធាដែលផ្ដួចផ្ដើមឡើងដោយប្រទេសឥណ្ឌូនេស៊ីលើកនេះ ជាព្រឹត្តិការណ៍មួយដែលបានប្រព្រឹត្តទៅក្រោយពីឧប្បត្តិហេតុកាលពីចុងសប្តាហ៍ដែលបានកើតឡើងនៅច្រកសមុទ្រតៃវ៉ាន់។
យោងតាមកងនាវាចរណ៍អាមេរិកម្នាក់បានឱ្យដឹងថាឧប្បត្តិហេតុនោះ គឺបង្កឡើងដោយនាវាចម្បាំងមួយរបស់ចិនបានបើកកាត់មុខនាវារបស់សហរដ្ឋអាមេរិក ស្ទើរតែប៉ះទង្គិចគ្នាទៅហើយ។
ដោយឡែក កងនាវាចរណ៍ឥណ្ឌូនេស៊ីបានបញ្ជាក់ឱ្យដឹងថា នាវាចំនួន ១៥ គ្រឿង ក្នុងនោះរួមមាននាវារបស់ប្រទេស ចិន និងប្រទេសរុស្ស៊ីផងដែរ បានទម្លាក់យុថ្កាចុះសំចតនៅក្បែរកោះ ស៊ូឡាវ៉េស៊ី (Sulawesi) កាលពីថ្ងៃចន្ទ ខណៈដែលសមយុទ្ធយោធានៅតំបន់កោះកូម៉ូដូបាននិងកំពុងចាប់ផ្តើម។
គួរដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍មួយរបស់រដ្ឋចិនឈ្មោះថា CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាតមួយឈ្មោះថា ចានជាង (Zhanjiang) និងនាវាចម្បាំង ស៊ូឆាង (Xuchang) មកធ្វើសមយុទ្ធរួមគ្នា។ នាវាទាំង២ នេះ ប្រទេសចិនបានដាក់បំពាក់ទៅដោយប្រព័ន្ធនាំផ្លូវគ្រាប់មីស៊ីលទៀតផង។
គួររំឭកថា សមយុទ្ធនៅតំបន់កោះកូម៉ូដូឆ្នាំនេះ គឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាលើកទី៤ ហើយដែលឥណ្ឌូនេ ស៊ីបានធ្វើជាប្រទេសទទួលភារៈរៀបចំធ្វើជាម្ចាស់ផ្ទះនេះ បើរាប់ចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ២០១៤ មក៕