យោងតាម​អគ្គលេខាធិការ​អង្គការ​ណាតូ លោក ចេន ស្តុលថេនបឺក (Jens Stoltenberg) បានឱ្យដឹង​ថា កិច្ចព្រមព្រៀង​ស្ដីពី​ការផ្តល់​សច្ចាប័ន​លើការចូល​ជាសមាជិក​អង្គការ​ណាតូ​របស់​ប្រទេស​ស៊ុយអែត ជិតឈាន​ដល់ការ​សម្រេចហើយ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកបាន​លើកឡើង​អំពី​បញ្ហា​នេះ បន្ទាប់ពី​បានជួប​ជាមួយតំណាង​នៃ​ប្រទេស​ស៊ុយអែត តួកគី និងហ្វាំងឡង់ នៅទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធភាព​យោធា​មួយ​នេះ នាទី​ក្រុង​ប្រ៊ុចសែល ប្រទេស​ហែលហ្ស៊ិក។

មេដឹកនាំ​អង្គការ​ណាតូ​រូប​នេះបាននិយាយ​ថា លោកបាន​កោះប្រជុំ​រវាង​ប្រធានាធិបតី​តួកគី លោក រីសេប តាយីប អ៊ែដូហ្កាន (Recep Tayyip Erdogan) និងនាយក​រដ្ឋមន្ត្រី​ស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson) នៅថ្ងៃ​ចន្ទ ទី១០ ក្នុងទី​ក្រុង​វីលនីញូស (Vilnius) ប្រទេស​លីទុយអានី ពោល​គឺមុន​ពេលកិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ណាតូ​ដែលនឹង​ធ្វើ​ឡើងនៅ​ថ្ងៃទី១១ និងទី១២ ខែកក្កដា។

លោក ស្តុលថេនបឺក បានថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា «អ្វីដែល​អាចធ្វើ​ទៅបាន និងអ្វី​ដែលយើង​ទាំងអស់គ្នា​កំពុង​ធ្វើ គឺការសម្រេច​ចិត្ត​ជាវិជ្ជមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល ដែល​ប្រទេស​តួកគី​បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ផ្តល់​សច្ចាប័ន ប៉ុន្តែ​បន្ទាប់​មក​យើង​នៅតែ​មានការងារ​មួយ​ចំនួន​ដែលត្រូវ​ធ្វើ ហើយយើង​កំពុង​ធ្វើ​ការលើ​វា​ឥឡូវ​នេះ»។


លោកបានបន្ត​ថា៖«យើងបាន​មានកិច្ច​ប្រជុំ​តូចមួយ ហើយយើង​កំពុង​ធ្វើការនៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ បន្ទាប់មក ខ្ញុំ​នឹងជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី និងប្រធានាធិបតី​នៅថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ»។ គួរដឹងដែរ​ថា ប្រទេស​ស៊ុយអែត​បានដាក់​ពាក្យ​ស្នើ​សុំ​ចូលជា​សមាជិក​អង្គការ​ណាតូ​ជាមួយ​ប្រទេស​ហ្វាំងឡង់​ភ្លាមៗ​បន្ទាប់ពី​រុស្ស៊ី​បានចូល​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន។

ប៉ុន្តែ​ប្រទេស​តួកគី បានធ្វើ​ការរារាំង​ពាក្យ​ស្នើ​សុំ​របស់​ទីក្រុង​ស្តុកខុល (Stockholm) ដោយចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ទីក្រុង​ស្តុកខុល បានផ្តល់​ជម្រក​ដល់​ភេរវករ​ឃឺដ (Kurdish PKK)។ យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត លោក ថូបៀស បៀកស្ត្រម (Tobias Billström) បានប្រាប់​សារព័ត៌មាន Euronews ថា លោកមាន​ទំនុកចិត្ត​ថា ប្រទេស​របស់​លោក​បាន​បំពេញ​រាល់ការទាមទារ​របស់​ទីក្រុង​អង់ការ៉ា រួចអស់​ហើយ។


លោកបាន​និយាយ​ក្នុងបទ​សម្ភាសន៍មួយ​ថា «ខ្ញុំ​មិនចង់​លម្អិត​ពេកទេ ព្រោះ​កិច្ចប្រជុំ​នេះ​ជាកិច្ចប្រជុំ​បិទទ្វារ ហើយ​យើង​មិនចង់​ជ្រៀតជ្រែក​ទៅក្នុង​រឿងរ៉ាវ​ដែលបាន​លើកឡើង​នៅក្នុង​កិច្ច​ពិភាក្សា​នោះទេ»។ លោកបានបន្ថែម​ថា «ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ជាថ្មី​ម្តងទៀត យើង​ជឿជាក់​ថា​យើងបាន​បំពេញ​តាមការ​សន្យា​របស់​យើង​ទាំងអស់​ហើយ»។

លោកបានបញ្ជាក់​បន្ថែម​ថា៖«ឥឡូវ​នេះ យើង​កំពុងធ្វើ​ការរៀបចំ​ត្រៀមខ្លួន​ឆ្ពោះទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅទីក្រុង​វីលនីញូស នៅសប្តាហ៍​ក្រោយ»។

គួរបញ្ជាក់ផងដែរ​ថា នៅពេល​ដែលកិច្ច​ព្រមព្រៀង​ស្ដីពី​ការចូល​ជាសមាជិក​របស់​ស៊ុយអែត ត្រូវបាន​យល់ព្រម​ពី​សមាជិក​ណាតូ អស់​ហើយ សភា​តួកគី​នឹងត្រូវ​បើកកិច្ច​ប្រជុំ​សភា​ម្ដងទៀត ដើម្បី​ធ្វើការ​ផ្តល់​សច្ចាប័ន​ជាផ្លូវការ​នូវ​សមាជិកភាព​ទៅកាន់​ប្រទេស​ស៊ុយអែត។

គួរកត់​សម្គាល់​ថា រហូត​មកដល់​ពេល​នេះ ហុងគ្រី គឺជា​ប្រទេស​តែមួយ​គត់​ដែលបាន​បដិសេធ​មិនព្រម​ផ្តល់​សច្ចាប័ន​ដូចនឹង​ប្រទេស​តួកគី​ដែរ ប៉ុន្តែ​ហុងគ្រី​បាននិយាយ​ថា ខ្លួន​នឹង​មិនរារាំង​សមាជិកភាព​របស់​ប្រទេស​ស៊ុយអែត​នោះទេ៕​