ធនាគារពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តថវិកាចំនួន ៧០០ លានដុល្លារ ជាជំនួយផ្នែកថវិកា និងសុខុមាលភាពសម្រាប់ស្រីលង្កាដែលជាការផ្តល់មូលនិធិដ៏ធំបំផុតសម្រាប់ប្រទេសដែលរងគ្រោះដោយវិបត្តិផ្សេងៗគ្នាមួយនេះ រាប់ចាប់តាំងការសម្រេចបានកិច្ចព្រមព្រៀងផ្ដល់ជំនួយសេដ្ឋកិច្ចពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្នុងជំនួយទើបអនុម័តថ្មីនេះ ថវិកាប្រហែល ៥០០ លានដុល្លារ នឹងត្រូវបែងចែកសម្រាប់ការគាំទ្រផ្នែកថវិការបស់ប្រទេស ខណៈ ២០០ លានដុល្លារទៀត នឹងត្រូវទុកសម្រាប់ការគាំទ្រផ្នែកសុខុមាលភាពជូនអ្នកដែលរងគ្រោះខ្លាំងបំផុតដោយសារវិបត្តិ។
នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំប្រទេសស្រីលង្កា លោក Faris Hadad-Zervos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «តាមរយៈវិធីសាស្រ្តជាដំណាក់កាលៗ យុទ្ធសាស្រ្តធនាគារពិភពលោកផ្តោតលើស្ថិរភាពសេដ្ឋកិច្ចដំបូង កំណែទម្រង់រចនាសម្ព័ន្ធ និងការការពារជនក្រីក្រ និងងាយរងគ្រោះ»។ លោកបន្តថា៖ «ប្រសិនបើមាននិរន្តរភាព កំណែទម្រង់ទាំងនេះអាចធ្វើឲ្យប្រទេសត្រឡប់ទៅលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតងមានភាពធន់ និងប្រកបដោយការរួមបញ្ចូល វិញ»។
គួរបញ្ជាក់ថា ស្រីលង្កាបានប្រឈមមុខជាមួយនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតចាប់តាំងពីឯករាជ្យភាពពីអង់គ្លេសក្នុងឆ្នាំ ១៩៤៨បន្ទាប់ពីតម្លៃរូបិយប័ណ្ណរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត ហើយធ្លាក់ខ្លួនសងបំណុលបរទេសមិនរួចជាលើកដំបូងកាលពីឆ្នាំមុន ចំពេលដែលវិបត្តិនយោបាយផ្ទុះឡើង។
កាលពីខែមីនា IMF បានអនុម័តថវិកាសង្គ្រោះសេដ្ឋកិច្ចជិត ៣ ប៊ីលានដុល្លារ ដើម្បីសម្រួលដែលធ្វើឱ្យស្រីលង្ការំពឹងថា ការផ្ដល់បែបនេះ នឹងបើកផ្លូវសម្រាប់មូលនិធិបន្ថែមរហូតដល់៤ប៊ីលានដុល្លារពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារពហុភាគីផ្សេងទៀត។
ជាមួយគ្នានេះផងដែរ នៅសប្ដាហ៍នេះ ស្រីលង្កាគ្រោងនឹងបញ្ចេញកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលក្នុងស្រុក ដើម្បីជំរុញការដំណើរដោះស្រាយបំណុលរបស់ខ្លួនជាមួយម្ចាស់មូលបត្របំណុល និងម្ចាស់បំណុលទ្វេភាគី រួមមានចិន ជប៉ុន និងឥណ្ឌា ឡើងវិញ៕