ទីភ្នាក់ងារ​សារព័ត៌មាន​ AFP បាន​រាយការណ៍​​ថា​​ ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​​១​គ្រឿង​ បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​​ទីក្រុង​ដាណាង​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អាទិត្យ​​​​​ទី​​​ ២៥​​ ខែ​​មិថុនា​​ ​​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ទីក្រុង​ហាណូយ​បាន​តវ៉ា​ប្រឆាំង​នឹង​នាវា និង​ទូក​​របស់​ចិន​ ​ចំពោះ​​ប្រតិបត្តិការ​​ក្នុង​ដែន​ទឹក​របស់​ខ្លួន​។​

ដំណើរការ​ចុះ​ចត​នៅ​​​កំពង់ផែ​​ក្រុង​ដាណាង​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​​USS Ronald Reagan នា​ពេល​នេះ​ ​​ធ្វើ​ឡើង ​​ខណៈ​​សហរដ្ឋ​អាមេរិក​ និង​វៀតណាម​ ប្រារព្ធ​ខួប​លើក​ទី​ ១០​ នៃ​ «​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោ​យ​»​ ដោយ​ប្រទេស​ទាំង​២​ បាន​ចែក​រំលែក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កាន់​តែ​ជិត​ស្និទ្ធ​ ក៏​ដូច​ជា​ការ​ព្រួយ​បារម្ភ​អំពីការ​រីក​សាយភាព​អំណាច​របស់​ចិន​នៅ​ក្នុង​តំបន់។

​គេ​មើល​ឃើញ​ថា​ ទំនាក់​ទំនង​រវាង​ចិន​ និង​វៀតណាម​ មាន​ភាព​តានតឹង​ ក្នុងមួយ​​រយៈ​ពេល​​​ចុង​ក្រោយ​នេះ​។​​ នាវាដែល​បម្រើ​ឱ្យ​ការ​​ស្ទង់​មតិ​​ កប៉ាល់​ឆ្មាំ​ឆ្នេរ​សមុទ្រ​​ និង​​ទូក​នេសាទ​ជា​ច្រើន​របស់​ចិន​ បាន​ដំណើរ​ការ​ជា​ច្រើន​សប្តាហ៍​នៅ​​ក្នុង​​តំបន់​​សេដ្ឋកិច្ច​​ផ្តាច់​មុខ​របស់​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ធ្វើ​​ឱ្យ​មាន​ការ​ទាម​ទារ​ពី​ក្រសួង​ការបរទេស​វៀតណាម​ ឱ្យ​ចិន​ដក​យាន​លើ​ទឹក​ទាំង​អស់​នេះ​ចេញ​ ដោយ​នៅ​ទី​​បំផុត​ ចិន​ក៏​ដក​ទូក​ទាំង​នោះ​ចេញ​វិញ​នា​​ដើម​ខែ​មិថុនា​។ ​​


​បេក្ខជន​បណ្ឌិត​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកលវិទ្យាល័យ​ New South Wales Canberra ​​លោក​ ​Nguyen The Phuong បាន​ថ្លែង​ប្រាប់​ AFP ​ថា៖​«​ដំណើរ​ទស្សនកិច្ច ​​[របស់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​]​ ផ្តល់​សារ​ថា​ វៀតណាម​កំពុង​បន្ត​ធ្វើ​ឱ្យ​មាន​តុល្យភាព​ប្រឆាំង​នឹង​ប្រទេស​ចិន​ ដោយ​ការ​កែ​លម្អ​ទំនាក់​ទំនង​សន្តិសុខ​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ជាមួយ​មហា​អំណាច​ខាង​ក្រៅ​ផ្សេង​ទៀត​»។ ​

គួរ​រំឭក​ថា​ កាល​ពី​ខែ​មុខ​ នាវា​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទីក្រុ​ង​ដាណាដ​ដូច​គ្នា​ ខណៈ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​​នាវា​ចម្បាំង​ដ៏​ធំបំផុត​របស់​ប្រទេស​ជប៉ុន​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅកំពង់ផែ​នៃ​​ទីក្រុង​​Cam Ranh​ដែល​ជា​ទីក្រុង​មួយ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​។ ​


​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេ​ស​វៀតណាម​​ លោក​ Pham Thu Hang ​បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ ការ​ចុះ​តាម​កំពង់​ផែ​វៀតណាម​ដូច្នេះ​ គឺ​ជា​​​ការ​ផ្លាស់​ប្តូរ​មិត្តភាព​ជា​ធម្មតា​សម្រាប់ «​​​សន្តិភាព ​ស្ថិរភាព​ និង​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​ និង​លើ​​ពិភព​លោក»​។ ​លោក​បន្ត​ថា​ ទំនាក់​ទំនង​ទ្វេភាគី​ដ៏​រឹង​មាំ​រវាង​សហរដ្ឋ​អាមេរិក​ និង​វៀតណាម​​គឺ​ជា​គន្លឹះ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ ប្រសិន​បើ​ខ្លួន​ចង់​រក្សា​អំណាច​លេច​ធ្លោ​នៅ​ក្នុង​តំបន់​។​​

កាល​ពី​ខែ​មេសា​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អ៊ែនថូនី​ ប្ល៊ីងកែន​ ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​​នៅ​ទីក្រុង​ហាណូយ​ ​ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លោក​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​២​៕