មេដឹកនាំ​បេឡា​រុស លោក អេ​ឡិច​ហ្សេ​ន​ឌើ​រ លូ​ខា​ហ្សិ​ន​កូ (Alexander Lukashenko)​​ ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ស្រោច​ស្រង់​ស្ថានការណ៍​នៅ​រុស្ស៊ី​ឱ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ ដែល​ហៀបនឹង​បង្ហូរឈាម​រវាង​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល និង​កងទ័ព​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ឈានដល់​ថ្ងៃ​សៅរ៍​។

​ការ​ចល័ត​កងកម្លាំង​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​សំដៅទៅ​រដ្ឋធានី​ម៉ូស្គូ​ដែល​នៅសល់​ប្រមាណ​ ២០០​ គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ កើតមានឡើង​ក្រោយ​ការចោទប្រកាន់​ពី​មេ​ដឹក​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី វ៉ា​ក់​នើ​រ (Wagner) ដឹកនាំ​ដោយ លោក យ៉េ​វ​ហ្គេ​នី ប្រ៊ី​ហ្គោ​ហ្ស៊ី​ន ដែលជា​មិត្ត​ជិតស្និទ្ធ​រយៈពេល​ ២០ ​ឆ្នាំ​របស់​លោកពូ​ទីន មានទំនាស់​ពាក្យសម្តី​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​រុស្ស៊ី និង​ទាមទារ​ឱ្យ​មានការ​ផ្តាស់​ប្តូរ​ក្បាលម៉ាស៊ីន​កងទ័ព​រុស្ស៊ី​។ លើសពីនេះ​ទាហាន​ស៊ីឈ្នួល​នោះបាន​ដណ្តើមបាន​មូលដ្ឋានទ័ព​យ៉ាងហោច​ ២​ កន្លែង​នៅ​ទី​ក្រុង Rostov កាន់កាប់​អាវុធ និង​មធ្យោបាយ​សឹក​ជាច្រើន​។

​តាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន Mint មាន​មូល​ដ្ឋា​ន​នៅ​ប្រទេស​បេឡា​រុស ក្រោយ​ប្រធានាធិបតី​បេឡា​រុស​ធ្វើជា​អ្នកសម្របសម្រួល​ការចរចា​ជាមួយ​វិមាន​ក្រឹម​ឡាំង​ឱ្យ​ទម្លាក់​បទ​ចោទ​នានា​ប្រឆាំង​មេដឹកនាំ​ក្រុម​និង​ពួក​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី មេទាហាន​ស៊ីឈ្នួល​លោក យ៉េ​វ​ហ្គេ​នី ប្រ៊ី​ហ្គោ​ហ្ស៊ី​ន បាន​យល់ព្រម​ដក​កងទ័ព​ថ​យ ហើយ លោក​ត្រូវ​ទៅកាន់​ប្រទេស​បេឡា​រុស​។


​ក្រោយពី​បង្កចលាចល​ផ្អើល​នៅ​ទូទាំង​ពិភពលោក ទាហាន​ស៊ីឈ្នួល​កាលពី​ថ្ងៃ​សៅរ៍​បាន​ដកថយ​ចេញពី​មូលដ្ឋានរ​បស់ទ័ព​រុស្ស៊ី​ដែល​ខ្លួន​ដណ្តើម​កាន់​កាប់​បាន​នៅ​ទីក្រុង Rostov-on-Don ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី​។

​ទីបញ្ជាការ​យោធា​រុស្ស៊ី​នៅ​ទីក្រុង Rostov គឺជា​គន្លឹះ​ក្នុង​ប្រតិបត្តិ​ការឈ្លានពាន​រប​ស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។


​ក្រោយ​ជម្លោះ​នេះ សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​រុស្ស៊ី​នឹងធ្វើ​កិច្ចសន្យា​ជាមួយ​ទាហាន​ស៊ីឈ្នួល​ដែល​មិនបាន​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​សកម្មភាព​ចល័ត​ទ័ព​ដោយ​បញ្ចូល​ពួកគេ​ទៅក្នុង​ការ​គ្រប់​​គ្រង​របស់ខ្លួន​ចាប់ពី​ថ្ងៃទី ​១ ខែកក្កដា​ខាងមុខនេះ​។

​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​បានចាប់ផ្តើម​ប្រឆាំងនឹង​លោក ប្រ៊ី​ហ្គោ​ហ្ស៊ី​ន​សម្រាប់​ការបះបោរ​ប្រដាប់អាវុធ​នឹង​ត្រូវបាន​ទម្លាក់ ហើយ​អ្នក​ប្រយុទ្ធ​វ៉ា​ក់​នើ​រ ដែល​បាន​ចូលរួម​ក្នុង ​«​ការប្រឆាំង​ដើម្បី​យុត្តិធម៌​» ​របស់គាត់​នឹងមិន​ប្រឈមមុខ​នឹង​សកម្មភាព​ណាមួយ​ឡើយ នៅក្នុង​ការ​ទទួលស្គាល់​ការផ្តល់សេវា​ពីមុន​រប​ស់​ពួកគេ​ទៅកាន់​ប្រទេស​រុស្ស៊ី​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov)​។​

​លោក ប្រ៊ី​ហ្គោ​ហ្ស៊ី​ន បានប្រកាសថា ខណៈពេលដែល​កងកម្លាំង​របស់គាត់​មាន​ចម្ងាយ​ត្រឹមតែ ២០០ ​គីឡូម៉ែត្រ (១២០ ម៉ា​យ​) ពី​ទីក្រុង​ម៉ូស្គូ លោក​បាន​សម្រេចចិត្ត​ដកថយ​ដើម្បី​ចៀសវាង ​«​ការ​បង្ហូរឈាម​រុស្ស៊ី​»​។ ទាហាន​ស៊ីឈ្នួល​របស់លោក ត្រូវបាន​បញ្ជា​ឱ្យ​ដកថយ​ទៅកាន់​ជំរំ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​វិញ​ជាទី​ដែល​ពួកគេ​រួម​ប្រយុទ្ធ​កង​ទ័ព​រុស្ស៊ី​ជាប្រចាំ​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បានចេញ​សារ​វីដេអូ​មួយ​ដោយបាន​លើកឡើងថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន មានការ​ភ័យខ្លាច​និង​លាក់ខ្លួន​បន្ទាប់ពី​ការ​បះ​បោរ​ប្រដាប់អាវុធ​នេះ​៕