​បន្ទាប់ពី​ការ​លាក់​ការណ៍​យ៉ាងយូរ​រហូតដល់​ជិត​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​​ ២​ ថ្ងៃ របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​អាន​តូ​នី ប្ល៊ី​ន​កែន (Anthony Blinken)​ ទៅកាន់​ទីក្រុង​ប៉េកាំង ទីបំផុត​ប្រមុខ​ការទូត​អាមេរិក បាន​ជួប​ប្រមុខ​ដឹកនាំ​ដ៏​មានអំណាច​បំផុត​របស់​ចិន​ដើម្បី​បន្ធូរ​ភាព​តានតឹង​ដែល​កើតឡើង​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ជិត​ ៥​ ឆ្នាំ​។​

​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​មហាអំណាច​ទាំង​ ២ ​បាន​កំណត់ពេល​ជួបគ្នា​នៅ​ម៉ោង​ ៤ និង​ ៣០ ​នាទី​រសៀល​នៅ​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២៣ ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ ២ ​ថ្ងៃ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទៅកាន់​ប្រទេស​ចិន​។

​យោងតាម​ការចេញផ្សាយ​របស់ CNBC មុន​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង លោក អាន​តូ​នី ប្ល៊ី​ន​កែន បាន​ជួប​ជា​បន្តបន្ទាប់​មន្ត្រី​ជាន់​​ខ្ពស់​ចិន រួមមាន​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក Qin Gang កាលពី​ថ្ងៃអាទិត្យ និង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ប្រមុខ​ការទូត​អាមេរិក​បាន​ជួបពិភាក្សា​ជាមួយ​លោក វ៉ាង យី ប្រធានការិយាល័យ​បក្ស​កុម្មុយនីស្ត​ចិន​។


​ដំណើរ​កម្សាន្ត​របស់លោក ប្ល៊ី​ន​កែន ធ្វើឱ្យ​លោក​ក្លាយជា​មន្ត្រីជាន់ខ្ពស់​អាមេរិក​ដំបូង​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់តាំងពី​លោក ចូ បៃ​ដិ​ន (Joe Biden) បាន​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដំបូង​គេ​ដែល​បានធ្វើ​ដំណើរ​ក្នុង​រយៈពេល​ជិត​ ៥ ​ឆ្នាំ ​ដែលជា​រយៈពេល​នៃ​ភាព​តានតឹង​កំពូល​បានកើត​ឡើង​រវាង​ប្រទេស​ទាំង ​២​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក ប្ល៊ី​ន​កែន មាន​៖ «​ការពិភាក្សា​ដោយស្មោះ​ត្រង់ ជាក់ស្តែង និង​ប្រកប​ដោយ​ការស្ថាបនា​» ជាមួយ​សម​ភាគី​លោក Qin Gang​។​


​លោក​បានលើកឡើង​ពី​ការ​ព្រួយបារម្ភ ក៏ដូចជា​ «​ឱកាស​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​» ហើយ​លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការទំនាក់ទំនង​បើកចំហ​។​

​សេចក្តីថ្លែងការណ៍​នោះបាន​លើកឡើង​ដែរ​ថា​៖ «​លោក​រដ្ឋ​មន្ត្រី​បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​នឹង​តែងតែ​ក្រោកឈរឡើង​ដើម្បី​ផល​ប្រយោជន៍ និង​តម្លៃ​របស់​ប្រជាជន​អាមេរិក ហើយ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួន ដើម្បី​ជំរុញ​ចក្ខុវិស័យ​របស់​យើង​សម្រាប់​ពិភពលោក​ដែលមាន​សេរីភាព បើកចំហ និង​រក្សា​សណ្តាប់ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់​អន្តរជាតិ​»​។​

​សហរដ្ឋអាមេរិក​មិន​ភ្លេច​ទេ​ក្នុងការ​អញ្ជើញ រដ្ឋមន្ត្រីការបរទេស​ចិន លោក Qin Gang ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ការពិភាក្សា ហើយ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ក៏បាន​អះអាងថា ភាគី​ទាំង​ ២ ​បាន​យល់ព្រម​កំណត់ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ «​ពេលវេលា​សមស្រប​ទៅវិញទៅមក​»​។

​តាមពិត​ផែនការ​ធ្វើដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចិន​ដំបូង​របស់លោក​ប្ល៊ី​ន​កែន​ត្រូវបាន​រៀបចំឡើង​សម្រាប់​ខែ​កុម្ភៈ​ដើមឆ្នាំ​នេះ ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ ជុំ​វិញ​ជម្លោះ​លើ​ករណី​ «​បា​ឡុង​ហោះ​» ដែលជា​ការចោទប្រកាន់​ថា ជា​ចារកម្ម​​ចិន ត្រូវបាន​បង្ហោះ​លើ​ដែន​អាកាស​សហរដ្ឋអាមេរិក​។​

​មានការ​រំពឹងទុក​ថា ទំនាក់​ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង ​២ នឹង​ងើបឡើង​ប្រសើរ​ឡើងវិញ​ខ្លះ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់លោក​ប្ល៊ី​ន​កែន ដែល​លោក​ក៏​បញ្ចូល​ការជួប​ជាមួយ​អ្នក​ធុរកិច្ច​អាមេរិក​ក្នុង​វិស័យ​ជាច្រើន​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​ចិន​។

​កាលពី​ខែសីហា ឆ្នាំមុន ប្រ​​ទេស​ទាំង​ ២ ​ស្ទើរតែ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ​ទៅហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូង​ចម្រាស​របស់​អតីត​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ដែល​ចិន​ចោទថា អាមេរិក​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដោយសារ​ចិន​ប្រកាន់ទុក​ថា​ដែនដី​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន​។

​ទោះបី​សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ទីក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​ចិន​រួមមាន​តៃវ៉ាន់ ប៉ុន្តែ​អាមេរិក​នៅតែ​ជា​ដៃគូ​សំខាន់​របស់​តៃវ៉ាន់​៕