យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន The Nation ​របស់​ថៃ សាកល​វិទ្យាល័យ​ថៃ​កំពុង​ជួប​ការ​លំបាក​ដោយសារ​តែ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ទាប​ ដែល​ទាក់​ទង​នឹង​ការថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​​អត្រា​កំណើត​ថ្មី​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

អ្នក​ជំនាញ​ផ្នែក​អប់រំ​នៃ​ប្រទេស​នេះ​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​អត្រា​កំណើត​នេះ​ក៏​នឹង​នាំ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អប់រំ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

លោក ​Arnond​ Sakworawich ​ប្រធាន​ផ្នែក​វិភាគ​អាជីវកម្ម​ និង​កម្មវិធី​​តាមដាន​ នៃ​មហាវិទ្យាល័យ​ស្ថិតិ​អនុវត្ត (Applied Statistics) ​នៃ​វិទ្យាស្ថានជាតិ​គ្រប់គ្រង​ការ​អភិវឌ្ឍន៍​ (Nida) បាន​កត់​សម្គាល់​ថា សាកលវិទ្យាល័យ​ថៃ​ភាគច្រើន​មិន​អាច​បំពេញ​តាម​គោលដៅ​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ទេ។


លោក​បាន​មាន​ប្រសាសន៍​ថា ​សាកល​វិទ្យាល័យ​រដ្ឋ និង​ឯកជន​ជា​ច្រើន​បាន​រៀបចំ​វគ្គ​ចូល​រៀន​ពី ៣ ​ទៅ ​៥ ជុំ ប៉ុន្តែ​នៅតែ​មិន​បាន​បំពេញ​កៅអី​ទាំងអស់។

ទីផ្សារ​ឧត្តម​សិក្សា​របស់​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​កម្រិត​តិចតួច ដោយ​មាន​សាកលវិទ្យាល័យ​ពី ២០០​ទៅ ៣០០​ ទទួល​សិស្ស​តិច​ជាង​សមត្ថភាព​ប្រចាំ​ឆ្នាំ​របស់​ពួកគេ។


ក្រៅ​ពី​នេះ​ មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៃ​ចំនួន​កំណើត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​សាម​សិប​ឆ្នាំ​មុន​ ប្រទេស​ថៃ​មាន​កំណើត​ជាង​មួយ​លាន​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ពាក់​កណ្តាល​មក​ត្រឹម​ ៥០ម៉ឺន -ទៅ​៦០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។

ប្រទេស​ថៃ​បាន​ចុះ​បញ្ជី​កំណើត​ចំនួន ​៥៤៤ ពាន់​នាក់​ ក្នុងឆ្នាំ ២០២១​ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប្រាំ​មួយ​ទសវត្សរ៍។

នៅ​ឆ្នាំ​ ២០០៥​ ប្រទេស​នេះ​បាន​ចាប់ផ្តើម​ក្លាយ​ជា​សង្គម​មនុស្ស​ចាស់ ​ហើយ​បាន​ក្លាយ​ទៅ​ជា​សង្គម​មនុស្ស​ចាស់​ពេញ​លក្ខណៈ​នៅ​ឆ្នាំ ​២០២២​។ បន្ទាប់​មក​ស្ថិតិ​បាន​បង្ហាញ​ថា​ចំនួន​មនុស្ស​ចាស់​បាន​កើន​ឡើង​ដល់ ១២ ១១៦ ១១៩ នាក់ ស្មើនឹង ១៨,៣​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ប្រហែល ៧០ លាន​នាក់។

នៅ​ឆ្នាំ​ ២០២៧​ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​សង្គម​វ័យ​ចំណាស់​មួយ​ក្នុង​កម្រិត​មួយ​ដែល​ស្រដៀង​ទៅ​នឹង​ប្រទេស​ជប៉ុន​ដែល​មាន​ចំនួន​មនុស្ស​ចាស់​មាន​ចំនួន​ ២៨​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប។

អត្រា​កំណើត​មាន​កម្រិត​ទាប​ណាស់ ដោយ​មាន​ចំនួន​ប្រជាជន​កើន​ឡើង​តែ ០,១៨ ភាគរយ​ប៉ុណ្ណោះ​ពី​កំណើត​ថ្មី។

លោក ​ Arnond បាន​និយាយ​ថា ​​នៅ​ពេល​ដែល​ចំនួន​និស្សិត​​ថៃ​ចូល​រៀន​កម្រិត​សកល​វិទ្យាល័យ ​បន្ត​ធ្លាក់​ចុះ វា​ច្បាស់​ណាស់​ថា ​​មាន​ផល​ប៉ះពាល់​ដល់​​ប្រព័ន្ធ​អប់រំ​ថៃ​​ទាំងមូល។​

សាកលវិទ្យាល័យ​រដ្ឋ​និង​ឯកជន​ប្រហែលប្រឈម​ដើម្បី​បន្ត​រស់រាន​​ក្នុង​រយៈពេល​៥ឆ្នាំ​ប្រសើរ​ពួកគេ​មិន​​សម្រប ប្រហែល​ជា​ឈាន​ទៅ​រក​ការ​ច្របាច់បញ្ចូល​គ្នា ឬក៏បិទ​តែម្តង៕