ប្រទេស​បង់ក្លាដែស ​ដែល​បិទ​ជាប់គាំង​លុយ​ប្រាក់ បាន​បិទរោង​ចក្រថាមពល​ដ៏ធំ​បំផុត​របស់​ខ្លួន​ កាលពី​ថ្ងៃចន្ទ ដោយសារ​តែខ្លួន​មិន​អាច​មាន​លទ្ធភាព​ទិញ​ធ្យូង​ថ្មសម្រាប់​ដុតវា​បាន​ ខណៈ ​រលក​កម្តៅ​យ៉ោង​​ក្តៅ​គគុក នាំ​ឱ្យ​តម្រូវ​ការ​អគ្គិសនី ​កើនឡើង។


អ្នក​គ្រប់គ្រង Shah Abdul Mawla បាន​ប្រាប់សារព័ត៌មា​ន​​ AFPថា រោង​ចក្រ​ថាមពល Payra ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ទំហំ ១ ៣២០ មេហ្គាវ៉ាត់​នៅ​ភាគខាងត្បូង​ប្រទេស​បង់ក្លាដែស​បាន​កាត់បន្ថយ​ផលិតកម្ម​រួចហើយ​កាលពី​ខែមុន ​ដោ​យសារ​តែការ​ខ្វះខាត​ប្រេងឥន្ធនៈ ប៉ុន្តែវា​ត្រូវ​បានបង្ខំឱ្យ​បន្ត​មួយ​ជំហាន ទៀត​កាលពី​ថ្ងៃចន្ទ។ ​


លោក Mawlaបាន​និយាយថា៖«​ដោយសារ​តែ​កង្វះធ្យូងថ្ម ​រោងចក្រនេះ ​បានបិទ​ទាំងស្រុង​នៅ​ម៉ោង ១២:១៥​ នាទី​យប់ថ្ងៃនេះ» ដោយ​បន្ថែមថា គាត់​សង្ឃឹមថា​ផលិតកម្ម​អាច​ត្រូវ​បាន​ស្ដារឡើង​វិញ​ក្នុង​រយៈពេល​៣​សប្តាហ៍​នៅពេល​ដែល​ការ​ដឹកជញ្ជូន​ធ្យូង​ថ្ម​មកដល់។​


ប្រទេស​បង់ក្លាដែស កំពុង​តស៊ូ​ប្រឆាំង​នឹ​ងរូបិយប័ណ្ណ​ដែល​កំពុង​ធ្លាក់ចុះ ដោយ​ទុន​បំរុង​ប្តូរ​ប្រាក់​បរទេស​ធ្លាក់​ចុះ​ពី ៤៦​ ពាន់​លានដុល្លារ​ក្នុង​ខែមករា​ឆ្នាំមុន​ដល់ ៣០ ​ពាន់លាន​ដុល្លារ​ នៅចុង​ខែមេសា​ឆ្នាំនេះ​។


អត្រា​អតិផរណា​ផ្លូវការ​គឺ​ប្រហែល ៩,៩​ ភាគរយ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​ឯករាជ្យ​និយាយថា ​តួលេខ​ពិតប្រាកដ​ គឺ​ខ្ពស់​ជាងច្រើន​។


ប្រទេសនេះ បាន​ប្រឈមមុខ​នឹងការ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​រហូតដល់ ៥​ម៉ោង​ក្នុង១​ ថ្ងៃក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ ខណៈ​ដែល​រលក​កម្តៅ​ បាន​បោក​បក់​ពាសពេញ​ប្រទេស ​ដែល​បង្កើត​ឱ្យ​តម្រូវការ​ថាមពល​កើនឡើង។

ប្រទេស​បង់ក្លាដែស​បាន​កត់ត្រា​សីតុណ្ហ​ភាព ៤១,១ អង្សាសេ កាលពី​ថ្ងៃចន្ទ ដោយ​រដ្ឋាភិបាល​បាន​បិទ​សាលា​បឋម​សិក្សា រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​គោល​បំណង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្តៅ។

អ្នក​នាំពាក្យ​ក្រុមហ៊ុន Power Grid នៃ​ប្រទេស​បង់ក្លាដែស លោក ABM Badruddoza Khan បាន​និយាយថា ប្រទេសនេះ​បាន​ជួប​ប្រទះការខ្វះខាត​អគ្គិសនី​ចំនួន ​២៥០០ មេហ្គាវ៉ាត់​នៅក្នុង​បណ្តាញ​ជាតិ​ បើ​ប្រៀបធៀប​ទៅនឹង ​២២០០ មេហ្គាវ៉ាត់​កាលពី​១ ថ្ងៃមុន ជា​មួយនឹង​តម្រូវការ​ប្រចាំ​ថ្ងៃ​ប្រហែល ​១៦ ​០០០ មេ​ហ្គាវ៉ាត់​។

លោក រដ្ឋមន្ត្រី​ក្រសួង​ថាមពល Nasrul Hamid បាន​និយាយថា លោក​សង្ឃឹម​ថា​ នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នេះ​មាន​លក្ខណៈ​ធម្មតាឡើង​វិញ​ក្នុងរយៈពេលពី ១០​ ទៅ ១៥​ ថ្ងៃ​។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​យើង​មិន​អាច​ផ្តល់​ធ្យូងថ្ម ឧស្ម័ន ​និង​ឥន្ធនៈ​គ្រប់គ្រាន់​បាន​ទេ​»​ ដោយ​បន្ទោស​លើ​កត្តា​សេដ្ឋកិច្ច​ក្នុង​នោះ​មាន​ការ​ធានា​លិខិត​ឥណទាន​»​។

ប្រាក់តាកា​របស់បង់ក្លាដែស​បាន​ធ្លាក់ចុះ​ប្រហែល ​២៥​ ភាគរយធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​មុន ដែល​ជំរុញឱ្យ​តម្លៃ​នៃ​ការនាំ​ចូល​ប្រេង​ឥន្ធនៈ និង​ឧបករណ៍​ប្រើប្រាស់​ថាមពល​កើនឡើង​។

កាល​ពីខែ​កុម្ភៈ​កន្លងទៅ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ចុះហត្ថ​លេខា​លើ​កញ្ចប់​ជំនួយ​ចំនួន​ ៤,៧ ពាន់​លាន​ដុល្លារ ​សម្រាប់​ប្រទេស​បង់ក្លាដែស​៕