រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីនកែន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងចំនួន ២ ថ្ងៃ គឺថ្ងៃអាទិត្យនិងថ្ងៃចន្ទ ដែលជាទស្សនកិច្ចដ៏កម្រ ដែលក្រុមមន្ត្រីការទូតសង្ឃឹមថា នឹងសម្រេចបានផ្លែផ្កាសំខាន់ៗផ្សេងៗ ចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ធ្លាក់ចុះដុនដាបយ៉ាងខ្លាំងក្រោយផ្ទុះសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការបង្កើនទំនាក់ទំនងជាន់ខ្ពស់របស់អាមេរិកជាមួយតៃវ៉ាន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ប្ល៊ីនកែន បានលើកគម្រោងកាលពីខែកុម្ភៈម្តងរួចហើយ ក្រោយពីមានភាពចម្រូងចម្រាសការទូតជុំវិញករណីបាឡុង «ចារកម្ម» ចិន អណ្ដែតលើដែនអាកាសរបស់អាមេរិក។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលើកនេះ ត្រូវគេមើលឃើញថា នឹងក្លាយជាដំណើរការទូតល្អបំផុតរបស់សហរដ្ឋអាមេរិក មកកាន់ប្រទេសចិន ចាប់តាំងពីប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២១។
ក្នុងទស្សនកិច្ចរយៈពេល២ថ្ងៃ ចន្លោះពីថ្ងៃអាទិត្យថ្ងៃចន្ទនេះលោក ប្ល៊ីនកែន រំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីង កាង អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី ហើយប្រហែលជាអាចនឹងជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនភីងផង ដោយមហាអំណាចលេខ ១ នេះនឹងបន្តពិភាក្សាជាមួយភាគីចិនលើបញ្ហាបង្កើតបណ្តាញទំនាក់ទំនងបើកចំហ និងយូរអង្វែង ក្នុងការធានាថាការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងប្រទេសទាំង ២ នឹងមិនក្លាយទៅជាជម្លោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលចុះចាក់សាំងនៅទីក្រុងតូក្យូមុនចេញដំណើរបន្តទៅក្រុងប៉េកាំងថា៖ «មានការទទួលស្គាល់ពីភាគីទាំង ២ ថា យើងចាំបាច់ត្រូវមានបណ្តាញទំនាក់ទំនងកម្រិតខ្ពស់»។
មន្ត្រីដែលរ៉យទ័រមិនបានបញ្ជាក់អត្តសញ្ញាណដដែលបន្តថា៖ «យើងស្ថិតនៅត្រង់ចំណុចសំខាន់មួយនៃទំនាក់ទំនង ដែលខ្ញុំគិតថាការកាត់បន្ថយហានិភ័យនៃការគណនាខុស ឬការបញ្ឈប់ការធ្លាក់ចុះនៃទំនាក់ទំនងដែលមិត្តចិនយើងតែងនិយាយ គឺជាអ្វីដែលសំខាន់»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ចុះដុនដាបខ្លាំងចាប់តាំងពីបញ្ហាសិទ្ធិមនុស្ស ពាណិជ្ជកម្ម និងបញ្ហាតៃវ៉ាន់ ដែលបង្កឱ្យមានការព្រួយបារម្ភថា ចិន និងអាមេរិកអាចនឹងប៉ះទង្គិចគ្នាផ្នែកយោធានៅពេលណាមួយ ប្រសិនបើចិនឈ្លានពានតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធដូចអ្វីដែលរដ្ឋាភិបាលចិនធ្លាប់គំរាមនាពេលកន្លងមក។
មុនពេលចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ លោកប្ល៊ីនកែន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះមានគោលបំណងសំខាន់ចំនួន ៣ រួមមាន ការបង្កើតយន្តការសម្រាប់ការគ្រប់គ្រងវិបត្តិ ការជំរុញផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងការនិយាយគ្នាដោយផ្ទាល់អំពីកង្វល់ពាក់ព័ន្ធ និងការស្វែងរកផ្នែកនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។
យ៉ាងណាមិញ ក្រុមមន្ត្រីការទូតអាមេរិកនិយាយថា វឌ្ឍនភាពសំខាន់ៗចេញពីជំនួបរវាងលោក ប្ល៊ីនកែន និងមន្ត្រីចិន ប្រហែលជាមិនកើតឡើងលើបញ្ហាធំៗនោះទេ ទោះបីជាគោលដៅចម្បងរបស់រដ្ឋមន្ត្រីការបរទេស រួមបញ្ចូលការពិភាក្សាគ្នា «ដោយត្រង់ៗ ដោយផ្ទាល់ និងប្រកបដោយការស្ថាបនា» ក៏ដោយ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក ប្ល៊ីនកែន នាពេលនេះ រំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំទ្វេភាគីបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសមហាយក្សទាំង ២៕