​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​របស់​ប្រទេស​មហា​យក្ស​ចិន បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​​ការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គា​រថា កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្នុង​តំបន់​ជាច្រើន​នៃ​សមុទ្រ​ចិន​ខាងកើត​។​

​សេចក្តីថ្លែងការណ៍​នោះ បានចង្អុលបង្ហាញ​ពី​ការ​សម្រប​សម្រួល​នៅ​តំបន់​ដែល​បាន​បិទ​សម្រាប់​ការធ្វើ​នាវាចរណ៍ ដែលជា​ពិសេស​រួមមាន​តំបន់​ភាគ ខាងជើង​នៃ​កោះ​តៃវ៉ាន់​ក្បែរ​ទីក្រុង Taizhou នៃ​ខេត្ត Zhejiang​។

​សមយុទ្ធ​នៅ​ទីនោះ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ ​១១ ​និង ​៣០ ព្រឹក ម៉ោង​ក្នុងស្រុក ត្រូវ​នឹង​ម៉ោង​ ០៣:៣០ ​ម៉ោង​សកល ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ម៉ោង ៣:00 ​រសៀល​ ត្រូវ​នឹង​ម៉ោង ​0៧:០០ ដែលជា​ម៉ោង​សកល​។​


​សមយុទ្ធ​ជាច្រើន​ទៀត បានចាប់ផ្តើម​នៅ​តំបន់​ដដែល នៅ​ព្រឹក​ព្រលឹម ហើយ​នឹងមាន​រហូតដល់​ម៉ោង​ ៩​ យប់ ម៉ោង​ក្នុងស្រុក​ត្រូវ​នឹង​ម៉ោង​ ១៣:០០ ម៉ោង​សកល​។​

​ប្រទេស​ចិន​តែងតែ​ធ្វើ​សមយុទ្ធ​នៅតាម​ឆ្នេរសមុទ្រ​របស់ខ្លួន ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ប្រឈម​ជាមួយ​កោះ​តៃវ៉ាន់​ដែលជា​ដែនដី​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែប​លទ្ធិប្រជាធិបតេយ្យ មិន​រណប​ទីក្រុង​ប៉េកាំង និង​រក្សា​ភាពជា​ដៃគូ​ដ៏​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​។​


​របាយការណ៍​អំពី​ការ​កើន​ឡើង​នៃ​កម្លាំងយោធា​របស់​ចិន​នៅក្នុង​តំបន់ បានចាប់ផ្តើម​បន្ទាប់ពី​កិច្ចប្រជុំ​ កាលពី​ថ្ងៃទី ៥ ខែមេសា រវាង​ប្រធានសភា​តំណាងរាស្ត្រ​អាមេរិក លោក Kevin McCarthy និង​លោកស្រី Tsai Ingwen ប្រធានាធិបតី​តៃវ៉ាន់​។​

​ក្រសួងការបរទេស​ចិន បានចេញ​ការតវ៉ា​ដោយ​លើកឡើងថា ជំនួប​នោះ បាន​រំលោភ​លើ​គោលការណ៍​ចិន​តែ​ ១​។​

​នៅ​ថ្ងៃទី ៨-១០ ខែមេសា បញ្ជាការ Theater ភាគ​ខាង​កើត​របស់​ប្រទេស​ចិន បានធ្វើ​សមយុទ្ធ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ក្នុង​ដែនទឹក​ភាគ​ខាងជើង ខាងត្បូង និង​ខាងកើត​នៃ​កោះ​ដ៏​រសើប​នេះ​។ សមយុទ្ធ​នេះ ត្រូវ​បានកំណត់​ដាក់ឈ្មោះថា ​«​ដាវ​រួម​» ហើយ​ការ​ល្បាត​ជុំ​​វិញ​កោះ​តៃវ៉ាន់ ត្រូវបានធ្វើ​ឡើង​ស្របគ្នា​ផងដែរ​។​

​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋបាល​មូលដ្ឋាន​របស់ខ្លួន តាំងពី​ឆ្នាំ​ ១៩៤៩ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បានចាត់ទុក​កោះ​នេះ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​របស់ខ្លួន​។ រដ្ឋាភិបាល​អាមេរិក​នៅតែ​រក្សា​ទំនាក់ទំនង​ល្អ និង​នៅតែ​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​និង​ឧបករណ៍​យោធា​ទំនើបៗ​ដល់​តៃវ៉ាន់​៕