​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ស៊ុយអែត​ដែល​ស្វែងរក​សមាជិកភាព​អង្គការ​ណា​តូ​ជាមួយ​ប្រទេសជិតខាង​ហ្វាំ​ង​ឡង់ បាន​ជាប់គាំង​មិនអាច​ក្លាយជា​សមាជិក​អង្គការ​ណា​តូ​ពេញសិទ្ធិ​រហូតដល់​ពេលនេះ ខណៈ​អាមេរិក​ដែលជា​មេ​អង្គការ​យោធា​នេះ​បានបង្ហាញ​ជំហរ​គាំទ្រ​ជាថ្មី ប៉ុន្តែ​តួ​ក​គី​ដែល​ជំទាស់​បេក្ខភាព​ស៊ុយអែត​នៅតែ​មិន​គាំ​ទ្រ ខណៈពេលដែល​បាតុកម្ម​ថ្មីៗ​នេះ​បង្ហាញ​សញ្ញា​អាប់អួ​បន្ថែមទៀត​។​

​ការស្វែងរក​ការចូល​ជា​សមាជិក​របស់​ស៊ុយអែត​ទៅក្នុង​អង្គការ​ណា​តូ​កាលពី​ឆ្នាំ​ ​២០២២ ជា​ក្តី​សង្ឃឹមថា អង្គការ​ប្រដាប់​​អាវុធ​សន្តិសុខ​យោធា​ដ៏​ធំ​នេះ​អាច​ការពារ​ខ្លួន​នៅពេល​ណាមួយ​ដែល​រុស្ស៊ី​ឈ្លានពាន​ដូច​ករណី​ដែល​រុស្ស៊ី​ធ្វើ​ទៅលើ​អ៊ុយ​ក្រែ​ន​ដែល​ស្វែងរក​ចូល​ជា​សមាជិក និង​មិនទាន់​ក្លាយជា​សមាជិក​របស់​អង្គការ​ណា​តូ​ហើយ​គ្មាន​ប្រទេស​ណាមួយ​ចូលទៅ​ជួយ​ដូច្នេះ​ដែរ​។

​ខណៈពេលដែល​អង្គការ​ណា​តូ​នឹង​បើក​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ មេដឹកនាំ​ស៊ុយអែត​ដែល​មិន​អស់​ចិត្តនឹង​ការរារាំង​របស់​តួ​ក​គី​លើ​បេក្ខភាព​របស់ខ្លួន បាន​ទៅ​ជួប​មេដឹកនាំ​មួយចំនួន​ដើម្បី​ទទួលបាន​ការគាំទ្រ​ជាថ្មី​នៅ​កិច្ចប្រជុំ​ថ្ងៃទី ​១១ ដល់​ ១២ ​ខែកក្កដា​ខាងមុខនេះ​នៅ​ប្រទេស​​លី​ទុយ​អា​នី​។​


​កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន (Joe Biden) ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson នៅឯ​សេត​វិមាន បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការចូល​របស់​ស៊ុយអែត​ទៅក្នុង​អង្គការ​យោធា​ណា​តូ ខណៈដែល​មានការ​សង្ស័យ​ថា ប្រទេស​តួ​ក​គី​នឹង​ដក​ការប្រឆាំង​របស់ខ្លួន​ទាន់ពេលវេលា​សម្រាប់​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​​មិត្ត​យោធា​នៅ​សប្តាហ៍​ក្រោយ​។​

​ប៉ុន្តែ​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​ពុធ​ដដែល​នេះ​បាន​លើកឡើងថា ប្រធានាធិបតី​តួ​ក​គី​ដែល​ទើប​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី​ ៣ ​របស់ខ្លួន​នៅ​ប្រទេស​តួ​ក​គី​មិនទាន់​បង្ហាញ​សញ្ញា​គាំទ្រ​នោះទេ គ្រាន់​តែមាន​ការលើក​សរសើរ​ខ្លះ​ពី​ការបោះ​ជំហាន​ទៅមុខ​សម្រាប់​ភាពប្រសើរឡើង​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង ​២ ដោយ​ឆ្លើយតប​ទៅ​អ្វីដែល​តួ​ក​គី​ចង់បាន​លើ​ការប្រឆាំង​ក្រុម​ភេរវកម្ម​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។


​ប្រធានាធិបតី​អាមេរិក លោក បៃ​ដិ​ន បាន​និយាយថា លោក​កំពុង​ទន្ទឹងរង់ចាំ​សមាជិកភាព​របស់​ស៊ុយអែត​ដោយ​អន្ទះសា​នៅក្នុង​អង្គការ​ណា​តូ ដែលជា​ពាក្យកាត់​មកពី «​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​»​។

​តាម​សេចក្តីរាយការណ៍​របស់​រ៉​យ​ទ័​រ​នាយករដ្ឋមន្ត្រី ស៊ុយអែត លោក Kristersson បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​ស្ថានទូត​ស៊ុយអែត​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា​៖ «​ប៉ុន្តែ​យើង​ទាំង​ ២ ​ក៏​ដឹង​ដែរ​ថា​មានតែ​ប្រទេស​តួ​ក​គី​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ការសម្រេចចិត្ត​របស់​តួ​ក​គី​»​។​

​ក្នុងអំឡុង​ឆ្នាំ​ ២០២២ ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ​ព្រម​គ្នា ហើយ​មាន​តួ​ក​គី​ដែលជា​សមាជិក​ណា​តូ​ ១ ​គត់ ជំទាស់​នឹង​ការចូល​ជា​សមាជិក​របស់​ប្រទេស​ទាំង​ ២ ​ដោយ​លើក​ហេតុផល​ថា ប្រទេស​ទាំង​ ២ ​នោះ​គាំទ្រ​ក្រុម​ភេរវកម្ម​ដែល​ប្រយុទ្ធ​នៅ​ប្រទេស​ស៊ី​រី និង​វាយប្រហារ​នឹង​កងទ័ព​​តួ​ក​គី​ទៀតផង ដោយ​តួ​ក​គី​ដាក់​លក្ខខណ្ឌ​ទាមទារ​ដល់​ប្រទេស​ទាំង​ ២​។​

​ក្រោយមក​តួ​ក​គី​ក៏បាន​ប្តូរ​ចិត្ត​គាំទ្រ​ប្រទេស​ហ្វាំ​ង​ឡង់​តែ​ ១ ​វិញ ដោយ​ទុក​បេក្ខភាព​ប្រទេស​ស៊ុយអែត​នៅ​តែលតោល​តែម្នាក់ឯង និង​ស្វះ​ស្វែងរក​ការគាំទ្រ​ជា​បន្តទៀត​នៅមុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ណា​តូ​ដែល​បច្ចុប្បន្ន​មាន​៣១​ប្រទេស​គ្រោង​ប្រជុំ​នៅ​សប្តាហ៍​ក្រោយនេះ​៕