កាលពីថ្ងៃសៅរ៍ ​សប្ដាហ៍មុន ​អំឡុងពេល​បាន​ជួបជា​មួយ​ប្រធានាធិបតីរុស្ស៊ី ​លោក វ្ល៉ាឌីមៀរ ពូទីន នៅទី​ក្រុងសាំង​ពេ​ទឺ បឺគ ​(St. Petersburg) បណ្ដា​មេដឹកនាំ​នៅទ្វីប​អាហ្វ្រិក​ បាន​ជំរុញ​រុស្ស៊ី ឱ្យ​ប្រញាប់​ស្វែង​រក​សន្តិភាព​ជុំវិញ​បញ្ហានៅ​អ៊ុយក្រែន ​ប៉ុន្តែ​មេដឹកនាំ​រុស្ស៊ី​ បាន​ស្តីបន្ទោស​ទីក្រុងកៀវ​ ថា​មិនបានជួយ​បង្កលក្ខណៈ​ឱ្យមាន​កិច្ចភាក្សា​នោះទេ។​​

គួរ​ដឹងដែរថា​ គណៈ​ប្រតិភូ​ជាន់ខ្ពស់​អាហ្វ្រិក​បាន​ធ្វើ​ដំណើរជា​លើក​ដំបូង​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ហើយ​បន្ទាប់​មកក៏​បន្ត​ដំណើរ​ទៅកាន់​ប្រទេសរុស្ស៊ី ​ក្នុង​គោល​បំណង​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​ចូល​ទៅកាន់​តុចរចា។ ​

អ្នកដឹកនាំ​គណៈ​ប្រតិភូ​គឺ​ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ លោក​ ស៊ីរីល​ រ៉ាម៉ាហ្វូស្សា ​(Cyril Ramaphosa)​ ហើយ​លោក​បាន​អំពាវនាវ​ដល់​ភាគី​ទាំង២ ​បញ្ចប់​សង្រ្គាម។​


ជាការ​ឆ្លើយតប​ លោក ​ពូទីន ​បានរំឭកឡើងវិញ​នូវ​គោល​ជំហរ​របស់​វិមានក្រឹមឡាំង ​ពោលគឺ​ទីក្រុងម៉ូស្គូ​ បើក​ចំហ​ជា​និច្ច​សម្រាប់​ការ​សន្ទនាជា​​មួយ​អ៊ុយក្រែន ​ប៉ុន្តែ​ថា​ទីក្រុងកៀវ​ ទៅវិញទេ​ដែល​បដិសេធ​មិន​ព្រមចរចា។​​

លោក ពូទីន ​បញ្ជាក់ថា ​៖ «យើង​សប្បាយ​ចិត្ត​ដែល​សម្ព័ន្ធ​មិត្ត​អាហ្វ្រិក​ ទាំងអស់​ ប្រកាន់​ជំហរ​នៅក​ណ្ដាល​ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន។


យើង​បើក​ចំហជា​និច្ច​ចំពោះ​ការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​ជា​មួយ​បណ្ដា​ប្រទេស​ទាំងអស់ ​ដែល​ចង់​បាន​សន្តិភាព​ដោយ​ផ្អែក​លើ​គោលការណ៍​យុត្តិធម៌ ​និង​ការ​គិតគូរ​​ពី​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ភាគី​នានា»។​

​​​

រហូត​មកទល់​ពេលនេះ ​រុស្ស៊ី​ ចង់​ឱ្យ​ ​មានការ​ទទួល​ស្គាល់​ទឹកដី​ដែល​ខ្លួន​បាន​ដាក់​បញ្ចូល ឬ​វាយ​កាន់កាប់​បាន ​ដែល​វាគឺរឿង​ដែលមិន​អាច​ទទួលយក​បាន​សម្រាប់​អ៊ុយ​ក្រែននោះទេ។​ ចាប់​តាំង​ពីផ្ទុះ​សង្គ្រាម​មក​ ប្រទេស​ជាច្រើន​នៅទ្វីប​អាហ្រ្វិក​ បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​សារ​សង្រ្គាម​នៅ​អ៊ុយក្រែន​ ជាពិសេស​រងគ្រោះ​ដោយ​សារការ​កើន​ឡើង​នៃ​តម្លៃ​គ្រាប់​ធញ្ញជាតិ។

