​តុលាការ​ប្រជា​មានិត​វៀតណាម​ប្រចាំ​ខេត្ត​ភាគពាយ័ព្យ​​​ Son La ​​បាន​កាត់​ទោស​ប្រហារ​ជីវិត​​មនុស្ស​ចំនួន​ ១​០​ នាក់​ និង​​​ដាក់​គុក​អស់​​​​មួយ​ជីវិតម្នាក់​ ជុំ​វិញសំណុំ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​អំឡុង​​​​សវនាការ​ពី​ថ្ងៃ​ទី​ ១-៥ ខែ​មិថុនា​ កន្លង​ទៅ​។ ​នេះ​បើ​តាម​​ការរាយការណ៍​របស់​កាសែតអនឡាញ​​ VnExpress។

ជន​ជាប់​ចោទ​ទាំង​ ១១ នាក់​ ដែល​មាន​​​អាយុ​ចន្លោះ​ពី​ ២៨ ​ឆ្នាំ​ ដល់​ ៥១ ​ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ពិរុទ្ធ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ ២១ គីឡូក្រាម​។​

​ការ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ ចាប់​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០២០ ​ដល់​ថ្ងៃ​ទី​ ១៦ ​ខែ​មករា​ ឆ្នាំ​ ២០២១ ​ជន​ជា​ប់​ចោទ​ទាំង​អស់​បាន​ជួញ​ដូរ​ដោយ​ខុស​ច្បាប់ជា​ច្រើន​ដង​​ នូវ​សារធាតុ​ញៀន ​រួម​មាន​ មេតំហ្វេតាមីន​ អំហ្វេតាមីន​ និង​ខេតាមីន​ ជា​ច្រើន​ដង​។​ ប្រតិបត្តិការ​ជួញ​ដូរ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ធ្ងន់​ធ្ងរ​។


ប្រតិបត្តិការ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា «ធ្ងន់ធ្ងរ» ​ដោយ​​​​​សមាជិក​ក្រុម​ជួយ​ដូរ​ខ្លះ​ ថែម​ទាំង​បាន​លក់​ថ្នាំ​នៅ​ ​​​ម​ន្ទីរ​​ពេទ្យ​​​ព្យាបាល​ផ្លូវ​ចិត្ត​​ជាតិ​​ទី​១ ​ក្នុង​​ទីក្រុង​​ហាណូយ​ ទៀត​ផង​។ សមាជិក​ក្រុម​ម្នាក់​ ឈ្មោះ​ ​​Nguyen XuanQuy​ បាន​ទទួល​ការ​​កាត់​ទោស​ប្រហារ​ជីវិត​ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ ​​ពី​បទ​រក្សា​ទុក​ សម្រួល​ការ​ប្រើ​ប្រាស់​ និង​លក់​គ្រឿង​ញៀន​ ដោយ​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​រៀប​ចំ​ពិធី​ជួប​ជុំ​​សេព​គ្រឿង​ញៀន​ ពេល​លោក​​កំពុង​​ស្ថិត​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​ផ្លូវ​ចិត្ត​នោះ​ ក្នុង​នាម​ជា​អ្នក​ជំងឺ​។


គួរ​បញ្ជាក់​ថា​ យោង​តាម​ច្បាប់​របស់​វៀតណាម​ ជន​ណា​ដែល​រក​ឃើញ​ថា​​ជួញ​ដូរ​ ឬ​កាន់​កាប់​ហេរ៉ូអ៊ីន​លើស​ពី​ ៦០០ ​ក្រាម​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត​៕​