
ចិន បង្ហាញឆន្ទៈចង់បង្កើនកិច្ចសហប្រតិបត្តិការយោធា កាន់តែជិតស្និទ្ធិជាមួយវៀតណាម។ AFP
អំឡុងពេលជួបជាមួយសមភាគីវៀតណាម រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានលើកឡើងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងយោធារបស់ភាគីទាំងពីរ។
ក្រសួងការពារជាតិចិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក លី បានថ្លែងថា ស្ថានភាពអន្តរជាតិមានភាពស្មុគ្រស្មាញ និងប្រទាក់ក្រឡាគ្នា ហើយសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ។
លោក លី បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ផាន់ វ៉ាន ហ្គ៊ាង ថា «ចិន និងវៀតណាម គួរតែបន្តធ្វើការរួមសហការគ្នា និងរួបរួមក្នុងដំណើរសង្គមនិយមថ្មីមួយដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
លោក លីបានប្រាប់ទៅកាន់លោក ផាន់ ថា ទំនាក់ទំនងរវាងយោធារបស់ពួកគេបានវិវត្តទៅមុខយ៉ាងល្អ។ លោកបានបន្ថែមថា យោធារបស់ចិនចង់ធ្វើការជំរុញទំនាក់ទំនងនេះ ទៅមុខមួយកម្រិតបន្ថែមទៀត។ គួរដឹងដែរថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំងពីរ បានធ្វើឡើងបន្ទាប់ពីនាវាអាមេរិកប្រភេទ USS Ronald Reagan បានចតឈប់នៅកំពង់ផែវៀតណាម ក្នុងទីក្រុង ដាណាង (Danang)កាលពីថ្ងៃអាទិត្យ។ ហើយនេះគឺជាលើកទីបីហើយដែលនាវាផ្ទុកយន្តហោះអាមេរិកបានមកទស្សនកិច្ចនៅវៀតណាម រាប់ចាប់តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់ទៅ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអាមេរិកនេះផងដែរ ធ្វើឡើងចំពេលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក នៅតំបន់សមុទ្រចិនខាងត្បូង កំពុងកើនឡើងខ្លាំង។ គួរដឹងដែរថា ប្រទេសចិន បាននិងកំពុងទាមទារតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយមហាអំណាចទាំងពីរក៏កំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដែលសម្បូរធនធាននេះផងដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក លី បានជួបជាមួយមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសអាហ្វ្រ៊ិកខាងត្បូង និងមេទ័ពរបស់ប្រទេសថៃ ផងដែរ ប៉ុន្តែលោកមិនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin)នោះទេ។ទាំងលោក លី និង អូស្ទីន បានចូលរួមកិច្ចប្រជុំកំពូលសន្តិសុខនៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនាដូចគ្នា ប៉ុន្តែលោក លី បានបដិសេធការស្នើសុំជួបរបស់ភាគីអាមេរិកអំឡុងថ្ងៃនៃកិច្ចប្រជុំនោះ។
គួរបញ្ជាក់ថា លោក លី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិចិន កាលពីខែមីនា កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់លោកថា បានទិញអាវុធពីក្រុមហ៊ុននាំចេញអាវុធដ៏ធំបំផុតរបស់រុស្ស៊ី កាលពីឆ្នាំ២០១៧។ ចិន បានឱ្យដឹងថា ខ្លួនចង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មនេះចេញ ដើម្បីសម្រួលដល់ជំនួបពិភាក្សារវាងភាគីទាំងពីរ។
រហូតមកទល់ពេលនេះ ភាពតានតឹងកំពុងកើតមានកាន់តែក្តៅគគុកនៅតំបន់សមុទ្រចិនខាងត្បូង ដែលជាកន្លែងដែលប្រទេសជាច្រើន បាននិងកំពុងទាមទារតំបន់កាន់កាប់ត្រួតស៊ីគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមួយចំនួនក៏ធ្លាប់បានធ្វើសមយុទ្ធយោធានៅក្នុងដែនទឹករបស់ខ្លួនផងដែរ។ ការណ៍នេះបានធ្វើឱ្យប្រទេសនៅក្នុងតំបន់ដែលមានទំនាក់ទំនងយោធាជាមួយចិន និងអាមេរិក កំពុងត្រូវបានសហគមន៍អន្តរជាតិឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។
កាលពីខែសីហា ឆ្នាំមុន ទីក្រុងប៉េកាំង បានបិទបណ្តាញទំនាក់ទំនងយោធាសំខាន់ៗចំនួនបីជាមួយសហរដ្ឋអាមេរិក ដោយបានអះអាងថា ការធ្វើបែបនេះគឺជាការបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះដំណើរទស្សនកិច្ចដែលធ្វើឡើងដោយប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi)ទៅកាន់កោះតៃវ៉ាន់៕