មន្ត្រីអាមេរិក និងចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ចំពេលភាពតានតឹងទំទាក់ទំនងរវាងប្រទេសទាំង ២ កើនឡើង

ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា មន្រ្តីសហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងគ្មានអ្វីលាក់លៀម នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃចន្ទ ចំពេលដែលភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំង ២ កើនឡើង។
ក្រសួងនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink និងនាយិកាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកចំពោះកិច្ចការនៅចិន លោកស្រី Sarah Beran បានជួបពិភាក្សាដោយគ្មានអ្វីលាក់លៀម ជាមួយអនុរដ្ឋមន្ត្រីការបរទេសប្រតិបត្តិនៃក្រសួងការបរទេស លោក Ma Zhaoxu និងអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិកខាងជើង និងមហាសមុទ្រ លោក Yang Tao ដើម្បី«ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងការកសាងទំនាក់ទំនងការទូតកម្រិតខ្ពស់រវាងប្រទេសទាំង ២»។
ក្រសួងបន្តថា ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗទៀត ដោយបន្ថែមថា មន្ត្រីអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរលើផលប្រយោជន៍ និងតម្លៃរបស់សហរដ្ឋអាមេរិក។
ចំណែកឯក្រសួងការបរទេសចិន និយាយក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃអង្គារថា៖ «ភាគីទាំង២ បានធ្វើការទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ ស្ថាបនា និងផ្លែផ្កា លើការលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងចិន-អាមេរិក និងការគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ»។ ទោះបីជាភាពតានតឹងកាន់តែកើនឡើងក៏ដោយ ក្រសួងបានបន្ថែមថា ការទំនាក់ទំនងគ្នានឹងនៅតែបើកចំហ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាថ្នាក់កណ្តាលនេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិក បានចោទប្រកាន់ប្រទេសចិនពីបទធ្វើសមយុទ្ធ «ដែលគ្មានសុវត្ថិភាព» ក្បែរនាវាយោធាអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចរបស់ លោក Kritenbrinkទៅក្រុងប៉េកាំង ដើម្បីជំនួបពិភាក្សា ក៏ធ្វើឡើងផងដែរ បន្ទាប់ពីក្រុងប៉េកាំង បានបដិសេធសំណើសម្រាប់កិច្ចប្រជុំផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីចិនលោក Li Shangfu នៅក្រៅកិច្ចប្រជុំកំពូលសន្តិ សុខ ក្នុងប្រទេសសិង្ហបុរីកាលពីសប្ដាហ៍មុន៕