កាលពីថ្ងៃអង្គារ​ ក្រសួងអប់រំ​កូរ៉េ​ខាងត្បូង ​បាន​លើក​ឡើងថា​ ប្រទេស​កូរ៉េខាងត្បូង ​នឹង​លុប​សំណួរ​ពិបាក​ខ្លាំង ដែល​គេ​ហៅថាជា ​«សំណួរ​ពិឃាត»ចេ​ញពី​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ ​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​ទៅលើ​សាលាឯកជន​ខ្លាំងជ្រុល។​​

ជារៀងរាល់ឆ្នាំ ​សិស្សា​នុសិស្ស​ជាងកន្លះលាននាក់​ ដែលបាន​ចូលរួម​ធ្វើ​តេស្ដ​សមត្ថភាព​ ឬហៅថា ​ការ​ប្រឡង ​ដែល​មា​ន​រយៈពេល​រហូត​ដល់​ទៅ​ ៩ ​ម៉ោង ​និង​ដែលគេ​ស្គាល់ថា​ជា ​«ស៊ុនអ៊ូ»។ ​

ការប្រឡងនេះ​បានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការ​សម្រេចចិត្ត​របស់​និស្សិត​មហាវិទ្យាល័យ ​អាជីព​ការងារ និង​សូម្បី​តែអ​នាគត​អាពាហ៍ពិពាហ៍​របស់​ពួកគេ។


គួរ​ដឹងដែរ​ថា ការដាក់​បញ្ចូល «​សំណួរ​ពិឃាត»​ គឺជា​សំណួរ​ ដែល​មិន​អាច​ឆ្លើយបាន ​ដោយ​គ្រាន់តែ​ឆ្លងកាត់​ការ​សិក្សា​តាម​កម្មវិធី​សិក្សា​នៅ​សាលារដ្ឋនោះទេ ​ពោលគឺ​ជា​សំណួរ​ដែល​ចង់​ស្វែងរក​ ក៏ដូចជា​បែងចែក​រក​សិស្ស​ពូកែ​កំពូលៗ។​ប៉ុន្តែ ​កត្តា​សំណួរ​ពិឃាតនេះ ​បាននាំឱ្យ​មាន​ការ​កើនឡើង​នៃ​ការ​ចំណាយ​លើការ​អប់រំ​ ដោយ​ឪពុកម្តាយ​ និង​សិស្សបា​ន​ងាកទៅ​រក​មជ្ឈ​មណ្ឌល​បង្រៀន​ឯកជន ​ដែលមាន​តម្លៃ​ថ្លៃ។​


លោក ​លី ជូហូ​ (Lee Ju-ho) ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​និយាយ​កាលពី​ថ្ងៃចន្ទថា៖​ «ខ្ញុំនឹង​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំអាច​ធ្វើបាន​តាម​សមត្ថភាព​របស់ខ្ញុំ​ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ដើម្បីដក​សំណួរនៅខាង​ក្រៅ​ប្រព័ន្ធ​អប់រំ​សាធារណៈ​ចេញ ដើម្បីធ្វើឱ្យ​ការ​ប្រឡង​ក្លាយជា​ការ​សាកល្បង​ដោយ​យុត្តិធម៌​»។​

បន្ថែមលើនេះ ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បន្ត​ធ្វើកំណែ​ទម្រង់ ​ដោយ​បញ្ជាក់​ថា ​ខ្លួន​គាំទ្រ​ការ​លើក​ឡើង​របស់​លោក លី។ ​កន្លងមក​ ការ​ព្យាយាម​ធ្វើការ​លើកំណែ​ទម្រង់នេះ​ ក៏​ធ្លាប់​បាន​ធ្វើដែរ ពោលគឺធ្លាប់​បានព្យាយាម​ដក​សំណួរ​ពិឃាត​ចេញពី​ការ​ប្រឡង​សាកល្បង​កាលពី​ដើមឆ្នាំ ​ប៉ុន្តែ​បាន​បរាជ័យ។​​

