​នា​ថ្ងៃអាទិត្យ​ទី​​ ២៥ ខែមិថុនា​ឆ្នាំ ​២០២៣ កាសែត Yomiuri របស់​ជប៉ុន​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​មិន​បញ្ចេញ​ឈ្មោះ​ម្នា​ក់ថា យោធា​ជប៉ុន​កំពុង​សាកល្បង​សេវា​អ៊ីន​ធឺ​ណិ​ត​ផ្កាយរណប Starlink របស់ Elon Musk និង​កំពុង​ពិចារណា​ដើម្បី​ទទួលយក​សេវា​កម្មនេះ​ជា​ផ្លូវការ​ចាប់ពី​ខែមេសា ឆ្នាំ​​ ២០២៤ ​ខាងមុខនេះ​។​

​កាសែត Yomiuri បាន​និយាយថា ក្រសួងការពារជាតិ​មាន​សិទ្ធិ​ចូល​ប្រើប្រាស់​ផ្កាយ​រណប​ទំនាក់ទំនង​នេះ​រួចហើយ​នៅក្នុង​គន្លង​ភូមិសាស្ត្រ​របស់ខ្លួន​ក៏ប៉ុន្តែ​ការប្រើប្រាស់​បច្ចេក​​វិទ្យា Starlink ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន SpaceX របស់ Musk ប្រៀបដូចជា​ការបន្ថែម​ផ្កាយរណប​នៅក្នុង​គន្លង​ផែនដី​ទាប​កាន់តែ​ច្រើនឡើង​។​

​ទោះយ៉ាងណា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ក៏​កំពុង​ស្វះ​​ស្វែងរក​មធ្យោបាយ​ដូចៗ​គ្នា ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​​រាំងស្ទះ​ការទំនាក់ទំនង​ឬ​ការវាយប្រហារ​លើ​ផ្កាយរណប​ក្នុងករណី​មាន​ជម្លោះ​។​


​កាសែត​ដដែល​នេះ​បាន​និយាយថា កងកម្លាំង​ស្វ័យ​ការពារ​របស់​ប្រទេស​ជប៉ុន​ បានធ្វើ​តេស្ត Starlink សម្រាប់​កងកម្លាំង​ជើងគោក កងកម្លាំង​​ជើង​ទឹក និង​កងកម្លាំង​ដែន​អាកាស​របស់ខ្លួន​ចាប់តាំងពី​ខែមីនា​កន្លងមក ដោយ​ការដាក់​ពង្រាយ​ប្រព័ន្ធ​នេះ​ទៅលើ​ទីតាំង​ចំនួន​ ១០​ រួមទាំង​មានការ​ហ្វឹកហាត់​ផងដែរ​។​

​យ៉ាងណា មកទល់ពេលនេះ​គេ​មិនទាន់​អាច​សុំ​ការ​អត្ថា​ធិ​ប្បាយ​ជុំវិញ​របាយការណ៍​នេះ​បានឡើយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ដោយសារ​ជា​ពេលវេលា​ក្រៅ​ម៉ោង​ធ្វើការ​។​


​កាសែត Yomiuri បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​កំពុង​ប្រើ​ប្រាស់​ផ្កាយរណប X-band របស់​ជប៉ុន​ផ្ទាល់​ចំនួន​ ២​។​

​ប្រទេស​ជប៉ុន​បានបង្ហាញ​ផែនការ​បង្កើន​សន្តិសុខ​ជាតិ​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​ការបង្កើន​សមត្ថភាព​ក្នុង​វិស័យ​យោធា រួមទាំង​ការចំណាយ​កើនឡើង និង​ការបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​យោធា​ជាមួយ​តំបន់​និង​ពិភពលោក​។​

​កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មិ​អូ គី​ស៊ី​ដា (Fumio Kishida) បាន​បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​របស់លោក​ឱ្យ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ដល់ ២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​ ២០២៧ ដែលជា​ការកើនឡើង​ខ្ពស់​មិន​ធ្លាប់មាន ដោយ​ជប៉ុន​កម្រិត​ការចំណាយ​លើ​វិស័យ​យោធា​ប្រហែល ​១% ប៉ុណ្ណោះ​។

​ជប៉ុន​បានធ្វើ​ទំនើបកម្ម​ក្នុង​កម្មវិធី​យុទ្ធសាស្ត្រ​ការពារជាតិ និង​សន្តិសុខ ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​ពី​ប្រទេស​ចិន ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​

​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា ​Starlink កំពុង​ត្រូវបាន​ដាក់ពង្រាយ​សម្រាប់​អ៊ុយ​ក្រែ​ន​នៅលើ​សមរ​ភូមិ ខណៈ​រុស្ស៊ី​កំពុង​ព្យាយាម​រារាំង​កុំឱ្យ​បច្ចេកវិទ្យា​នេះ​មាននៅ​ក្នុង​តំបន់​របស់ខ្លួន​៕