តាមសេចក្តី​រាយការណ៍​នានាបាន​ឱ្យ​ដឹងថា មហាយក្ស​​​ចិន​​​ដែល​​ប្រឈម​ការ​​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធនៅ​ ​កំពុង​បញ្ជូន​កប៉ាល់​មន្ទីរពេទ្យ​ដែល​គ្រប់គ្រង​ដោយ​យោធា​ទៅកាន់​ប៉ាស៊ីហ្វិក​ ហើយ​នឹង​ចូល​ចត​​​​ផ្តល់​ការ​ព្យាបាល​​ដល់​ប្រជាពលរដ្ឋ​ទូទៅ​​ នៅ​ប្រទេស​កោះ ​​គី​រី​បាទី តុង​ហ្គា វ៉ា​នូ​អា​ទូ កោះ​សូ​ឡូ​ម៉ុ​ន និង​ទី​ម័​រ​ខាងកើត។

ក្រសួងការពារជាតិ​​ចិន​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​​​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ «នាវា​សន្តិភាព (Peace Art)» ​ដែល​មាន​ទម្ងន់​ ១៤ ៣០០តោន ដែលមាន​ទំហំ​ធំ​ជាង​នាវា​ពិឃាត​​ចិន​ធម្មតា នឹង​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ពលរដ្ឋ​ចិន និង​អ្នករស់នៅ​ក្នុងប្រទេស​​ដែន​កោះ​ដែល​នាវា​​នេះ​ចូល​ទៅ​ចត​ ​ក្នុង​បេសកកម្ម​ដែល​ចិន​ដាក់ឈ្មោះថា «បេសកកម្ម​សុខដុមរ​មនា (Harmony Mission)» លើក​ទី៩ របស់ខ្លួន។

អ្នកនាំពាក្យ​កងទ័ព​ជើងទឹកចិន ​លោក Liu Wensheng បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖​«​នេះ​គឺ​ដើម្បី​បង្ហាញ​រូបភាព​របស់​យើង​ជា​ប្រទេស​​ធំ​មួយ​ដែលមាន​ការទទួលខុសត្រូវ»។​


​តាមសេចក្តី​រាយការណ៍​របស់​រ៉យទ័រ កប៉ាល់នេះ​ត្រូវ​​បាន​គេ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០៨ ហើយ​វា​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជាង ៤០ រួច​មក​ហើយ​​​ក្នុង​រយៈពេល​ជាង​១០ឆ្នាំ​នេះ​​។

ប្រទេស​ចិន​បាននិងកំពុង​កសាង​ទំនាក់ទំនង​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ចំពោះ​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ដែល​បាន​មើលឃើញ​តំបន់​នេះ​ជា​ផ្នែក​នៃ​ឥទ្ធិពល​របស់​ពួកគេ​ជា​យូរ​មកហើយ។


ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​កោះ សូឡូម៉ុន​ក្នុង​ឆ្នាំ ២០២២​ ហើយ​សង្ឃឹមថានឹង​បង្កើត​ទំនាក់ទំនង​ស្រដៀង​គ្នា​ជាមួយ​បណ្តា​ប្រទេស​ប៉ាស៊ីហ្វិក​ផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​បាន​និយាយថា ទំនាក់ទំនង​ជាមួយ​កោះ​អាច​ធ្វើជា​គំរូ។

សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​មូលនិធិ​បី​ដង​សម្រាប់​តំបន់ ហើយ​អាមេរិក​បាន​បើក​ស្ថានទូត​មួយ​នៅ​កោះ​សូឡូម៉ុន ក្នុង​ខែកុម្ភៈ បន្ទាប់ពី​អវត្តមាន​រយៈពេល៣០​ឆ្នាំ។ អាមេរិក​​ក៏​កំពុង​រៀប​ចំ​ផែនការ​ស្ថានទូត​នៅ​ប្រទេស​វ៉ា​នូ​អា​ទូ (Vanuatu) ៕​