សារៈសំខាន់​នៃ​ការ​ធ្វើតេស្ត​សាកល្បងនេះ​បាន​បង្ហាញឱ្យ​ឃើញ​អំពី​ការ​ដាក់ចេញ​វិធានការ​ផ្សេងៗ​ ដោយ​អាជ្ញាធរ​ ដើម្បីធានាថា​គ្មានការ​រំខាន​ណា​មួយកើត​ឡើង ​ដូចជាការ​ផ្អាក​ជើង​ហោះហើរ​ និងការ​ចុះចត​ជា​បណ្តោះ​អាសន្ន​នៅ​អាកាស​យានដ្ឋាន ​ជា​ពិសេសក្នុង​អំឡុង​ពេលធ្វើ​តេស្ត​ស្តាប់​ភាសា​អង់គ្លេស។

សម្ពាធ​ខ្លាំងទៅលើ​សិស្ស​នៅក្នុង​ប្រព័ន្ធ​អប់រំ​ ដែលមាន​ការ​ប្រកួត​ប្រជែងខ្ពស់​របស់​ប្រទេស​កូរ៉េខាងត្បូង ​ត្រូវបាន​ចាត់​ទុ​កថា​ជា​កត្តាចម្បង​ដែល​រួមចំណែក​ដល់​អត្រា​នៃ​ការធ្លាក់​ទឹកចិត្ត​របស់​យុវវ័យ​ និង​ការ​ធ្វើ​អត្តឃាត។​ ហើយ​អត្រាធ្វើ​អត្តឃាត​នៅ​ប្រទេស​កូរ៉េខាងត្បូង ​មាន​កម្រិត​ខ្ពស់​បំផុត​នៅលើ​ពិភព​លោក​។​

លោក លី​ បាន​បញ្ជាក់​បន្ថែមថា​មន្រ្តី​គ្រប់​រូប​គួរតែឆ្លុះ​បញ្ចាំងពី​ខ្លួនឯង ឱ្យ​បានច្រើន ​ជា​ពិសេស​ការ​បរាជ័យ​កន្លងមក​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំបាក​នៃ​ការ​ធ្វើតេស្តនេះ ​ដែល​លោក​បាន​ហៅថា​ភាព​លំបាក​នៃ​ការ​ធ្វើតេស្តថា​ ជាកម្លាំង​ជំរុញនៅ​ពី​ក្រោយ​ការ​រីកចម្រើន​វិស័យ​អប់រំឯកជន។​លោក​បាន​បន្ថែម​ថា «ខណៈ​ដែល​រដ្ឋាភិបាល​ឈរ​នៅ​ស្ងៀម ហោប៉ៅ​របស់​សាលា​ឯកជន​កំពុង​ធាត់​ខ្លាំង»។

កាលពីឆ្នាំមុន​ នៅ​ប្រទេស​កូរ៉េខាងត្បូង ​ក្នុង ​១ ​គ្រួសារ​ បាន​ចំណាយ​ប្រាក់ជាង​ ២០ ប៊ីលានដុល្លារ​អាមេរិក​ លើការ​អប់រំឯកជន​ សម្រាប់​សិស្ស​បឋម​សិក្សា ម​ធ្យម ​និង​វិទ្យាល័យ។​នេះបើយោង​តាមស្ថិតិ​របស់​កូរ៉េខាង​ត្បូង​ ផ្ទាល់។​ តួលេខ​នេះ​ បើយើង​គិត​ជា​ការ​ចំណាយ​ជា​មធ្យម​ប្រចាំខែនោះ​គឺ​ គ្រួសារ​មួយ​ត្រូវ​ចំណាយ​ចំនួន​ ៣២០ ​ដុល្លារ​អាមេរិក​ក្នុង​សិស្ស​ម្នាក់​៕​