ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើ​ការថ្លែង​អំណរ​គុណ​ទៅកាន់​កងកម្លាំង​របស់​លោក និងអង្គភាព​សន្តិសុខ​រុស្ស៊ី ដែលបាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធានការ​ផ្សេងៗ ​យ៉ាងមាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សង្គ្រាម​ស៊ីវិល​មិនឱ្យ​ផ្ទុះឡើង​ នៅក្នុង​ប្រទេស​ កាលពី​ចុង​សប្តាហ៍ ដោយពួកគេ​ត្រូវប្រឈម​មុខនឹង​ការបះបោរ​ប្រដាប់​អាវុធ​ដោយ​ទាហាន​ស៊ីឈ្នួល ​ដែលបាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ទី​ក្រុងម៉ូស្គូ។​

កាលពីថ្ងៃ​ទី២៧ ខែមិថុនា​ លោក ពូទីន បានថ្លែង​នៅទីលានមួយ​ក្នុង​វិមាន​ក្រឹមឡាំង ទៅកាន់​សមាជិក​យោធា កងកម្លាំង​សន្តិសុខ​ និងឆ្នាំ​ជាតិ សរុប​ប្រមាណ ២៥០០ នាក់ ដែលពួកគេ​បានជួយ​សង្គ្រោះ​ប្រទេស​រុស្ស៊ី​ពីការធ្លាក់​ចូលទៅក្នុង​ភាពចលាចល។ ​

លោក ពូទីន បានលើកឡើង​ថា «អ្នកបាន​ការពារ​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ ជីវិត​មនុស្ស សន្តិសុខ និងសេរីភាព​របស់ប្រជាពលរដ្ឋ​យើង។ អ្នកបាន​សង្រ្គោះ​មាតុភូមិ​របស់យើង​ពី​ភាពចលាចល។ តាមពិតទៅ អ្នកបាន​បញ្ឈប់​សង្រ្គាម​ស៊ីវិលមិនឱ្យ​កើតមាន​ឡើង»។ លោកបានបន្ថែម​ថា «នៅក្នុង​ស្ថានភាព​ដ៏លំបាក​នេះ អ្នកបាន​សាមគ្គីគ្នា ធ្វើ​សកម្មភាព​យ៉ាងអស្ចារ្យ ហើយអ្នក​បានបង្ហាញ​ពីភាព​ស្មោះត្រង់​របស់អ្នក​ចំពោះ​ប្រជាជន​រុស្ស៊ី ស្របទៅ តាម​ពាក្យ​សម្បថយោធា។ អ្នកបាន​បង្ហាញ​ការទទួលខុសត្រូវ​របស់អ្នក​ចំពោះ​ជោគ​វាសនា​នៃមាតុភូមិ​របស់​យើង និងអនាគត​របស់​យើង»។​


ដោយឡែក វិមាន​ក្រឹមឡាំង​ បានអះអាង ​កាលពី​ថ្ងៃអង្គារ​ថា ខ្លួន​មិនយល់ស្រប​ទៅនឹង​អ្វី ​ដែលអ្នក​មួយ​ចំនួន​បាន​លើកឡើង​ថា ការបះបោរ​របស់​ក្រុមទាហាន​ស៊ីឈ្នួល បានធ្វើ​ឱ្យ​រង្គោះរង្គើ​ដំណែង​របស់​លោក ពូទីន និងភាពជា​អ្នកដឹកនាំរបស់​លោក។​

វិមាន​ក្រឹមឡាំង​ បានពណ៌នា​អំពី​មេដឹកនាំ​រុស្ស៊ី​របស់​ខ្លួន ដែលបាន​ឡើងកាន់​អំណាច​ជាប្រធានាធិបតី​ចាប់តាំង​ពី​ឆ្នាំ១៩៩៩ ថា លោកបាន​ធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ឈ្លាសវៃ ដើម្បី​ជៀសវាង​ការកើតឡើង ​នូវ​ព្រឹត្តិ ការណ៍​​ដ៏អាក្រក់ណាមួយ ពោល​គឺលោក ពូទីន បានបង្ក​ឱ្យ​មានការចរចា​កើតឡើង ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​សនិ្តភាព​មួយ និងរួចផុត​ពីការប្រើប្រាស់​អំពើ​ហិង្សា។​


