​សហរដ្ឋ​អាមេរិក​ គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ក្នុង​សប្តាហ៍​នេះ​លើ​បណ្ដា​ធនាគារ​រដ្ឋ​របស់​មីយ៉ាន់ម៉ា​ ដើម្បី​កាត់​ផ្តាច់​ហិរញ្ញ​វត្ថុ​ដល់​របប​យោធា​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​រ៉យទ័រ​ ​ដែល​​ស្រង់​សម្ដីប្រភព​មិន​បញ្ចេញ​ឈ្មោះ​​ដឹង​អំពី​ព័ត៌មាន​នេះ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​។

ការ​​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២០​ ខែ​មិថុនា​ បាន​​ឱ្យ​ដឹង​ថា​​ សហរដ្ឋ​អាមេរិក​ នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ធនាគារពាណិជ្ជកម្ម​បរទេសមីយ៉ាន់ម៉ា​​ ធនាគារ​វិនិយោគ​​មីយ៉ាន់ម៉ា​ និង​ពា​ណិជ្ជកម្ម​មីយ៉ាន់ម៉ា​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នា​ថ្ងៃ​ពុធ​នេះ​។រ៉យទ័រ​ បាន​បញ្ជាក់​ការ​ចុះ​ផ្សាយ​នេះ​ ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​២​រូប​ ខណៈ​​​ស្ថានទូត​​អាមេរិក​​ប្រចាំ​​ប្រទេស​​ថៃ​ ​មិន​​បាន​​ឆ្លើយ​​តប​​ភ្លាម​ៗ​យ៉ាង​ណា​ ​ចំពោះ​​សំណើ​​សុំ​​ការ​​អត្ថាធិប្បាយ​នោះ​​ទេ។​​

គួរ​រំឭក​​ថា​ សហរដ្ឋ​អាមេរិក ​និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​ បាន​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​លើក​ទៅ​លើ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ ចាប់​តាំង​រដ្ឋប្រហារយោធា​ដណ្ដើម​អំណាច​ក្នុង​ឆ្នាំ​ ២០២១​ ដែល​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី​ អ៊ុងសានស៊ូជី​ និង​បង្ក​ជា​ភាព​ចលាចល​ និង​អំពើ​ហិង្សា​ដោយ​បង្ហូរ​ឈាម​ ទូទាំង​ប្រទេស​​រហូត​មក​ទល់​ពេល​នេះ​។ ​


​​ជុំ​វិញ​ព័ត៌មាន​ចុង​ក្រោយ​នេះ​ អ្ន​​ក​​​​​​នាំ​ពាក្យ​​រដ្ឋាភិបាល​​យោធា​​មីយ៉ាន់ម៉ាលោក​Zaw Min Tun ​ ​បាន​​និ​យា​យប្រាប់​បណ្តាញ​​ព័ត៌មាន​រដ្ឋ​មីយ៉ាន់ម៉ា​MWD កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​​​ថា​ ​ខ្លួន​​មិន​​មាន​​ការ​​ព្រួយ​​បារម្ភ​​អំពី​​ទ​ណ្ឌកម្ម​​ថ្មី​​ណា​​មួយ​នោះ​ទេ​​។ ​​លោក​បន្ត​ថា​ ប្រទេស​នេះ​ធ្លាប់​មាន​បទ​ពិសោធន៍​ដាក់​ទណ្ឌកម្ម​ពី​មុន​មក​ ហើ​យ​មីយ៉ាន់ម៉ា​​នឹង​មិន​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ទេ​ ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ធនាគារ​រដ្ឋ​របស់​ខ្លួន​។ ​

លោកZaw Min Tun ​ ​​បាន​​និយាយ​ទៀត​​​ថា​ សហរដ្ឋ​​អាមេរិក​​គ្រាន់​​​តែ​​ធ្វើ​​បែប​​នេះ​ ​ដើម្បី​​បង្ក​​ការ​​លំបាក​​ក្នុង​​សេដ្ឋកិច្ច​ និង​​នយោបាយ​ តែ​ប៉ុណ្ណោះ​។


យ៉ាង​ណា​មិញកាល​ពី​ថ្ងៃ​អង្គារ​ សារព័ត៌មាន​​ថៃ​Bangkok Business News ​បាន​រាយការណ៍​ដោយ​ដក​ស្រង់​ប្រភព​ថៃ​ដែល​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រដ្ឋ​មីយ៉ាន់ម៉ា​ នឹង​ប៉ះ​ពាល់​​ផ្នែក​ហិរញ្ញ​វត្ថុ​​ដល់​ប្រទេស​ថៃ​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ ​ដោយ​សារ​តែ​ការ​តភ្ជាប់​នៃ​ទំនាក់​ទំនង​រវាង​បណ្ដា​ធនាគារ​​៕