ប្រមុខការទូតអ៊ីរ៉ង់ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា និងគោរពសាសនាអ៊ិស្លាមជាសំខាន់នោះ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ បានអះអាងថាខ្លួននឹងមិនបញ្ជូនអគ្គរដ្ឋទូតថ្មីទៅកាន់ប្រទេសស៊ុយអែតទេ បន្ទាប់ពីការដុតគុម្ពីរកូរ៉ាននៅក្រៅវិហារអ៊ិស្លាមក្នុងប្រទេសស៊ុយអែត។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាបដូឡាហៀន (Hossein Amirabdollahian) បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បដិសេធមិនបញ្ជូនឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសស៊ុយអែតទៅទេ ដែលជាការឆ្លើយតបទៅនឹងការដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ិស្លាមក្នុងទីក្រុងស្តុកខុល (Stockholm) កាលពីថ្ងៃពុធសប្តាហ៍មុន។
ក្នុងហេតុការណ៍នោះ បុរសម្នាក់បានហែក និងដុតគម្ពីរកូរ៉ាន់នៅខាងក្រៅវិហារអ៊ិស្លាម ស្ថិតនៅកណ្តាលក្រុងស្តុកខុល ហើយវាក៏ជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកប្រចាំសាសនារបស់ជនជាតិមូស្លីម។
យ៉ាងណាមិញ ប៉ូលិសស៊ុយអែតបានធ្វើការចោទប្រកាន់បុរសដែលបានដុតសៀវភៅគម្ពីរសាសនាអ៊ិស្លាមនោះពីបទញុះញង់ឱ្យមានការស្អប់ប្រឆាំងនឹងក្រុមជនជាតិភាគតិច ឬជាតិសាសន៍ជាក់លាក់មួយ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត បុរសម្នាក់នោះបានប្រាប់ឱ្យដឹងថា ខ្លួនជាជនភៀសខ្លួនមកពីអ៊ីរ៉ង់ និងមានបំណងចង់ឱ្យសៀវភៅគម្ពីរកូរ៉ាននេះត្រូវបានហាមឃាត់មិនឱ្យយកមករៀនសូត្រតាមទេ។
ដោយឡែក ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅតំណាងប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីថ្កោលទោសចំពោះការប្រមាថដល់គម្ពីរកូរ៉ានដែលជាទីសក្ការៈដ៏ពិសិដ្ឋបំផុតរបស់សាសនិកអ៊ិស្លាមនៅទូទាំងពិភពលោក។
លោក អាមីរ៉ាបដូឡាហៀនបានថ្លែងនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា៖ «បើទោះបីជានីតិវិធីរដ្ឋបាលតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសស៊ុយអែត បានធ្វើរួចហើយក៏ដោយ ក៏ដំណើរនៃការបញ្ជូនអ្នកការទូតទៅកាន់ប្រទេសស៊ុយអែត នឹងត្រូវបានបញ្ឈប់ ដោយសាររដ្ឋាភិបាលស៊ុយអែតបានចេញលិខិតអនុញ្ញាតឱ្យមានការប្រមាថដល់គម្ពីរកូរ៉ាន»។
លោកមិនបានបញ្ជាក់ថា តើមានរយៈពេលយូរប៉ុនណាដែលអ៊ីរ៉ង់នឹងបដិសេធមិនបញ្ជូនឯកអគ្គរដ្ឋទូតទៅកាន់ប្រទេសស៊ុយអែត នោះទេ។
កាលពីថ្ងៃពុធ ប៉ូលិសស៊ុយអែតបានអនុញ្ញាតឱ្យមានការធ្វើបាតុកម្ម ដោយទទួលស្គាល់ថា វាអាចនឹងមានផលប៉ះពាល់ផ្នែកគោលនយោបាយការបរទេសខ្លះ ប៉ុន្តែពួកគេបានពិចារណាពីហានិភ័យ និងផលវិបាកផ្នែកសុវត្ថិភាពដែលទាក់ទងនឹងការដុតគម្ពីរកូរ៉ាន៕