កាលពី​ថ្ងៃអង្គារ លោក ពូទីន បានប្រកាស​ទៅកាន់​ហ្វូងមនុស្ស​ ដែលបាន​ប្រមូលផ្តុំគ្នា​នៅទីលាន​វិហារ​នៃ​វិមាន​ក្រឹមឡាំងថា អ្នកបើក​យន្តហោះ​យោធា​រុស្ស៊ី​ជាច្រើន​នាក់​បានបាត់បង់​ជីវិត ដោយសារតែ​ពួកគេ​បានព្យាយាម​បញ្ឈប់​សកម្មភាពរបស់​ក្រុម​បះបោរ។ គួរដឹងដែរ​ថា ក្រុម​ទាហាន​បះបោរ​ទាំងនោះ ​បាន​ព្យាយាមទម្លាក់​មេដឹកនាំ​យោធា​កំពូល​រុស្ស៊ី​ចេញពីដំណែង ​ដោយសារតែ​បានចោទ​ប្រកាន់​ថា​ពួកគេ​គ្មាន​សមត្ថភាព និងមាន​អំពើ​ពុករលួយ។​

លោក​ ពូទីន បានបញ្ជាក់​ថា «អាកាស​យានិក​បានបាត់បង់​ជីវិត​ដោយសារតែ​បានប្រឈម​មុខ​ជាមួយ​ពួក​ក្រុម​បះបោរ។​ពួកគេ​មិនបាន​ធ្វេសប្រហែសនោះ​ទេ ប៉ុន្តែពួកគេ​បាន​អនុវត្ត​តាម​បញ្ជា និង​កាតព្វកិច្ចរបស់​យោធាប្រកប​ដោយ​កិត្តិយសបំផុត​»​។បន្ទាប់មក លោក ពូទីន បាន​សុំឱ្យ​ទាំងអស់គ្នា​រក្សា​ភាពស្ងៀមស្ងាត់​មួយ​នាទី ដើម្បី​គោរព​ដល់​អាកាស​យានិកដែលបាន​ស្លាប់​ទាំងនោះ។​

ជាការកត់​សម្គាល់ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក ស៊ាហ្គៃ សូវហ្គូ (Sergei Shoigu) ក៏មាន​វត្តមាន​នៅទីលាន​នោះផងដែរ។ អំឡុងពេល​នោះ លោក ពូទីន បានធានា​ថា បញ្ជាការដ្ឋាន​សំខាន់ៗ និងតំបន់​សំខាន់ៗ ជាពិសេស​តំបន់​ព្រំដែន គឺ​ត្រូវបាន​ការពារ​យ៉ាងយកចិត្ត​ទុកដាក់​ក្នុងអំឡុងពេល​មានការ​បះបោរ។ ​​

លោកបាន​មានប្រសាសន៍​បន្ថែម​ថា «ការដាក់​ពង្រាយ​កងកម្លាំង​បាន​យ៉ាង​ឆាប់រហ័ស និងអង្គភាព​អនុវត្ត​ច្បាប់​បានត្រឹមត្រូវ បានធ្វើ​ឱ្យ​យើងអាច​បញ្ឈប់​ការវិវត្ត​ស្ថានការណ៍​ដ៏គ្រោះថ្នាក់​នៅក្នុង​ប្រទេស និងទប់ស្កាត់​ការប្រយុទ្ធគ្នា​ឈានដល់​មានការ​បាត់បង់​ជីវិត និងរបួស​នៃ​ប្រជាជន​ស៊ីវិល»។ បន្ទាប់​ពីលោក​បានថ្លែង​ចប់ភ្លេង​ជាតិ​រុស្ស៊ី​ដែល​ជា​ភ្លេង​ដូច​គ្នាទៅនឹង​ភ្លេង​សម័យ​សូវៀត​ត្រូវ​បាន​បន្លឺ​ឡើង៕​