កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) អំពី​ការវិវត្ត​ស្ថានភាព​ជុំវិញ​ប្រទេស​អ៊ុយក្រែន និងយុទ្ធសាស្ត្រ​ដែល​ទីក្រុងម៉ូស្គូ​បានដោះស្រាយ​បញ្ហា​ការបះបោរ​ដោយទាហាន​ស៊ីឈ្នួល​ប្រដាប់​អាវុធ​កាលពី​ប៉ុន្មានថ្ងៃមុន។ នេះបើយោង​តាម​ការលើកឡើង​របស់​ទីក្រុង​ក្រឹមឡាំង​ និងទីក្រុង​ញូវដេលី។

ទីក្រុង​ម៉ូស្គូ បានឱ្យដឹង​ថា លោក ម៉ូឌី បានសម្តែង​ការគាំទ្រ​ចំពោះ​ដំណោះស្រាយ​ដែលវិមាន​ក្រឹមឡាំង​បានធ្វើ​ឡើង ពោលគឺ​ការសម្រេច​ចិត្ត​របស់​មេដឹកនាំ​រុស្ស៊ី​ក្នុង​ការដោះស្រាយ​ជាមួយ​ការបះបោរ​ដោយ​ក្រុមទាហាន​ស៊ីឈ្នួល វ៉ែកណឺ (Wagner) កាលពី​ថ្ងៃសៅរ៍ សប្តាហ៍​មុន។

រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​ថា ក្នុង​អំឡុងពេល​សន្ទនា​របស់​ពួកគេ​ទាំងពីរ លោក ពូទីន ដែល​នឹងចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ ស្ដីពី​កិច្ចសហ​ប្រតិបត្តិការ​សៀងហៃ ជាមួយ​លោក ម៉ូឌី នៅថ្ងៃ​អង្គារ​ខាងមុខ​នេះ បានធ្វើ​បច្ចុប្បន្ន​ភាព​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ម៉ូឌី បានដឹង​អំពី​ព្រឹត្តិការណ៍​ដែលបាន​កើតឡើង​ថ្មីៗ​នៅក្នុង​ប្រទេស​រុស្ស៊ី។


ការអំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ម៉ូឌី បានធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នាពេល​ថ្មីៗនេះទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ដែល​ទាំងសហរដ្ឋអាមេរិក និងឥណ្ឌា​បានបង្ហាញ​ពីកិច្ចសហ​ប្រតិបត្តិការ និងភាពជាដៃគូ​យ៉ាងជិតស្និទ្ធ​បំផុតនៅ​ក្នុង​ពិភពលោក។

គួរដឹងដែរ​ថា ឥណ្ឌា​មិនបាន​ថ្កោលទោស​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន ជុំវិញ​ការឈ្លានពាន​ទឹកដី​ប្រទេស​អ៊ុយក្រែន​នោះទេ ហើយ​ឥណ្ឌា​បានជំរុញ​ភាគី​ជម្លោះ​ទាំង​ពីរ ឱ្យដោះស្រាយ​ការខ្វែងគំនិត​គ្នា​តាមរយៈ​ការទូត​វិញ។ លោក ម៉ូឌី បានប្រាប់​លោក ពូទីន កាលពី​ឆ្នាំ​មុន​ថា សម័យ​សព្វថ្ងៃ​នេះមិនមែន​ជាសម័យ​ធ្វើ​សង្រ្គាម​នោះទេ។


ទីក្រុង​ញូវដេលី​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា «ខណៈ​ដែល​កំពុងពិភាក្សា​អំពី​ស្ថានភាព​នៅក្នុងប្រ​ទេស​អ៊ុយក្រែន នាយក​រដ្ឋមន្ត្រី ម៉ូឌី បានរំឭក​ឡើងវិញ នូវការអំពាវនាវ​របស់​លោក​ឱ្យមាន​ការសន្ទនា និងការដោះស្រាយ​តាមរយៈ​ការទូត»។

ដោយឡែក មេបញ្ជាការ​ក្រុម​ទាហាន​ស៊ីឈ្នួល វ៉ែកណឺ របស់​រុស្ស៊ី លោក យ៉េវហ្គេនី ព្រីហ្គោស៊ីន (Yevgeny Prigozhin) បានធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល តាមរយៈ​ការបានដឹកនាំ​ការបះបោរ​ប្រដាប់​អាវុធ​កាលពី​ថ្ងៃសៅរ៍ សប្ដាហ៍មុន។ យ៉ាងណា​ក៏ដោយ លោកបាន​ប្រាប់​ទៅកាន់​ទាហាន​ឱ្យ​ដកថយ​វិញ ខណៈដែលក្រុមយុទ្ធជន​របស់លោក​ទាំងអស់​នោះ បានចូល​ទៅជិត​ទីក្រុង​ម៉ូស្គូ។

យោងតាម​ក្រុម​សន្តិសុខ​ឥណ្ឌា​បានឱ្យដឹង​ថា កាលពីថ្ងៃ​ពុធ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឥណ្ឌា លោក អាជីត ដូវ៉ាល (Ajit Doval) បាននិយាយ​ទៅកាន់​សមភាគី​របស់​លោក​គឺ លោក នីកូឡាយ ផាធ្រូហ្សេវ (Nikolai Patrushev) អំពីបញ្ហា​នៃការបះបោរ​ដែលបាន​បរាជ័យ​នោះ​ផងដែរ។ គួរបញ្ជាក់​ថា ឥណ្ឌា​នៅតែ​ពឹងផ្អែក​ទៅលើ​ទីក្រុ​ងម៉ូស្គូ ជាពិសេស​តម្រូវ​ការការពារជាតិ និងបាន​បង្កើន​ការនាំចូល​ប្រេង​ពី​រុស្ស៊ី​ដែលមាន​តម្លៃ​ថោក​យ៉ាងខ្លាំង ដែលធ្វើឱ្យ​លោកខាងលិចមានការខកចិត្តខ្លាំងផងដែរ៕