​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេសជិតខាង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ហៅ​កាត់​អាស៊ាន ត្រូវតែ​ពិចារណា​លើ​ការដាក់​វិធានការ​ណាមួយ ដើម្បីឱ្យ​ក្រុម​យោធា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ទទួលខុសត្រូវ ខណៈពេលដែល​វិធានការ​​​ ៥ ចំណុច​ដែល​បាន​ដាក់ចេញ​កន្លងមក​ដែលមាន​មេដឹកនាំ​យោធា​ចូលរួម​ផង មិន​ត្រូវបាន​អនុវត្ត​ដើម្បី​កែលម្អ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ទេ​។

​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា លោក ថូ​ម៉ាស អាន់ ឌ្រូ ​(Thomas Andrews) បាន​និយាយថា ក្រុម​ប្រទេស​នៅក្នុង​តំបន់​នេះ​ហាក់​កំពុង​ជាប់គាំង​មិនដឹង​ពី​របៀប​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​បន្ត​កើត​មាននៅ​ប្រទេស​មី​យ៉ាន់​ម៉ា​សោះ​។​

​លោក ថូ​ម៉ាស បាន​ថ្លែងថា​៖​ «​សមាគម អាស៊ាន​មិនត្រូវ​ចូល​ដៃ​ចូល​ជើង​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ទេ ព្រោះថា​មេដឹកនាំ​យោធា​នេះ មិនបាន​អនុវត្ត​ផែនការ​សន្តិភាព​ទាំង​ ៥ ​ចំណុច​ដែល​បាន​ព្រមព្រៀងគ្នា​រវាង​មេដឹកនាំ​យោធា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន បន្ទាប់ពី​ខ្លួន​បាន​ដណ្តើម​អំណាច​ដោយ​ប្រើ​រដ្ឋប្រហារ កាលពី​ឆ្នាំ​ ២០២១»​។​


​លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារ​​ព័ត៌មាន​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​ថា​៖ «​វា​ដល់ពេល​ហើយ​ដែល​ត្រូវ​ស្វែងរក​វិធី​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​ដ៏​គ្រោះថ្នាក់​នេះ​»​។​

​លោក​បាន​បន្ថែមថា​៖ «​អាស៊ាន​ត្រូវតែ​ពិចារណា​លើ​ការបង្កើត​វិធានការ​ដាក់បន្ទុក​លើរ​បប​យោធា​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ការមិន​យក​ចិត្ត​ទុកដាក់​លើ​ការអនុវត្ត​ផែនការ​សន្តិភាព​ទាំង​៥​ចំណុច​ដែល​បានដាក់​ចេញ​»​។​


​ផែនការ​សន្តិភាព​ទាំង ៥ ​ចំណុច​នោះ រួមមាន ការបញ្ឈប់​ជាបន្ទាន់​រាល់​អំពើ​អរិភាព ការអនុញ្ញាតឱ្យ​ក្រុមការងារ​មនុស្ស​ធម៌​ចូលទៅ​ក្នុងប្រទេស​ប្រកបដោយ​សុវត្ថិភាព និង​កិច្ចសន្ទនា​ជា​បរិ​យា​ប័ន្ន​ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​នៅក្នុង​ប្រទេស ដែល​កំពុង​រងគ្រោះ​ដោយសារ​ជម្លោះផ្ទៃក្នុង ជាដើម​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំមុន កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន បានចេញ​សេចក្ដី​ព្រមាន​ដល់​របប​យោធា​មី​យ៉ាន់​ម៉ា​ហើយ​បានទាមទារ​ឱ្យមាន​សូចនាករ​ជាក់ស្តែង​និង​អាច​វាស់វែង​បាន​ជាមួយនឹង​ការ​កំណត់​ពេលវេលា​ជាក់លាក់​មួយ​ក្នុងការ​អនុវត្ត​ចំណុច​ទាំង​ ៥​ នោះ​។ ប៉ុន្តែ​ការខកចិត្ត​ក៏បាន​កើតមានឡើង ដោយ​មេដឹកនាំ​យោធា​បាន​បើក​ការវាយលុក​ទៅលើ​គូប្រជែង​ជា​បន្តបន្ទាប់​។​

​របប​យោធា​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​ដឹកនាំ​ប្រទេស​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២១៕