ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​ យូន ស៊កយ៉ូល​ បាន​​បង្កើន​​ការ​រិះ​គន់​ឯកអគ្គ​រដ្ឋ​ទូត​ចិន ​​កាល​​ពី​ថ្ងៃ​អង្គារ​ទី​១៣ ​​ខែមិថុនា​ ​​​ចំពោះ​ការ​លើក​ឡើង​មិន​​សមរម្យ​ថា​ កូរ៉េខាង​ត្បូង ​ចូល​ដៃ​ខុស​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​កា​រ​ប្រឆាំង​នឹង​ចិន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ការ​រិះ​គន់​បែប​នេះ​​ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​​ឯក​អគ្គ​រដ្ឋ​ទូត​​ចិន​ប្រចាំ​កូរ៉េខាង​ត្បូង​ លោក​​​ Xing Haiming​ បាន​​ប​ង្កឱ្យ​មាន​ភាព​​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​សប្តាហ៍​មុន​ ដោយ​​​និយាយ​ព្រមាន​កុំ​ឱ្យ​កូរ៉េខាង​ត្បូង​​​«ជ្រើស​រើស​ខុស​»​​ នៅ​ពេល​ដែល​និយាយ​​អំពី​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ចិន​ និង​អាមេរិក​ ហើយ​ជំរុញ​​ឱ្យ​ក្រុង​សេអ៊ូល​ ​​បញ្ឈប់​​ការ​បែក​បាក់​គ្នា​​ពី​ប្រទេស​ចិន​។​

ក្រសួង​ការ​បរទេ​ស​កូរ៉េ​ខាង​ត្បូង​ បាន​កោះ​ហៅ​លោក ​Xing ​កាល​ពី​ថ្ងៃ​​សុក្រ​ ដើម្បី​​ជា​ការតវ៉ា​ និង​សម្តែង​កា​រ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​មតិយោបល់​ដែល​ក្រសួង​ចាត់​ទុក​ថា​ជា​ការ​ «ញុះ​ញង់​» និង​ការជ្រៀត​​​ជ្រែកកិច្ចការ​ផ្ទៃ​ក្នុង​ដែល​អាច​កើត​មាន​។


ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បង្ហាញ​ការ​​មិន​ពេញ​ចិត្ត​​បន្ថែម​​របស់​​លោក​យ៉ាង​ច្បាស់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ចោទសួរ​​ពី​វិធីសាស្រ្ត​របស់​លោក ​Xing ​ ក្នុង​នាម​ជា​អ្នក​ការ​ទូត​។​

ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap បាន​រាយការណ៍​ ដោយ​​ស្រង់​​​សម្ដីមន្រ្តីមិន​បញ្ចេញ​ឈ្មោះ​​​​ក្នុង​កិច្ច​ប្រជុំ​នោះ​​ ដោយ​ត្រាប់​តាម​​សម្ដី​របស់​លោក​ យូន ​​ថា​​​៖ «​ក្រឡេក​មើល​អាកប្បកិរិយា​របស់​ឯកអគ្គ​រដ្ឋ​ទូត​ Xing ​​មិន​ដឹង​​ជា​លោក​មាន​អាកប្ប​កិរិយា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ឬ​ការ​លើក​កម្ពស់​មិត្ត​ភាព​ក្នុង​នាម​ជា​អ្នក​ការ​ទូត​ ឬ​អត់​?»​។


ប្រភពដដែល​​បន្ត​​ដោយ​លើក​​ឡើង​ពី​សម្ដី​​របស់​ប្រធានាធិបតីដដែល​ថា​៖«​ប្រជាជន​​យើង​ ​មិន​​​ពេញ​​ចិត្ត​​នឹង​​អាកប្បកិរិយា​​​មិន​​សម​រម្យ​​រប​ស់​​​លោក​ទេ​»​។​

Yonhap បាន​លើក​ឡើងថា ខ្លួន​មិន​ទទួលបាន​ការ​ឆ្លើយ​តប​​ភ្លាម​ៗ​ពី​ការិយាល័យ​ប្រធានាធិបតី​បាន​ទេ​​ ប៉ុន្តែ​​មន្ត្រី​ពី​ការិយាល័យ​​ដដែល​ម្នាក់​ ​បាន​និយាយ​ថា​ លោក​ Xing ​បាន​លើក​​ឡើង​​ខុស​ពី​ការពិត​ ​ហើយ​រដ្ឋាភិបាល​ កំពុង​រង់​ចាំ​«​វិធានការ​សម​ស្រប​»​ ពី​ប្រទេស​ចិន​។ ​

កូរ៉េ​ខាង​ត្បូង​គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹង​មាំ​របស់​សហរដ្ឋអាមេរិក​ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ និង​មាន​កង​ទ័ព​​អាមេរិក​ឈរ​ជើង​ជិត​ ២៨ ០០០ នាក់​ ប៉ុន្តែ​​ប្រទេស​​នេះ​បាន​បង្កើត​ទំនាក់ទំនង​​សេដ្ឋកិច្ច ​យ៉ាង​ទូលំ​ទូលាយ​​​ជាមួយ​ប្រទេស​ចិន​៕