អង្គការ​ណា​តូ ​​​នឹង​បង្កើត​ការិយាល័យ​​ទំនាក់​ទំនង​មួយ​នៅ​ទីក្រុង​តូក្យូ នៅ​ឆ្នាំ​២០២៤​ខាងមុខ​ ​ហើយ​ប្រើប្រាស់​ការិយាល័យ​នេះ​ ជា​មជ្ឈមណ្ឌល​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​អូស្ត្រាលី​ ជប៉ុន នូ​វែល​សេ​ឡង់ និង​កូរ៉េ​ខាងត្បូង។ ​​​នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត Nikkei របស់ជប៉ុន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី១៣ ខែមិថុនា​។​​​

ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ កាលពី​ខែ​ឧសភា បានឱ្យ​ដឹង​ថា ​សម្ព័ន្ធភាព​យោធា​ណា​តូ ដឹកនាំ​ដោយ​​​សហរដ្ឋ​អាមេរិក ​កំពុង​រៀបចំ​ផែនការ​​បើក​ការិយាល័យ​មួយ​នៅ​ទីក្រុង​​តូក្យូ ​ដែល​ជា​ការិយា​ល័យ​​ដំបូង​គេ​បង្អស់​​នៅ​អាស៊ី ​ដើម្បី​ជំរុញ​ភាព​ងាយស្រួល​ដល់​ការ​ពិគ្រោះ​យោបល់នៅ​ក្នុង​​តំបន់​ ប៉ុន្តែ​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​​បង្ហាញ​ជំហរ​ជំទាស់​នឹង​ផែនការ​នេះ។

កាល​ទើបនឹង​លើក​ឡើង​អំពី​ផែនការ​​នេះ​ដំបូង ​ប្រទេស​ចិន ​បាន​សម្ដែង​ការមិន​ពេញចិត្ត ​ដោយ​អះ​អាងថា តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ​មិន​ស្វាគមន៍​ក្រុម​ប្រទេស ​​ដែល​​ចង់តែ​ប្រឈម​មុខ​ដាក់គ្នា​ជា​ក្រុម​​នោះទេ ​ហើយ​ ចិន​ បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន​ ប្រុង​ប្រយ័ត្ន​បន្ថែម​លើ​បញ្ហា​សន្តិសុខ​យោធា ​ដោយសារតែ​ជប៉ុន ​មាន​ប្រវត្តិសាស្ត្រ​ឈ្លានពាន​ប្រទេស​គេ​ដទៃ។


កាសែត ​Nikkei​ បាន​បញ្ជាក់​បន្ថែម​ថា អង្គការ​ណា​តូ​នឹង​ខិតខំ​កសាង​ទំនាក់ទំនង​ឱ្យ​បាន​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​ដៃគូធំៗចំនួន​ ៤ ​របស់​ខ្លួន​នៅ​តំបន់​ប៉ាស៊ីហ្វិក រួម​មាន​អូស្ត្រាលី​ ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង។ ​

អង្គការ​សម្ព័ន្ធភាព​មួយ​នេះ​កំពុង​ធ្វើ​ការ​លើ​ការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​នីមួយៗ​ ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូចជា សន្តិសុខ​តាម​អ៊ីនធឺណិត និង​សន្តិសុខ​នៅលើ​លម្ហអាកាស។


ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេសជប៉ុន​កាលពី​ខែ​មករា​ ប្រធាន​អង្គការណា​តូ​ លោក ចេ​នស៍ ស្តូ​ល​ថិន​បឺក (Jens Stoltenberg)​ បាន​សន្យា​ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ លោក ​ហ្វូមី​អូ គី​ស៊ី​ដា (Fumio Kishida) ថា ​នឹង​ពង្រឹង​ទំនាក់ទំនង​​ភាគី​ទាំង២ ​ដើម្បី​រួមគ្នា​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ ដោយ​លោក​បាន​លើក​ឡើង​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន និង​ឥទ្ធិពល​យោធា​របស់​ចិន​​ដែល​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់។

អ្នក​នាំពាក្យ​ផ្នែក​អគ្គនាយកដ្ឋាន​កិច្ចការ​បរទេស​ និង​ពាណិជ្ជ​កម្ម​របស់​ណា​តូ និយាយថា៖«ប្រទេស​អូស្ត្រាលី​​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ថែម​ទៀត​ទៅលើ​ការរៀបចំ​ភាពជា​ដៃគូ​ក្នុង​តំបន់»។

លោក​បន្តថា៖​«ប្រទេស​ដែលជា​ដៃគូ​របស់​អង្គការ​ណា​តូ​ទាំងអស់ នឹង​ប្តូរ​ទៅ​កម្មវិធី​ភាពជា​ដៃគូ​ដែល​តម្រូវ​តាម​លក្ខណពិសេស​របស់​ប្រទេស​នីមួយ​ៗ​ នៅពេល​ដែល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​បច្ចុប្បន្ន​របស់​ពួកគេ​ត្រូវ​បាន​ផុត​កំណត់»។

​​លោក គី​ស៊ីដា ​ក៏គ្រោង​​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​នៅក្នុង​ប្រទេស​លី​ទុយ​អា​នី​ក្នុង​ខែ​កក្កដា​ខាងមុខនេះ​ផងដែរ៕