យ៉ាងណា​ក៏ដោយ ​លោក ​ពូទីន ​បាន​អះអាងថា ​ភាព​ចលាចល​នៅក្នុង​ទីផ្សារ​អាហារ​ពិភពលោក​ គឺជា​កំហុស​នៃ​គោលនយោបាយ​របស់​ប្រទេស​លោក​ខាងលិច ​មិនមែន​ជា​ផលវិបាក​នៃ​សង្រ្គាម​នៅ​អ៊ុយក្រែននោះទេ។ ​គួរ​រំលេច​ថា ប្រធា នា​ធិបតី​រុស្ស៊ី​ ត្រូវ​បាន​លោក​ខាងលិច​ទុក​ឱ្យ​ នៅ​ឯកោ ​ដោយ​សារ​ទង្វើ​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ និង​ដោយ​លោក​ពូទីន​ត្រូវ​ទទួល​រង​នូវ​ដីកា​ចាប់ខ្លួន​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ​(ICC) ​ដោយ​ចោទ​ប្រកាន់​ពី​បទ​និរទេស​កុមារ​អ៊ុយ​ក្រែន​ទៅកាន់​ប្រទេស​រុស្ស៊ី​។​

រីឯ​ប្រធានាធិបតី​អ៊ុយក្រែន ​លោក ​វ៉ុលឌីមៀរ​ ហ្សេលេនស្គី ​(VolodymyrZelenskyy) ​វិញ ​បាន​បដិសេធ​ចំពោះ​ការ​លើ​កឡើង​នៅក្នុង​កិច្ច​ពិភាក្សានោះ។​គួរ​បញ្ជាក់ថា ​គណៈ​ប្រតិភូ​អាហ្រ្វ៊ិក​ទាំងនោះ​ រួមមាន​មេដឹកនាំ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ សំ​ប៊ី​ កូម័រ​​ កុងហ្គោ ​ប្រេសហ្សាវីល​ អេហ្ស៊ីប​ សេណេហ្គាល់​ និង​អ៊ូហ្គង់ដា។ ពួកគេបាន​ទៅបំ​ពេញទស្សន​កិច្ចនៅ​ទី​ក្រុងកៀវ​ កាល​ពី​ថ្ងៃសុក្រ​ដើម្បី​ចូលជួប​ជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន ​លោក ​ហ្សេលេនស្គី ​ផងដែរ។​

លោក ​ហ្សេលេនស្គី ​បាន​ច្រាន​ចោល​គោល​បំណងចង់​បាន​ការ​ចរចា​សន្តិភាព​ជា​មួយរុស្ស៊ី ​ដោយបាន​ដាក់​លក្ខខណ្ឌ​ថា ​លុះ​ត្រាតែ​កងទ័ព​របស់ទី​ក្រុងម៉ូស្គូ​ដកខ្លួន​ចេញពី​ទឹកដី​ប្រទេស​របស់ខ្លួន។ ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ស​ន្និ​សីទ​សារព័ត៌​មាន​មួយថា ​៖ «ថ្ងៃនេះ ​ខ្ញុំ​បាន​និយាយ​យ៉ាង​ច្បាស់ម្តង​ហើយម្តងទៀត​នៅក្នុងកិច្ច​ប្រជុំថា​ ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ចរចា​ណាមួយ​ជា​មួយ​រុស្ស៊ី​កើតឡើង​ភាគី​រុស្ស៊ី​ត្រូវ​បញ្ឈប់​សង្រ្គាម ​បញ្ឈប់​ការ​វាយធ្វើបាប​យើងទៀត»។​​

យ៉ាង​ណាក៏ដោយ ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ​លោក ​ឌីមីទ្រី ​ប៉េស្កូវ​ (Dmitry Peskov)​បាន​និយាយថា​ មេដឹក​នាំអា ហ្វ្រិក​ទាំងនោះ ​មិន​បាន​នាំ​សារ​ណា​មួយ​ពី​ប្រធានា​ធិបតី​អ៊ុយក្រែន​ទៅកាន់​កិច្ច​ប្រជុំ​រយៈពេល​៣​ម៉ោង​របស់​ពួកគេ​ជា​មួយ​លោក ​ពូទីន ​នោះទេ។ ​គួរដឹងដែរថា ​បណ្តា​ប្រទេស​លោកខាងលិច ​តែងតែ​បាន​រិះគន់​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ចំពោះ​ការ​មិន​បាន​បង្ហាញ​ជំហរ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន​៕